ដំណឹងពិភពលោក

ត្រាំ បន្ត​វាយប្រហារ ម៉ាកខេន ដែល​ទទួល​មរណភាព តាំងពី​៧ខែ​មុន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានវាយប្រហារជាថ្មី ក្នុងថ្ងៃអាទិត្យកន្លងមកនេះ ទៅលើលោក ចន ម៉ាកខេន (John McCain) ដែលទទួល​មរណភាព​តាំងពី៧ខែមុន។

លោក ត្រាំ បានចោទអតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋដូចរូបលោកដែរ ថាបានទម្លាយក្នុងឆ្នាំ២០១៦ នូវឯកសារដ៏ចម្រូងចម្រាសមួយ ស្ដីពីការចោទប្រកាន់គ្មានភស្ដុតាងជាច្រើន ទៅលើរូបលោក ដែលពេលនោះ ជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស។

ប្រធានាធិបតីអាមេរិក បានប្រើទំព័រទ្វីសធើររបស់លោក ដើម្បីសរសេរឲ្យដឹងថា គឺលោក ចន ម៉ាកខេន បានផ្ញើរ«ឯកសារក្លែងក្លាយ»នោះ ទៅឲ្យផ្នែកស៊ើបអង្កេតសហព័ន្ធ «FBI» និងទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ ដោយសង្ឃឹមថា ឯកសារនោះនឹងត្រូវបានបង្ហាញ នៅមុនការបោះឆ្នោត។

ឯកសារដែលលោក ត្រាំ ចង់សំដៅនោះ ទំនងជាជាឯកសារមួយ ដែលសរសេរឡើង ក្នុងចុងឆ្នាំ២០១៦ ហើយត្រូវបានផ្សព្វផ្សាយ នៅក្នុងសារព័ត៌មានអាមេរិក នៅខែមករា ឆ្នាំ២០១៧។ ឯកសារដែលគេមិនដឹងប្រភពច្បាស់លាស់ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ រវាងក្រុមការងារឃោសនាបោះឆ្នោត របស់លោក ត្រាំ ជាមួយនឹងប្រទេសរ៉ុស្ស៊ី ដើម្បីឲ្យលោកបានឈ្នះការបោះឆ្នោត។

លោក ត្រាំ បានបន្តសរសេរ នៅលើបណ្ដាញសង្គមទៀតថា៖

«គាត់ (លោក ចន ម៉ាកខេន) និងក្រុមអ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យ ដែលឃុបឃិតគ្នានោះ បានបរាជ័យ – ដូចរាល់ដង។ សូម្បីតែក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ ក៏បានបដិសេធគំនរសម្រាម ទាំងនេះដែរ។»

ក្រុមអ្នកគាំទ្រលោក នៅពេលនោះ បានហៅឯកសារដាក់បន្ទុកនោះ ថាជាការរៀបរៀងឡើង ដោយការិយាល័យជំនាញមួយ ដែលផ្ដល់ថវិកាដោយក្រុមការងារឃោសនាបោះឆ្នោត របស់អ្នកស្រី ហ្លីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីគូប្រជែងទលនឹងលោក ត្រាំ។

ការវាយប្រហាររបស់លោក ដូណាល់ ត្រាំ ក្នុងពេលនេះ ទៅលើសពលោក ចន ម៉ាកខេន ដែលបានលាចាកលោក ដោយជំងឺមហារីកនោះ ត្រូវបានក្រុមគ្រួសារលោក ម៉ាកខេន ប្រតិកម្មតបវិញ។

អ្នកស្រី មេហ្គាន ម៉ាកខេន (Meghan McCain) កូនស្រីរបស់លោក ម៉ាកខេន បានផ្ដល់យោបល់ ឲ្យប្រធានាធិបតីក្នុងតំណែង គួរយកឱកាសនៃថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍ ដើម្បីជួបជុំជាមួយក្រុមគ្រួសារខ្លួន ជាជាងមក«បង្ហោះសារនៅលើទ្វីសធើរ» ខ្វល់ខ្វាយពីគ្រួសារបស់អ្នកស្រី។

រវាងលោក ដូណាល់ ត្រាំ និងលោក ចន ម៉ាកខេន ដែលនៅមានជីវិត មិនដែលលាក់លៀម​អំពីអរិភាពចំពោះគ្នា ទៅវិញទៅមកនោះឡើយ។ ក្នុងឆ្នាំ២០១៥ លោកមហាសេដ្ឋី ដែលមិនដែលស្គាល់ ពីការបម្រើផ្នែកយោធាយ៉ាងម៉េចនោះ បានចំអកចំពោះបរមងារ«វីរបុរសសង្គ្រាម»របស់លោក ម៉ាកខេន ជុំវិញការធ្លាក់ខ្លួនជាឈ្លើយសឹក និងរងទារុណកម្ម នៅក្នុងសង្គ្រាមវៀតណាម អស់រយៈពេល៥ឆ្នាំ។

អតីតសមាជិកព្រឹទ្ធសភា ដែលទទួលបានការគោរពស្រឡាញ់ជាទូទៅ នៅក្នុងមជ្ឈដ្ឋាននយោបាយអាមេរិក បានដកការគាំទ្រចេញពីលោក ត្រាំ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវ នៃការរើសអើងផ្លូវភេទ របស់បេក្ខជនមកគណបក្សសាធារណរដ្ឋរូបនេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោត កំពុងប្រព្រឹត្តិទៅ។

លោក ចន ម៉ាកខេន បានទទួលមរណភាព នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ដោយជំងឺមហារីកខួរក្បាល។ លោកបានឲ្យដឹង នៅមុនមរណភាពថា លោកមិនចង់ឲ្យប្រធានាធិបតីទី៤៥បច្ចុប្បន្ន នៃសហរដ្ឋអាមេរិក ចូលរួមក្នុងពិធីបុណ្យសពលោកទេ៕



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិក៖ បក្សប្រជាធិបតេយ្យ​ឈ្នះក្នុងរដ្ឋ​«Georgia»​និងដឹកនាំព្រឹទ្ធសភា

បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក «Jon Ossoff» បានឈ្នះយ៉ាងប្រផិតប្រផើយ លើលោក «David Perdue» សមាជិកព្រឹទ្ធសភាចប់អាណត្តិ និងជាបេក្ខជន​មកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាជុំទីពីរ ក្នុងរដ្ឋ«Georgia» ...
កំសាន្ដ

ត្រាំ ដេញ​នាយកខុទ្ទកាល័យ​ចេញពី​បន្ទប់ ព្រោះ…«ក្អក»

បើគ្មានសុខភាព«មាំមួនពេញបរិបូរណ៍»ទេ ចូរកុំនៅក្បែរលោក ដូណាល់ ត្រាំ (Donald Trump) ឬបើមិនដូច្នេះទេ ឬហ៊ាន«ក្អក» នឹងត្រូវប្រធានាធិបតីអាមេរិករូបនេះ បណ្ដេញចេញពីបន្ទប់ ដូចករណីរបស់លោក «Mick Mulvaney» ...
ដំណឹង

អ៊ីស្ត្រាអែល​ហាម​តំណាងរាស្ត្រ​អាមេរិក​២រូប​ជាន់​ទឹកដី​ខ្លួន តាម​បំណង ត្រាំ

តាម​បំណង – អាជ្ញាធរអ៊ីស្ត្រាអែលបានប្រកាស កាលពីម្សិលម៉ិញ ហាមឃាត់អ្នកតំណាងរាស្ត្រអាមេរិកាំងពីររូប មិនឲ្យជាន់ទឹកដីអ៊ីស្ត្រាអែល បន្ទាប់ពីការលើកឡើង របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.