ដំណឹងពិភពលោក

អតីត​ប្រមុខ​ការទូត ខូលីន ផោវែល រិះគន់ ត្រាំ ថា​និយាយ​កុហក​គ្រប់​ពេល​

លោក ខូលីន ផោវែល (Colin Powell) អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ជំនាន់​ប្រធានាធិបតី ជច៍ វ័លឃើរ ប៊ូស (George W. Bush) បានចេញមុខរិះគន់ លោក ដូណាល់ ត្រាំ (Donald Trump) ដោយប្រើពាក្យសំដីធ្ងន់ៗ ចាត់ទុកប្រធានាធិបតី ​ក្នុង​តំណែង​រូបនេះ ថាបាននិយាយកុហក ​គ្រប់ពេលវេលាទាំងអស់។

អតីតរដ្ឋមន្ត្រីការបរទេស ថែមទាំងបាន​ប្រកាស​ ជា​សាធារណៈ​ទៀតថា លោកនឹង​បោះឆ្នោត គាំទ្រលោក ចូ បៃដេន (Joe Biden) បេក្ខជន​ប្រធានាធិបតី មកពីគណបក្ស​ប្រជាធិបតេយ្យ​ និងជាគូប្រជែងផ្លូវការ ទល់នឹងលោក ដូណាល់ ត្រាំ។

តាមពិតទៅ លោក ផោវែល ធ្លាប់បានធ្វើដូច្នេះ កាលពីឆ្នាំ២០១៦រួចហើយ ដោយកាលនោះ លោកបាន​បោះឆ្នោត គាំទ្រអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារី​ប្រធានាធិបតី ដែលទទួលលទ្ធផល​ចាញ់ឆ្នោត ក្នុងសម្លេងតែបន្តិចបន្តួច ទល់នឹងលោក ដូណាល់ ត្រាំ។

ក្នុងកិច្ចសម្ភាសមួយ ជាមួយទូរទស្សន៍ «CNN» កាលពីថ្ងៃអាទិត្យ លោក ខូលីន ផោវែល បានថ្លែងឡើងថា៖

«ខ្ញុំមិនអាចបោះឆ្នោត គាំទ្រលោក ត្រាំ កាលពីឆ្នាំ២០១៦ ហើយខ្ញុំក៏នៅតែច្បាស់​ក្នុងចិត្តដែរថា ខ្ញុំនឹងមិនគាំទ្រលោក ត្រាំ ទេ ក្នុងចុងឆ្នាំខាងមុខនេះ។»

«យើងមានរដ្ឋធម្មនុញ្ញ ហើយយើងត្រូវគោរពរដ្ឋធម្មនុញ្ញ។ តែលោកប្រធានាធិបតី បាន​ដើរឆ្ងាយ ពីរដ្ឋធម្មនុញ្ញ។ ខ្ញុំមិនដែលប្រើពាក្យនេះទេ ជាមួយនឹងប្រធានាធិបតី ចំនួន​៤ជំនាន់ ដែលខ្ញុំបានធ្វើការជាមួយ នោះគឺ “គាត់កុហក”។»

អតីតប្រមុខការទូត របស់ប្រទេសមហាអំណាច បានអំពាវនាវ​ឲ្យពលរដ្ឋអាមេរិកគ្រប់រូប ត្រូវត្រិះរិះពិចារណា អំពីផលប៉ះពាល់ នៅក្នុងសង្គមអាមេរិក និងពីការឈរជើង របស់​សហរដ្ឋ​អាមេរិក នៅក្នុងពិភពលោក។ លោកថា៖

«គាត់កុហក គ្រប់ពេលវេលាទាំងអស់។ សូមលោកអ្នក​ពិចារណា​ ឲ្យបានដិតដល់ ដោយ​ប្រើវិចារណ​ញ្ញាណ របស់លោកអ្នក និងចោទសួរខ្លួនឯងថា តើនេះ ជារឿងល្អឬទេ សម្រាប់​ប្រទេសរបស់ខ្ញុំ?»

ការរិះគន់ខាងលើ ទទួលបានប្រតិកម្មភ្លាមៗ ពីលោក ដូណាល់ ត្រាំ តាមរយៈសារមួយ ដែល​លោកប្រធានាធិបតី បង្ហោះនៅលើទំព័រទ្វីសធើររបស់លោក។ លោក ត្រាំ បានវាយ​ប្រហារ តបទៅលោក ផោវែល ដោយបានរំឭក​ឡើងវិញ អំពី​ស្លាកស្នាមមួយ របស់​អតីត​ប្រមុខការទូតរូបនេះ ជុំវិញសង្គ្រាម​ នៅប្រទេស​អៀរ៉ាក់។

ប្រធានាធិបតីអាមេរិក សរសេរថា៖

«តើមិនមែនលោក ផោវែល នេះទេឬ ដែលបាននិយាយថា ប្រទេសអៀរ៉ាក់ មានអាវុធ​ប្រល័យ​លោក ដ៏សន្ធឹកសន្ធាប់នោះ? ប្រទេសអៀរ៉ាក់ គ្មានអាវុធទាំងនេះទេ តែយើង​បាន​ចេញ ទៅធ្វើសង្គ្រាមរួចស្រេចហើយ។»

គឺនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៣ នៅចំពោះក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លោក ខូលីន ផោវែល បានធ្វើបទបង្ហាញ យ៉ាងវែងអន្លាយ ដើម្បីអះអាង ពីវត្តមាន​អាវុធ​ប្រល័យ​លោក ដ៏សន្ធឹកសន្ធាប់ ដែលលោកថា ត្រូវបានផលិតឡើង ដោយ​ប្រទស​អៀរ៉ាក់។

ទឡ្ហីករណ៍ បង្ហាញដោយលោក ផោវែល នៅពេលនោះ បានអនុញ្ញាតឲ្យសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្ត ទទួល​បានភ្លើងខៀវ ពីអង្គការសហប្រជាជាតិ ក្នុងការប្រកាស​សង្ក្រាម និងវាយលុក ​ចូល​ប្រទេស​​អៀរ៉ាក់។

ប៉ុន្តែ នៅក្នុងកិច្ចសម្ភាស ជាមួយទូរទស្សន៍ «CNN» លោក ផោវែល បានទទួលស្គាល់ ថាបទបង្ហាញនោះ ពិតធ្វើឲ្យមានស្លាកស្នាម ដល់កិត្តិនាមរបស់លោក។ លោកថា៖

«វាជាស្លាកស្នាមមួយ ព្រោះខ្ញុំជាអ្នក ដែលបានធ្វើបទបង្ហាញនោះ ក្នុងនាម​សហរដ្ឋ​អាមេរិក នៅចំពោះ​ពិភពលោក។ តែវានៅតែជាផ្នែកមួយ នៃតុល្យភាពការងារទាំងអស់ របស់ខ្ញុំ។»

គួរបញ្ជាក់ដែរថា លោក ខូលីន ផោវែល គឺជាឥស្សរជន អាមេរិក-​ស្បែកខ្មៅ ដំបូងគេ ដែលបាន​កាន់​តំណែង ជាអគ្គមេបញ្ជាការ ​កងទ័ព​អាមេរិក មុននឹងក្លាយ​​ជា ​ប្រមុខការទូត របស់ប្រទេសមហាអំណាច រវាងពីឆ្នាំ២០០១ ដល់​ឆ្នាំ២០០៥៕



លំអិតបន្ថែមទៀត

ដំណឹង

យន្ដហោះ​ចុះចត​ខុសផ្លូវ ហើយ​ធ្លាក់ចូល​ទន្លេ នៅ​ផ្លរីដា

ការភ័យតក់ស្លុត បានកើតឡើងនៅភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក៖ យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿងបានបញ្ចប់ការហោះហើររបស់ខ្លួន នៅក្នុងទឹកទន្លេ ដែលនៅក្បែរព្រលានយន្ដហោះយោធា «Jacksonville» ក្នុងរដ្ឋ​ផ្លរីដា ។ ...
ដំណឹង

រដ្ឋសភា​បើក​ការអង្កេត​ផ្លូវការ ក្នុងការ​ដក​ប្រធានាធិបតី ត្រាំ ចេញពី​តំណែង

កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានឈានដល់ជំហានថ្មីមួយ នៃនីតិវិធីផ្លូវការ ក្នុងដំណើរឆ្ពោះទៅដកលោក ដូណាល់ ត្រាំ (Donald Trump) ចេញពី​តំណែង ជាប្រធានាធិបតី។ នីតិវិធីផ្លូវការនោះ ...
ដំណឹង

ត្រាំ ឲ្យប្រើទឹកម្សៅ​បាញ់​ពី​យន្ដហោះ​ដើម្បី​ពន្លត់​ភ្លើង​នៅ Notre-Dame

ទិដ្ឋភាពដ៏រន្ធត់ នៃអគ្គិភ័យ ដែលកំពុងឆេះកម្ទេចព្រះវិហារ «Notre-Dame» ដ៏ល្បីនៃរដ្ឋធានីប៉ារីស បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចេញមុខធ្វើប្រតិកម្ម ដោយស្នើឲ្យប្រើម្សៅ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.