ដំណឹងពិភពលោក

អង្គការ«OSCE» ចោទ ត្រាំ ថា​«រំលោភអំណាច​យ៉ាងងងើល»

ប្រធានាធិបតីអាមេរិក​ផុតអាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បាន​និង​កំពុង​«រំលោភអំណាច​យ៉ាងងងើល» នៅចំពោះការទាមទារ ​ឲ្យបញ្ឈប់​ការរាប់សន្លឹកឆ្នោត របស់ពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោត​​ប្រធានាធិបតី ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអង្គារទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះ បើតាមការលើកឡើង របស់មេដឹកនាំ​អង្គការឃ្លាំមើល​ការបោះឆ្នោត​អន្តរជាតិ ហៅកាត់ថា «OSCE»។

លោក ដូណាល់ ត្រាំ បានទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត តាំងពីកិច្ចអន្តរាគមន៍​របស់លោក នៅក្នុង​សន្និសីទសារព័ត៌មាន ក្នុងយប់ថ្ងៃអង្គារ បន្ទាប់ពីលទ្ធផលស្ទាបស្ទង់ នៃការរាប់សន្លឹកឆ្នោត បានផ្អៀង​ទៅខាងលោក នៅក្នុងរដ្ឋ​«គន្លឺះ»​ជាច្រើន។

តែនៅសល់សន្លឹកឆ្នោតជាច្រើនលានទៀត ដែលត្រូវបានពលរដ្ឋម្ចាស់ឆ្នោត បោះទុក​ជាមុន និងផ្ញើរ​ទៅតាម​ប្រៃសណីយ៍ ក្រោមកិច្ចបង្ការ ទល់នឹងការរាតត្បាត នៃជំងឺ​«Covid-19»។ សន្លឹកឆ្នោតទាំងនោះ នៅមិនទាន់ ត្រូវបានរាប់អស់​នៅឡើយ។

សម្រាប់លោក ត្រាំ និងក្រុមការងាររបស់លោក បានចោទ​សន្លឹកឆ្នោត ដែលបោះជាមុន និង​ផ្ញើរ​តាម​ប្រៃសណីយ៍​ទាំងនោះ ថាមានពោរពេញដោយការបោកបន្លំ។ តែប្រធានាធិបតី​ចប់អាណត្តិរូបនេះ មិនបានបង្ហាញ«ភស្ដុតាងរឹង»ណាមួយ ក្រៅតែពី​ការលើកឡើង ដោយផ្ទាល់មាត់ នៅតាម​សេចក្ដីថ្លែងការណ៍នានា នោះឡើយ។

លោក «Michael Georg Link» សមាជិកសភាអាល្លឺម៉ង់ និងជាមន្ត្រីសម្រប​សម្រួល​ជាន់ខ្ពស់ នៃអង្គការ «OSCE» បានផ្ដល់បទសម្ភាស ទៅឲ្យសារព័ត៌មាន​អាល្លឺម៉ង់ «Stuttgarter Zeitung» ចំពោះការតវ៉ា​របស់លោក ត្រាំ ដូច្នេះថា៖

«អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺប្រមុខរដ្ឋអាមេរិកាំង (លោក ដូណាល់ ត្រាំ) បានស្នើឲ្យ​បញ្ឈប់​ការរាប់សន្លឹកឆ្នោត ខណៈនីតិវិធី នៃការរាប់សន្លឹកឆ្នោត កំពុង​ប្រព្រឹត្តិទៅ​ដូចធម្មតា។»

«មានន័យថា លោក ត្រាំ បានប្រើប្រាស់អំណាច នៅក្នុងតំណែងរបស់គាត់ ដើម្បីប្រាប់​មនុស្សទាំងឡាយ ដែលទទួលបាន​តំណែងពីគាត់ ថាគាត់កំពុងឈ្នះ​​ការបោះឆ្នោត​ជាថ្មី។ ដូច្នេះ ត្រូវបញ្ឈប់ការរាប់​សន្លឹកឆ្នោត​បន្ថែមទៀត ដើម្បីរក្សាលទ្ធផល ឲ្យនៅត្រឹមហ្នឹង។»

លោក«Michael Georg Link»​បញ្ជាក់ថា៖

«ទាំងនេះ គឺជាការ រំលោភអំណាច​យ៉ាងងងើល ហើយជាពិសេស​ជាងនេះ គឺការចោទ​ប្រកាន់ទាំងឡាយ ​ពីសំណាក់លោក ត្រាំ ធ្វើឡើង ដោយគ្មានមូលដ្ឋានគ្រឹះ​អ្វីទាំងអស់។»

មន្ត្រីជាន់ខ្ពស់របស់អង្គការអន្តរជាតិ ដែលមានមូលដ្ឋានក្នុងរដ្ឋធានី វីយេន (ប្រទេស​អូទ្រីស) បានរៀបរាប់បន្តថា គ្មានបញ្ហាជាប្រព័ន្ធណាមួយ បានផ្ទុះឡើង នៅក្នុង​ការបោះឆ្នោត​នេះទេ។ លោក«Michael Georg Link»​ថ្លែងថា៖

«មន្ត្រីរបស់យើង កំពុងមានវត្តមាន​នៅនឹងកន្លែង ហើយអាចអះអាងបានថា បណ្ដាអ្នកឃ្លាំ​មើលការបោះឆ្នោត មកពី​គ្រប់ទឹសទី និងគ្រប់គណបក្សនយោបាយ ត្រូវបានអនុញ្ញាត ឲ្យត្រួតពិនិត្យ​ការរាប់សន្លឹកឆ្នោត ហើយសន្លឹកឆ្នោត ដែលបោះតាម​សំបុត្រ​ប្រៃសណីយ៍ កំពុងត្រូវបានបន្តរាប់ យ៉ាងត្រឹមត្រូវ។»

បង្កើតឡើង​ក្នុងឆ្នាំ១៩៧៥ អង្គការ«OSCE» មានឈ្មោះពេញ ហៅថា «អង្គការដើម្បី​សន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅអ៊ឺរ៉ុប»។ អង្គការនេះ មានជំនាញ ក្នុងការឃ្លាំមើល​ការបោះឆ្នោត និងមានសមាជិក មកពី​៥៧ប្រទេស ក្នុងនោះ មានសហរដ្ឋអាមេរិក កាណាដា ប្រទេសនានា​នៅទ្វីបអ៊ឺរ៉ុប រ៉ុស្ស៊ី និងប្រទេស​ទួរគី។ អង្គការដ៏ធំមួយនេះ ធ្លាប់ត្រូវ​បានចាត់ ឲ្យទទួលបន្ទុក«បន្សុត»​ការបោះឆ្នោត ដ៏ប្រទាំងប្រទើស នៅក្នុងប្រទេស​អ៊ុយក្រែន កាលពី​ប៉ុន្មានឆ្នាំមុន៕

លោក «Michael Georg Link» តំណាងរាស្ត្រអាល្លឺម៉ង់ និងជាមន្ត្រីសម្របសម្រួលជាន់ខ្ពស់ នៅអង្គការឃ្លាំមើលការបោះឆ្នោតអន្តរជាតិ ហៅកាត់ថា «OSCE»។ (រូបថត Wiki)


លំអិតបន្ថែមទៀត

កម្ពុជា

សភាអាមេរិក​ភ្ជាប់​មរណភាព ទិត្យ រ៉ន ទៅនឹង​ទង្វើ​«រំលោភអំណាច»​​នៅ​កម្ពុជា

បន្ទាប់ពីក្រសួងការបរទេស រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក តាមរយៈប្រធានគណកម្មការកិច្ចការបរទេស លោក «Eliot Engel» ក៏បានសម្ដែងក្ដីកង្វល់​ដ៏ជ្រាលជ្រៅ ចំពោះមរណភាព ប្រកបដោយភាពមន្ទិល របស់សកម្មជនគណបក្សប្រឆាំង លោក ទិត្យ រ៉ន ...
កម្ពុជា

សម រង្ស៊ី ជឿថា ចូ បៃដិន នឹងចាត់​វិធានការបង្ខំ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសំដែងជំនឿថា ប្រធានាធិបតីថ្មី​នៃសហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យ​របបដឹកនាំ ...
ពីឆ្វេងទៅស្ដាំ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីចប់អាណត្តិ - បេក្ខជនប្រធានាធិបតី សម្រាប់អាណត្តិថ្មី និងលោក ចូ បៃដេន បេក្ខជនប្រធានាធិបតី នៅសហរដ្ឋអាមេរិក។ (រូបថតសហការី)
ដំណឹង

ក្រុមការងារ បៃដេន គំរាមដេញ ត្រាំ ចេញពីសេតវិមាន បើនៅ​«ក្រាញ​អំណាច»

លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងត្រូវអូសចេញ ពីសេតវិមាន បើសិនជាប្រធានាធិបតីផុតអាណត្តិរូបនេះ នៅ«ក្រាញអំណាច» នៅទីនោះតទៅទៀត។ នេះ បើតាមលោក «Andrew ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.