កម្ពុជាដំណឹង

ផែង វណ្ណៈ ត្រូវបាន«នាំខ្លួន»​មក​សាកសួរ​នៅ​តុលាការ​រសៀលនេះ

មន្ត្រីយោធា និងជាអ្នកប្រើប្រាស់បណ្ដាញសង្កម ដ៏ល្បីល្បាញ លោក ផែង វណ្ណៈ ត្រូវបានកងកម្លាំងកងរាជអាវុធ នាំខ្លួន មកកាន់អយ្យការ អមសាលាដំបូងរាជធានី នៅរសៀលថ្ងៃនេះ ដើម្បីធ្វើការសាកសួរ។

លោក ផែង វណ្ណៈ ត្រូវបាន«នាំខ្លួន»មកកាន់អាគារតុលាការ តែគេមិនឃើញលោក ត្រូវបានអាជ្ញាធរដាក់ខ្នោះដៃនោះទេ។ អ្នកនាំពាក្យសាលាដំបូង លោក លី សុ​ផា​ណា បានថ្លែង​​ប្រាប់​អ្នកកាសែត​ថា៖

«​ជនជាប់សង្ស័យ [ត្រូវ]បាន​បញ្ជូន​ដល់​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​សាកសួរ​ចម្លើយ​ នា​រសៀល​នេះ។»​

ការចាប់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងយ៉ាងឆាប់រហ័ស ក្នុងគេហដ្ឋានរបស់លោក នៅក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តែមួយថ្ងៃបន្ទាប់ពីលោក គី តិច មេធាវីតំណាង​ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បណ្ដឹងកាលពីម្សិលម៉ិញ ប្ដឹងមន្ត្រីយោធារូបនេះ ជុំវិញការបង្ហោះប្រៀបធៀបមួយ នៅលើគណនី និងទំព័រហ្វេសប៊ុករបស់លោក។

កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ បានបង្ហោះសារមួយ អមនឹងរូបថតពីរសន្លឹក ដោយធ្វើការប្រៀបធៀប ការយកប្រាក់ទៅចូលបុណ្យសព​យុវតីរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ថាមិនខុសគ្នា​ពីការចូលបុណ្យ​ធ្វើចេតិយ៍​សពលោក កែម ឡី ពីសំណាក់មេកាសែត «Fresh News» ដែលតំណាងឲ្យលោក ហ៊ុន សែន កាលពីពេលកន្លងមក​នោះទេ។

សារបង្ហោះ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ ជាផ្នែកមួយ នៃការឆ្លើយឆ្លងរវាងរូបលោក ជាមួយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងស្ថាប័ន​សារព័ត៌មាន «Fresh News» ចេញផ្សាយនៅលើអ៊ិនធើណែត ដែលគេស្គាល់ថា ជាក្បាលម៉ាស៊ីនឃោសនា ​ដ៏រឹងមាំមួយ​​របស់លោក ហ៊ុន សែន និងរបបដឹកនាំសព្វថ្ងៃ។

បើតាមពាក្យបណ្ដឹង របស់លោក គី តិច បានរៀបរាប់ថា ​​ លោក ផែង វណ្ណៈ មានចេតនាបរិហារកេរ្តិ៍លោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឃាតកម្ម លើលោក កែម ឡី តាមរយៈសារប្រៀបធៀបនោះ។ មេធាវីដ៏មានឥទ្ធិពល បានបញ្ជាក់ថា លោកមានភស្ដុតាងចំនួន១៤ទំព័រ ដែលភ្ជាប់ជាមួយនឹងពាក្យបណ្ដឹង ដើម្បីដាក់បន្ទុកលើលោក ផែង វណ្ណៈ។

ក្រៅពីបណ្ដឹងរបស់នាយករដ្ឋមន្ត្រី លោក ផែង វណ្ណៈ បានរងបណ្ដឹងពីរផ្សេងទៀត។

បណ្ដឹងទីមួយ ជារបស់លោក ពេជ្រ ស្រស់ ទៅកាន់អង្គភាព​ប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹង​ករណីតំណាងឲ្យ​ក្រុម​គ្រួសារ​​ជនល្មើស បើកឡានបុកមនុស្សស្លាប់ យកលុយ ៥០០០ដុល្លារ ទៅចូលបុណ្យសព​ជនរងគ្រោះ​។ កាលពីព្រឹកម៉ិញ លោក ពេជ្រ ស្រស់ បានចូលទៅបំភ្លឺក្នុងអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ។

រីឯបណ្ដឹងទីពីរ ជារបស់មេកាសែត «Fresh News» ទៅកាន់សាលាដំបូងរាជធានី ប្ដឹងលោក ផែង វណ្ណៈ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ។

តាមរយៈបណ្ដឹងនេះ លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង និង​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កាលពីម្សិលម៉ិញ បង្គាប់​ឲ្យលោក ផែង វណ្ណៈ ចូល​បង្ហាញខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​សាកសួរ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ត្រូវ​«គ្រប់គ្រង​ព័ត៌មាន» ដើម្បី​ថែរក្សាសន្ដិភាព

ប្រសិនជាប្រទេសកម្ពុជា ប្រកាន់យកប្រព័ន្ធដឹកនាំរដ្ឋ តាមបែបប្រជាធិបតេយ្យ និងមានរបបសារព័ត៌មានសេរីនោះ អង្គភាពអ្នកនាំពាក្យ​​នៃរបបក្រុងភ្នំពេញសព្វថ្ងៃ ដែលដឹកនាំដោយលោក ផៃ ស៊ីផាន បានអះអាងថា ខ្លួនមានកាតព្វកិច្ចក្នុងការ«គ្រប់គ្រង​ព័ត៌មាន» ដោយយកហេតុផល​មកពន្យល់ថា ដើម្បីចូលរួមថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ...
កម្ពុជា

សម រង្ស៊ី៖ ពលរដ្ឋត្រូវ​«ទម្លាក់ ហ៊ុន សែន»​ដូច​មេដឹកនាំ​ផ្ដាច់ការ​ផ្សេងទៀត

មេដឹកនាំប្រឆាំង លោក សមរង្ស៊ី បានថ្លែងឡើងថា ប្រជារាស្ត្រកម្ពុជា ដែលមាន​ការគាំទ្រ​ពីកងទ័ព«ស្នេហាជាតិ» ត្រូវរួមគ្នា«ទម្លាក់»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​តំណែង ដូចពលរដ្ឋក្នុងប្រទេសជាច្រើន ដែលបានទម្លាក់​មេដឹកនាំ​ផ្ដាច់ការរបស់ពួកគេ ចេញពី​តំណែង​ជាបន្តបន្ទាប់។ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប បន្ត​ព្រមានថា ច្បាប់ថ្មី​របស់កម្ពុជា បង្កគ្រោះ​ដល់​សិទ្ធិ

អ្នកជំនាញ អ.ស.ប (អង្គការសហប្រជាជាតិ) ក្នុងវិស័យសិទ្ធិមនុស្ស​ មួយក្រុម បានចេញ​សេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងជាថ្មីទៀត ព្រមានថា ច្បាប់ថ្មី ស្តីពីការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន របស់រដ្ឋាភិបាលកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.