៥០ឆ្នាំបន្ទាប់ពីឃាតកម្មបាញ់សម្លាប់ អតីតប្រធានាធិបតីអាមេរិកលោក ចន កេណឺឌី (John F.Kennedy) នៅ​ទីក្រុង​ដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើក​យកមក​ជម្រាប​ជូន​ប្រិយមិត្តអ្នកអាន អំពីករណីសង្ស័យទាំង១០ ដែលអាចកើតមាននៅពីក្រោយ ឧក្រិដ្ឋកម្មដ៏ញាប់ញ័រពេញ​ពិភពលោក​នេះ។


តើមានរឿងអ្វីទៅ ដែលបានកើត​ឡើង​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ នៅទីក្រុងដាឡាស រដ្ឋ​តិចសាស សហរដ្ឋអាមេរិក ទៅលើអតីត​ប្រធានាធិបតី​​អាមេរិក ដែល​ទើបនឹងជាប់ឆ្នោត នៅវេលា​នោះ? របាយការណ៍ផ្លូវការ​ បានចេញផ្សាយឲ្យដឹងថា អតីតប្រធានាធិបតី​ដែល​​មាន​​ប្រជាប្រិយភាព​រូបនេះ ត្រូវ​បាន​លួច​បាញ់សម្លាប់ដោយ យុវជន​មានសតិមិននឹងនរម្នាក់ ឈ្មោះ លីហាវេ អូស្វាដ (Lee Harvey Oswal) ដែល​ត្រូវបាន​សម្លាប់​​ នៅ៤៨ម៉ោង​​ក្រោយ​ឃាតកម្ម​លើប្រធានាធិបតី ដោយ​បុរស​ម្នាក់​ទៀត​ឈ្មោះ ចាក់ រ៉ូឌី (Jack Ruby) នៅក្នុងស្នងការនគរបាល​ទីក្រុង។

លីហាវេ អូស្វាដ ជនសង្ស័យទីមួយ។ (រូបថត WIKIPEDIA)

ប៉ុន្តែ​របាយការណ៍ខាងលើ ត្រូវបានមនុស្សតិចណាស់ សម្ដែងការជឿជាក់។ ពលរដ្ឋអាមេរិកាំង ៦លើ១០នាក់ គិតថា​មាន​ការពិតផ្សេងទៀត។ ហើយ​រហូតមក​ដល់​ថ្ងៃនេះ ដែលត្រូវជា៥០ឆ្នាំកន្លងទៅហើយ ការពិត​នៅ​មិន​ដែលបាន​គេ​បង្ហើប​ចេញ​មកឡើយ តែផ្ទុយទៅវិញ ករណីសង្ស័យច្រើន​បានកើត​ឡើង​ខុស​ប្លែក​ពីគ្នា។ យើង​សូម​យក​ករណី​​សង្ស័យ​​ចំនួន​១០ មកជម្រាបជូន​​ដូចខាងក្រោម៖

១- ក្រុមម៉ាហ្វីយ៉ា

ជាការសង្ស័យដែលមានហេតុផលត្រឹមត្រូវច្រើនជាងគេ ថាក្រុមម៉ាហ្វីយ៉ាជាអ្នករៀបចំធ្វើឃាត​អតីត​ប្រធានា​ធិបតី​​អាមេរិក កេណឺឌី។ នៅសម័យ​កាល​នោះ រដ្ឋបាលរបស់លោកប្រធានាធិបតី ជាពិសេសប្អូនរបស់​លោក​ប្រធានាធិបតី ដែលឡើងធ្វើ​ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងនោះ បានប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ពួក​ម៉ាហ្វីយ៉ា​​អាមេរិក។

ឃាតករ ចាក់ រ៉ូឌី​ ដែលបាន​សម្លាប់ លីហាវេ អូស្វាដនោះ ធ្លាប់ជាអ្នកលេងមួយរូប ដែល​សាធារណៈ​មតិ​យល់​ថា មានទំនាក់​ទំនង​​យ៉ាង​ខ្លាំង ទៅនឹងបណ្ដាញ​របស់ពួកម៉ាហ្វីយ៉ាទាំងនោះ។ ការសម្លាប់ លីហាវេ អូស្វាដ ទំនងជាចង់បំបិទមាត់ មិនឲ្យ​ជន​នេះ​​អាច​និយាយ​បក​អាក្រាត​​អ្វីទាំងអស់ ពីក្រុមខ្លួន។ ប៉ុន្តែគ្មានការ​ស៊ើប​អង្កេត​ណា​មួយ និយាយពន្យល់ ឲ្យបាន​ក្បោះក្បាយ​ពី​បញ្ហា​នេះទេ។

២- ក្រុមស្ដាំនិយមជ្រុល

ឥទ្ធិពលនៃក្រុមស្ដាំនិយមជ្រុលអាមេរិក មានរូបរាងរីករាលដាលយ៉ាងធំ ប្រឆាំងនឹងអតីតប្រធានាធិបតី កេណឺឌី ដែល​ជា​ប្រធានាធិបតីដំបូងគេ មានបំណង​ចងដាក់ឲ្យដំណើរការ នូវសិទ្ធិស្មើភាពរបស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ នៅ​អាមេរិក។ ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះលោក​ប្រធានាធិបតី កេណឺឌី ក៏​មាន​នយោបាយ​ទន់​ភ្លន់ ​ជាមួយ​នឹង​​ប្រទេស​គុយបា និងក្រុមកុម្មុយនីស ក្នុងសម័យកាលនោះដែរ។

គេត្រូវនិយាយថា លោក កេណឺឌី ដែលដាក់ជំហានរបស់លោក ជាន់លើទឹកដីតិចសាស ដែលពោរពេញ​ ទៅ​ដោយ​​បណ្ដា​ជនអភិរក្សនិយមនោះ មិនប្រាកដថា ត្រូវបានទទួលស្វាគមន៍​នោះឡើយ។ នៅពេលនោះ មាន​ក្រុម​ស្ដាំ​និយម​មួយ បាន​រង​ចាំទទួលលោក ជាមួយនឹងពាក្យ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតីថា បាន​​«ក្បត់​​ប្រទេស​​​អាមេរិក»។ ប៉ុន្តែគ្មាន​ការ​ស៊ើបអង្កេត​ណាមួយ រកឃើញថា ករណីនេះ​ជាមូលហេតុ​នៃឃាតកម្ម ទៅ​លើ​លោក​​ប្រធានាធិបតី​​នោះ​ទេ។

៣- ក្រុមកុម្មុយនីស

បន្តាប់ពីក្រុមស្ដាំនិយមជ្រុល គេបានសង្ស័យ ទៅលើក្រុមឆ្វេងនិយម​ជ្រុល​វិញម្ដង។ លីហាវេ អូស្វាដ ជា​សកម្ម​ជន​មួយ​​រូប ដែលនិយមលោក ហ្វីដែល កាស្ត្រូ (មេដឹកនាំកុម្មុយនីស របស់ប្រទេសគុយបា) ហើយមាន​ចំណង​​យ៉ាង​ស្អិត​​រមួត​ជាមួយ សហភាពសូវៀត នៅពេលនោះ។ នៅពេលចាប់ឃាត់ខ្លួន ជននេះ​បានប្រកាសថា ខ្លួន​ជា​អ្នក​និយម​​លិទ្ធិ​ម៉ាក្ស កុម្មុយនីស។

គួរបញ្ជាក់​​ដែរថា ឃាតកម្មលើលោកប្រធានាធិបតី បានកើតឡើង​​ក្រោយ​បន្ទាប់​ពី​វិបត្តិ នៃ​គម្រោង​​តម្លើង​​កាំជ្រួច​ម៉ីស៊ីល របស់​សហភាពសូវៀតនៅប្រទេសគុយបា ដែលអាជ្ញាធរ​អាមេរិក​​បាន​ចាត់​ទុក​ជា​ការ​គម្រោម​ធ្ងន់ធ្ងរ។ គេ​បាន​សង្ស័យ​ថា លីហាវេ អូស្វាដ ជាភ្នាក់ងារចារកម្ម​​របស់​សហភាព​​សូវៀត ដែលបានបញ្ជូន​ជន​នេះ ចូលមក​សហរដ្ឋ​អាមេរិក … ប៉ុន្តែ​នៅ​តែ​គ្មាន​ការ​ស៊ើបអង្កេតណា​មួយ អាច​​បញ្ជាក់​អះអាងបាននោះឡើយ។

៤- លីនដុន ប្រ៊ូស ចនសុន អនុប្រធានាធិបតី ដែលទទួលតំណែងជាប្រធានាធិបតី ក្នុងពេលបន្ទាប់មក

ក្រោយពីឧក្រិដ្ឋកម្មណាក៏ដោយ គេសម្លឹងមើលឃើញភ្លាម ថាតើនរណាមួយ ដែលទទួលបានផ្លែផ្កា ពីព្រឹត្តិការណ៍នោះ។ ដូច្នេះ​ជា​រឿង​ធម្មតាមួយ ដែលគេសម្លឹង ទៅមើល​អនុប្រធានាធិបតី លោក លីនដុន ប្រ៊ូសចនសុន (Lyndon B.Johnson) បាន​ទទួល​តំណែង​ជាប្រធានាធិបតី បន្ទាប់ពីមរណភាពរបស់លោក កេណឺឌី។

ពាក្យចចាម​អារាម បាននិយាយ​ជា​ហូរហែ​​ចោទបុរស ដែលគេមិនសូវចូលចិត្តរូបនេះ ថាជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ បន្ទាប់​ពី​ឃាតកម្ម។ នរណាៗ ក៏រិះគន់​លោក ចនសុន ដែរថា នឹងមិនអាចជាប្រធានាធិបតីអាមេរិក​បាន​ឡើយ ប្រសិន​បើ​ប្រធានាធិបតី​ កេណឺឌី មិនបាន​ស្លាប់​ដោយទាន់ហន់​ទេ​នោះ ដោយហេតុថា លោក កេណឺឌី បន្ទាប់​ពី​បាន​ជាប់​​ឆ្នោតជាថ្មី ទំនង​ជាចង់​ដាក់លោក ចនសុន ឲ្យ​ឆ្ងាយ​ពី​ខ្លួន។ តែករណី​នេះ នៅតែគ្មានអ្វី​មក​បញ្ជាក់​បាន សូម្បី​ស្លាក​ស្នាម​ណាមួយ​ក៏ដោយ។

៥- ឆ័ត្រដែលបាញ់ព្រួញពិស

តើវាមិនចម្លែកទេឬ ដែលបុរសម្នាក់កាន់ឆ័ត្របាំង ទាំងកណ្ដាលថ្ងៃក្ដៅយ៉ាងនេះ? បើគេសម្លឹងមើលរូបភាព នៅ​​អំឡុង​ពេល​​ឃាតកម្ម គេនឹងឃើញមានបុរសម្នាក់ បើកបិទៗឆ័ត្រមួយ នៅពេលដែលក្បួនរថយន្ដ​របស់​​ប្រធានាធិបតី កេណឺឌី បាន​ទៅដល់។

គេបានសង្ស័យថា បុរសនោះជាគ្នីគ្នារបស់ លីហាវេ អូស្វាដ ដែល​មក​ឲ្យ​សញ្ញា​ដើម្បី​​បើកឲ្យ​មាន​ការបាញ់ប្រហារ​ពី​ចម្ងាយបាន។ មតិសង្ស័យបាននិយាយថា ឆ័ត្រនោះ​មានភ្ជាប់​ទៅ​ដោយ​ព្រួញពិស ដែលជា​គំនិត​ច្នៃ​ប្រឌិត​របស់ ក្រុម​ចារកម្មអាមេរិក (CIA)។ ហើយអ្នកកាន់ឆ័ត្រ​ទំនង​ជា​ចង់ បាញ់​​សណ្ដំ​​ប្រធានាធិបតី​​​ជាមុន​សិន ដើម្បី​ជួយ​សម្រួល ​ទៅដល់​ការបាញ់ប្រហារពីចម្ងាយ។ តែជាគំនិត​សង្ស័យ ដែលមិនដែល​​មានការបញ្ជាក់​​​ជា​ផ្លូវ​ការអ្វីសោះ។

៦- ក្រុមនិគមជនបារាំង

តើពិតជាមាន ឃាតករជាជនជាតិបារាំង នៅទីក្រុងដាឡាស ថ្ងៃនោះមែនឬ? ទោះមានឬគ្មានក៏ដោយ ក៏នៅ​ក្នុង​កំណត់​ហេតុ​​​របស់​ក្រុមចារកម្មអាមេរិក (CIA) នៅឆ្នាំ១៩៧៧ បានបង្ហាញប្រាប់​អ្នកស៊ើបអង្កេត ឲ្យដាក់ការ​សង្ស័យ​ទៅលើ​មនុស្ស​​មួយ​ក្រុម ដែលមានប្រភពពីប្រទេសបារាំង។

តាមពិត​ទៅ កំណត់ហេតុនេះ ត្រូវ​បាន​បញ្ជូន​​ទៅ​​អាមេរិក​​ ដោយផ្នែក​ព័ត៌មាន​និង​​ចារកម្មបារាំង ដោយបញ្ជាក់ពីវត្តមាន នៃសមាជិកក្រុម «OAS» នៅ​ទីក្រុង​​ដាឡាស។ ប៉ុន្តែនោះ​គ្រាន់តែ​ជា​ការ​សង្ស័យ និង​ជា​​ផ្នែក​មួយ នៃការស៊ើបអង្កេតប៉ុណ្ណោះ។

៧- ឃាតករជាអ្នកបើករថយន្ដនៅពេលនោះ

រូបភាពវីដេអូ នៃឃាតកម្មលើ​អតីតប្រធានាធិបតី បានឲ្យឃើញថា អ្នកកាន់ចង្កូនរថយន្ដ​​បានងាក​មក​ក្រោយ នៅ​​ចំ​​ពេល​​​ដែលមាន​​ការ​​បាញ់​​ប្រហារ​នោះ។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងអំឡុង​ពេលបាញ់ប្រហារ រថយន្ដដឹក​អតីត​ប្រធានាធិបតី បាន​បន្ថយល្បឿង ដែលធ្វើឲ្យមាន​ការម៉ៃគិតថា អ្នកបើកបរយានយន្ដ អាចជាសមជិក​ភ្នាក់ងារ​សម្ងាត់ ​​​របស់​​ស្ថាប័ន​​​​ណា​​មួយ ហើយ​បានរងចាំឱកាស ដើម្បីអនុវត្តន៍គម្រោងការរបស់ខ្លួន។ តែជាការសង្ស័យ ដែល​ត្រូវ​បានបដិសេធ ដោយ​សាក្សី​ជា​​ច្រើន​នាក់ រួមទាំងអ្នករួមដំណើរ នៅលើរថយន្ដនោះផង។

៨- ចន កេណឺឌី រងគ្រោះដោយកាំភ្លើងរាលកៃ

ការ«រាលកៃ»​របស់អង្គរក្សផ្ទាល់ខ្លួន នៃប្រធានាធិបតីអាមេរិក អាចជាការសង្ស័យមួយ ដោយសារ​តែ​អង្គរក្ស​រូប​នោះ​​​បាន​​ងើបឈរឡើង នៅក្នុងរថយន្ដមួយគ្រឿងទៀត ដែលរត់ពីខាងក្រោយ​របស់អតីតប្រធានាធិបតី ជា​មួយ​នឹង​កាំភ្លើង​​​នៅ​ក្នុង​ដៃ។ ការរាលកៃ អាចកើតឡើងដោយចៃដន្យ ដោយគ្រាប់កាំភ្លើងមួយ​គ្រាប់​បាន​បាញ់​ចេញ​​ទៅ ចំ​កណ្ដាល​ក្បាល​​​របស់​​អតីត​ប្រធានាធិបតី។

ការសង្ស័យមួយនេះ អាចមានភាព​«មិនគ្រប់ទឹក» តែ​យ៉ាង​ហោច​ណាស់ ​ក៏​មាន​សារព័ត៌មាន និង​សៀវភៅ​​ជាច្រើន បានយកករណីសង្ស័យនេះ មកកត់ត្រា និងធ្វើការ​វិភាគ​យ៉ាង​ផុលផុស។ ពីក្នុងចំណោមនោះ មាន​ការបកស្រាយ​​​យ៉ាង​ដូច្នេះ​​ថា៖ «ភ្ញាក់ងាចារកម្ម​បានបន្លំខ្លួន ជា​អង្គរក្ស​​ប្រធានាធិបតី ដើម្បី​រកឱកាស​​សម្លះ​មុខសញ្ញា​របស់ខ្លួន ហើយ​រៀបចំ​រឿង​នេះ​​ ឲ្យ​​​ទៅ​​ជាករណី​រងគ្រោះ​ដោយ​​​ចៃដន្យ»។

៩- ហេតុផលនៃការស្រឡាញ់ភេទដូចគ្នា

រដ្ឋអាជ្ញាលោក ជីម ហ្គារីសុន (Jim Garrison) បានបើកសំនុំរឿងនេះ​ឡើងវិញ នៅឆ្នាំ១៩៦៧ ដើម្បី​ចង់​បាន​ការ​ពិត​ឲ្យ​ច្បាស់​​​ជាង​របាយការណ៍ផ្លូវការ។ លោក ហ្គារីសុន បានជឿជាក់ថា ប្រធានាធិបតីបានរងគ្រោះ នឹង​គម្រោង​ការរៀបចំ​ជា​មុន​មួយ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ យ៉ាង​ហោចណាស់ ក៏ករណីនេះ​​ជា​ចំណុច​រួម​រវាង ចាក់ រ៉ូឌី​ និងជន​សង្ស័យ​​ម្នាក់ទៀត​​​ឈ្មោះ ក្លេ ប៊ែរត្រង់ (Clay Bertrand ហៅក្រៅ Clay Shaw) ដែល​ត្រូវ​បាន​​ជាប់​អង្កេត នៅ​លើ​​សំណុំ​​​រឿង​​​នេះ​ដែរ។

មូលហេតុ​ ដែលត្រូវគេ​យក​មកបកស្រាយ នោះ​គឺ​ដោយ​សារ​តែ លោក កេណឺឌី ជាបុរស​ដែល​​សង្ហា​​ជាង​គេ ជា​បុរស​​​ដែល​មានចរិក​​លក្ខណៈ«​គ្រប់១០» ដែល​អាច​ឲ្យ​​ក្រុម​អ្នក​ស្រឡាញ់​​​ភេទ​​​ដូច​គ្នា អត់ទ្រាំ​មិន​ប្រចណ្ឌ​មិន​​បាន។

១០- ចន កេណឺឌី VS មនុស្សមកពីភពដទៃ

ការសង្ស័យនេះ អាចធ្វើឲ្យមនុស្ស​ក្នុងសម័យ​បច្ចុប្បន្ន​ផ្ទុះសំណើច។ តែនៅក្នុងអំឡុង​ទសវត្សន៍ឆ្នាំ៦០ និង៧០ ការគិត​ឃើញ​​​ពីមនុស្សពិភពខាងក្រៅ ជារឿងទូទៅមួយ​របស់បណ្ដាជនអាមេរិក។

មូលហេតុ​ដែល​​សម​ហេតុ​ផល​ជាង​គេ ពី​ករណី​សង្ស័យ​​​​ទៅលើ​មនុស្សពិភពដទៃនេះ ត្រូវបានបកស្រាយថា ដោយសារតែ​លោក​អតីត​ប្រធានាធិបតី មាន​​គម្រោង​​​នឹង​បក​អាក្រាត វត្តមាន​របស់ក្រុម​មនុស្សភព​ខាងក្រៅ ជាសាធារណៈ។ រឿង​មួយ​ដែល​​បាន​​កើត​​ឡើង​ នៅមុន​ការ​លួច​​ធ្វើ​ឃាត​នោះ គឺលោក កេណឺឌី បានស្នើសុំយកមកពីពិគ្រោះ នូវ​ឯកសារ​សម្ងាត់​ទាំងឡាយ ដែលនិយាយ​ពី​វត្តមាន​ នៃ​«ថាស​ហោះ» មក​ពី​ពិភព​​ខាង​​ក្រៅ៕

វីដេអូ​ដែលនិយាយឡើងវិញ ពីព្រឹត្តិការណ៍ ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣៖



លំអិតបន្ថែមទៀត

ដំណឹង

យន្ដហោះ​យោធាចិន​«២១គ្រឿង»​ហោះចូលលំហការពារអាកាសតៃវ៉ាន់

ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) នៅលើកោះតៃវ៉ាន់ បង្កឲ្យមានប្រតិកម្មពីក្រុង ប៉េកាំង ដោយបានតំឡើងសាច់ដុំយោធា តាមរយៈការហោះរំលោភចូល ក្នុងលំហការពារដែនអាកាស របស់កោះមួយនេះ ...
ដំណឹង

បីនាក់ស្លាប់ ក្នុងការផ្ទុះអាវុធមួយ នាមណ្ឌលបោះប៊ូលីង ក្បែរក្រុង ឡូសអេនជឺឡេស

ជាថ្មីម្ដងទៀត ការបាញ់ប្រហារគ្នាមួយ បានផ្ទុះឡើង នៅក្នុងមណ្ឌលកំសាន្ដបោះប៊ូលីង ឈ្មោះ «Gable House Bowl» ស្ថិតក្នុងក្រុង «Torrance» នៅចំងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីក្រុងឡូសអេនជឺឡេស ...
ដំណឹង

សមាជិកបក្សប្រជាធិបតេយ្យ ទាមទារឲ្យ«FBI»ស៊ើបអង្កេត​លើសំដី ត្រាំ

ក្រុមមេដឹកនាំ-សមាជិក​​គណបក្សប្រជាធិបតេយ្យ បានទាមទារ​ឲ្យភ្នាក់ងារស៊ើបអង្កេត​​សហព័ន្ធ «FBI» បើកសំនុំរឿង ដើម្បីស៊ើបអង្កេត​​លើលោក ដូណាល់ ត្រាំ (Donald Trump) ជុំវិញសំដីរបស់​ប្រធានាធិបតី​ចប់អាណត្តិរូបនេះ ដែលបានជំរុញ ឲ្យលោក «Brad ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.