កម្ពុជាដំណឹង

២ម៉ឺន​ផោន ៖ មិត្តស្រី​បុរសជាតិ​អង់គ្លេសថា ប្រជាជន​ខ្មែរ​មាន​ចិត្តល្អ​ណាស់

កញ្ញា «Alana Fonseca» មិត្តស្រី​របស់បុរសជាតិអង់គ្លេស ដែលកំពុងរង់ចាំ ប្រាក់រៃ​អង្គាស​ចំនួន ២ម៉ឺន​ផោន ដើម្បីប្រគល់ឲ្យមន្ទីរពេទ្យ នៅកម្ពុជានោះ បានថ្លែង​នៅថ្ងៃ​នេះ​ថា ប្រជាជនខ្មែរ មានទឹកចិត្តល្អណាស់ ហើយថា បុគ្គលិកនៅក្នុងមន្ទីរពេទ្យ ថែរក្សា​មិត្តប្រុស​របស់កញ្ញា បានយ៉ាងល្អ។

លោក «Anthony Igoe» ដែលជាគ្រូបង្រៀន ជាតិអង់គ្លេស (មកពីស្កុតឡេន) ក្នុង​សាលា​ឯកជនមួយ បាន​ចូល​សម្រាក ក្នុង​មន្ទីរពេទ្យ នារាជធានីភ្នំពេញ តាំងពីច្រើន​សប្ដាហ៍​ហើយ បន្ទាប់ពី​បុរស​អាយុ​ ៣១ឆ្នាំរូបនេះ មានជំងឺសួត យ៉ាងធ្ងន់ធ្ងរ។

ស្រង់សំដី ដោយសារព័ត៌មានអង់គ្លេស ឈ្មោះ «Daily Record» កាលពីសប្ដាហ៍មុន កញ្ញា «Alana Fonseca» បានថ្លែងថា៖

«ប្រសិនបើខ្ញុំអាច ខ្ញុំនឹងនាំគាត់ ទៅប្រទេសស្កុតឡែនវិញ ប៉ុន្តែគាត់មិនត្រូវបាន​អនុញ្ញាត ឱ្យជិះយន្ដហោះទេ។ យើងត្រូវបានគេប្រាប់ យ៉ាងជាក់លាក់ថា បើយើង​គ្មាន​ប្រាក់ទូទាត់ទេ វេជ្ជបណ្ឌិត​ក្នុងមន្ទីរពេទ្យនៅកម្ពុជា នឹងវះកាត់យកចេញ នូវសួតមួយ​ចំហៀង របស់ “Anthony” ដោយហេតុថា ថ្នាំ​ដែលត្រូវ​យកមក​ព្យាបាល មានតម្លៃ​ថ្លៃណាស់។»

ទឹកប្រាក់ដែលក្រុមគ្រួសារ​អះអាងថា ត្រូវបានទាមទារ ដោយមន្ទីរពេទ្យ នៅកម្ពុជានោះ មានទំហំ ២០ ០០០ ផោនអង់គ្លេស ដែលត្រូវជាប្រមាណ ជាង ២២ ០០០ អ៊ឺរ៉ូ ឬជិត ២៥ ០០០ ដុល្លារសហរដ្ឋអាមេរិក។ បើតាម​ឯកសារ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូល​ទៅពិគ្រោះ តម្លៃព្យាបាលសរុប ដើម្បី​គ្មាន​ការវះកាត់​យក​សួត​ចេញនោះ មានប្រមាណ​ជាង ២៦ ០០០ ដុល្លារអាមេរិក។

២ម៉ឺន​ផោន ? Fake News !

ការផ្សាយ របស់សារព័ត៌មានខាងលើ បានរងប្រតិកម្ម ពីអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាលកម្ពុជា ដោយចាត់ទុក ការលើកឡើង អំពីការទាមទារ ឲ្យបង់ប្រាក់ ២ម៉ឺន​ផោន ពីសំណាក់មន្ទីរពេទ្យ នៅកម្ពុជា ថាជាព័ត៌មានបំភ្លៃ ឬ «Fake News» ដែល​ប្រឌិត​ឡើង ដើម្បីចោទ​ប្រកាន់ មកលើប្រព័ន្ធ​សុខាភិបាល​កម្ពុជា។

បើទោះជា នៅក្នុងរបាយការណ៍ របស់ «Daily Record»​ មិនបានលើកឡើង ពីឈ្មោះរបស់​មន្ទីរពេទ្យ ណាមួយ នៅក្នុងប្រទេសកម្ពុជានោះ តែសាក្សីជាច្រើន បានអះអាងថា លោក «Anthony Igoe» គឺពិតជា កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយ ដែលមាន​ឈ្មោះ​ថា «រ៉ូយ៉ាល់ភ្នំពេញ» ក្នុងរាជធានីភ្នំពេញ។

វីដេអូមួយ របស់កញ្ញា «Alana Fonseca» ក៏បានបង្ហាញ​ដែរ ថា លោក «Anthony» បានពាក់អាវ​ពេទ្យ ជាមួយផ្លាកសញ្ញា «R» ដែលជារូបសញ្ញា របស់​មន្ទីរពេទ្យ​ខាងលើ។

ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទងមន្ទីរពេទ្យ រ៉ូយាល់ភ្នំពេញ ដើម្បីសុំ​ការបកស្រាយ ជុំវិញករណីនេះ តែត្រូវបានស្ត្រីអ្នកទទួលទូរស័ព្ទ ឆ្លើយថា «មិនដឹង» និង​បញ្ជូនឲ្យអ្នកសារព័ត៌មាន ទៅទាក់ទងខាង «ទីផ្សារ» របស់មន្ទីរពេទ្យវិញ។

នៅភ្លាមៗ ក្រោយប្រតិកម្ម របស់អ្នកនាំពាក្យ ក្រសួងសុខាភិបាល កញ្ញា  «Alana Fonseca» បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម ទទូចឲ្យបណ្ដាជន​ទាំងឡាយ ឈប់​ចែក​រំលែកព័ត៌មាន របស់ «Daily Record» តទៅទៀត ដោយកញ្ញា​អះអាង​ថា សារព័ត៌មាន​បានបកស្រាយ ខុសអំពីអ្វី ដែលកញ្ញាបាននិយាយ ហើយដែល​ធ្វើ​ឲ្យយល់ថា ប្រទេស​កម្ពុជា ​មិនល្អ។

កញ្ញាបានសរសេរ នៅពេលនោះថា៖

«យើងសូមថ្លែងអំណរគុណ ដល់មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ដែលយកចិត្តទុកដាក់ ចំពោះ “Anthony” ជារៀងរហូតមក ហើយយើងក៏មិនមាន គំនិតអាក្រក់ ប្រឆាំងនឹង​នរណា​ម្នាក់ នៅទីនេះដែរ។ វាជាកំហុស របស់ក្រុមហ៊ុនធានារ៉ាប់រង ដែលធ្វើឱ្យយើង ស្ថិតក្នុង​ស្ថានភាពនេះ ហើយមិនមែនកម្ពុជា ឬមន្ទីរពេទ្យនោះទេ។»

«ប្រជាជនខ្មែរ ពិតជាអស្ចារ្យ មានចិត្តល្អ និងចេះជួយទុក្ខធុរះណាស់៕»



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជារកឃើញ​អ្នកជំងឺ​ម្នាក់​ទៀត នៅខេត្ត​បន្ទាយមានជ័យ

ប្រទេសកម្ពុជា​ បានបន្ថែមតួលេខអ្នកជំងឺ «Covid-19» ម្នាក់ទៀត ដែលត្រូវបាន​រកឃើញ នៅខេត្ត​បន្ទាយមានជ័យ បន្ទាប់ពីយុវជនអាយុ២៦ឆ្នាំរូបនេះ បានវិលត្រឡប់​ពីប្រទេសថៃ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលទើប​នឹង​ចេញផ្សាយ កាលពីមុននេះបន្តិច។ ...
កម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាង​កំពុង​បង្កើតច្បាប់​ការពារ​អ្នកជំងឺ​ក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា ក្រសួងរបស់លោកកំពុងតាក់តែងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដោយរួមបញ្ចូលចំណុចមួយ នោះគឺអ្នកជំងឺឬក្រុមគ្រួសារ ដែលសង្ស័យថាពេទ្យព្យាបាលខ្លួន ដោយមិនត្រឹមត្រូវនោះ អាចទាមទារឲ្យមាន«ការអង្កេតឯករាជ្យ»មួយបាន។ ការលើកឡើងនេះ ...
កីឡា និងបច្ចេកវិទ្យា

អតីតប្រធាន UEFA ត្រូវបានដោះលែង ក្រោយពីឃុំខ្លួនអស់ច្រើនម៉ោង

អតីតប្រធានសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» លោក មីឆែល ផ្លាទីនី (Michel Platini) បានចាកចេញ ពីការិយាល័យនគរបាលយុត្តិធម៌ កាលពីរំលងអាធ្រាតយប់ម៉ិញ បន្ទាប់ពីត្រូវអាជ្ញាធរបារាំង ឃាត់ខ្លួនទុកអស់ជាច្រើនម៉ោង ដើម្បីស៊ើបអង្កេតពាក់ព័ន្ធ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.