របាំ ល្ខោនវប្បធម៌ និងជីវិត

យូណេស្កូ អះអាង​បាន​គាំទ្រ​និង​ចូលរួម​រៀបចំ​ល្ខោន​«ព្រះនាង​វឌ្ឍនាទេវី»

អង្គការសិក្សាវិទ្យាសាស្រ្ត​អប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ថា «UNESCO» បានអះអាងថា ខ្លួនបានគាំទ្រ និងបានចូលរួមរៀបចំ ល្ខោនរបាំព្រះរាជទ្រព្យ ដែលមានចំណង់ជើង រឿង «ព្រះនាងវឌ្ឍនាទេវី» និងដែលដឹកនាំ ដោយព្រះអង្គម្ចាស់ក្សត្រី នរោត្ដម បុប្ផាទេវី សម្រាប់រដូវកាលទី៣។

ល្ខោនរបាំ «ព្រះនាងវឌ្ឍនាទេវី» បានចេញសំដែង ជាលើកទីមួយរបស់ខ្លួន (នៅក្នុងស្រុក) នៅសាលមហាស្រពចតុមុខ កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន អង្គការ យូណេស្កូ បានអះអាងថា រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ជាឱកាសដើម្បីបង្ហាញ ពីស្នាដៃដឹកនាំសំដែងថ្មីមួយទៀត របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម បុប្ផាទេវី ដែលដកស្រង់ចេញ ពីរឿងព្រេងនិទាន «ព្រះនាង ស៊ីឆេ (Psyché)» របស់បណ្ដាជនក្រិច និងដើម្បីឧទ្ទិស ដល់វិចិត្រករបារាំង លោក «Auguste Rodin»។

លោក «Auguste Rodin» ជាវិចិត្រករដែលបានគូរ និងផ្តិតយកទិដ្ឋភាព នូវកាយវិការ និងការសំដែង របស់ក្រុមសិល្បករព្រះរាជទ្រព្យ ដែលបានទៅសំដែងដោយផ្ទាល់ កាលពីឆ្នាំ​១៩០៦ ក្នុងឱកាស​ព្រះរាជទស្សនកិច្ច នៃព្រះរាជាខ្មែរ ព្រះបាទ ស៊ីសុវត្ថិ ក្នុងប្រទេស​បារាំង។

សេចក្ដីប្រកាសព័ត៌មាន របស់អង្គការ យូណេស្កូ បានអះអាងបន្តថា តាមរយៈស្នាដៃរបស់លោក «Auguste Rodin» ទាំងនោះ ក៏ដូចជាការស្រាវជ្រាវដទៃទៀត ទាក់ទងនឹងសាច់ក្រណាត់ បានអនុញ្ញាត ឲ្យផ្ទាំងទស្សនីយភាពខាងលើនេះ អាចយកមកបង្ហាញឡើងវិញ នូវទ្រង់គ្រឿងមួយចំនួន របស់ក្រុមរបាំបុរាណខ្មែរ ខណៈទ្រង់គ្រឿងទាំងនោះ មិនត្រូវបាន​យក​មកប្រើ​ឡើងវិញ អស់រយៈកាល​ជិត១០០ឆ្នាំ មកហើយ។

ទ្រង់គ្រឿងចាស់ៗទាំងនោះ មានដូចជា ទ្រង់គ្រឿងសម្រាប់តួគ្រុឌ តួនាងកណ្នរី និងតួអង្គឈ្មោះ «Gnooh» ជាដើម៕

ទម្រង់ល្ខោនព្រះរាជទ្រព្យ រឿងព្រះនាងវឌ្ឍនាទេវី៕៚

Publiée par Lean Mara Den sur Lundi 21 janvier 2019


You may also like

កម្ពុជា

រដ្ឋមន្ត្រី​ពីររូប​ប៉ងដាក់​«នំបញ្ចុក»​ចូលជា​សម្បត្តិ បេតិកភណ្ឌ​អរូបិយ​ពិភពលោក

«នំបញ្ចុក» នឹងក្លាយជាសម្បត្តិ​«បេតិកភណ្ឌ​អរូបិយ​ពិភពលោក»? ទោះក្លាយបានឬមិនបាន តែវាជាបំណងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអះអាងថា ...

Comments are closed.