កម្ពុជាដំណឹង

ហ៊ុន សែន ព្រមាន​យក​«គ្រួស»​ចេញ​ពីបាតជើងលោក​ឲ្យអស់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

បើមាន«គ្រួស ឬខ្សាច់»នៅនឹងបាតជើង ត្រូវយកចេញឲ្យអស់ ដើម្បីអនុញ្ញាតឲ្យលោក និងរដ្ឋាភិបាលលោកដើរទៅមុខ។ បុរសខ្លាំងកម្ពុជាបានអះអាងដូច្នេះ ដើម្បីព្រមានទៅដល់មន្ត្រីរាជការ និងមន្ត្រីប្រដាប់​អាវុធទាំងឡាយ ដែលលោកអះអាងថា បង្កឧបសគ្គនៃការអភិវឌ្ឍន៍ប្រទេស និងគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលលោក។ 

នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ក្រោមជំនួយឧបត្ថម្ភ​របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងព្រឹកថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖

«បើមាន គ្រួស ឬខ្សាច់ក៏ដោយ ត្រូវយកចេញពីជើងយើងឲ្យអស់ បើមិនដូច្នោះទេ យើងមិនអាចដើរទៅមុខទៀតបានទេ ឬក៏យើងដើរទៅ [អាចធ្វើឲ្យ]ពងជើងរបស់យើង ឬឈឺជើងរបស់យើង។»

នាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣៤ឆ្នាំ បានពន្យល់ថា៖

«ខ្ញុំចង់និយាយថា មន្ត្រីរាជការណាដែលធ្វើអំពើផ្ដេសផ្ដាស ត្រូវតែទទួលនូវវិន័យ ដែលពួកគេត្រូវទទួលការបណ្ដេញចេញ ឬពួកគេត្រូវទទួលវិន័យធ្ងន់ធ្ងរជាងនេះ តាមរយៈនៃការផ្ដន្ទាទោសដោយច្បាប់។»

លោក ហ៊ុន សែន បានបង្ហើបឲ្យដឹងបន្តថា នៅប៉ុន្មានម៉ោងខាងមុខ នឹងមានករណីមួយចំនួន ត្រូវបានទម្លាយចេញឲ្យដឹងជាសាធារណៈ។ លោកថា៖

«នៅប៉ុន្មានម៉ោងខាងមុខទៀតនេះ យើងនឹងដឹងរឿងខ្លះៗ ដែលខ្ញុំចាត់ទុកថា ពេលនេះ ខ្លាក៏វ៉ៃ ពស់ក៏វ៉ៃ កណ្ដុរក៏វ៉ៃ កណ្ដូបក៏វ៉ៃ រ៉ុយក៏វ៉ៃ វ៉ៃទាំងអស់។ ឲ្យតែបំផ្លាញ-រំខានដល់ផលប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវតែវ៉ៃហើយ។ ខ្ញុំដើរដល់អភិក្រមទី៥ ដែលចាំបាច់ត្រូវតែធ្វើហើយ។»

ការព្រមានរបស់លោក ហ៊ុន សែន ចំពោះមន្ត្រីអសកម្ម មិនមែនទើបនឹងធ្វើឡើង ជាលើកទីមួយទេ។ កាលពីលើកមុន បុរសខ្លាំងកម្ពុជានេះ ថែមទាំងសន្យាថា នឹងកាត់កខ្លួនលោកគ្រវាត់ចោលនោះទៀត ប្រសិនណាជាបទល្មើសព្រៃឈើ មិនត្រូវបានបង្ក្រាបឲ្យអស់ទេនោះ។ 

តែរាល់ការព្រមានលើកមុនៗនោះ ត្រូវបានលោកចាត់ទុក ក្នុងព្រឹកថ្ងៃសុក្រនេះថា ជា«ការអប់រំណែនាំ» ដែលលោកបានប្រើពេល​ច្រើនហើយ។ លោកនាយករដ្ឋមន្ត្រី ថ្លែងថា៖

«ខ្ញុំគ្មានពេលបន្ថែម អប់រំណែនាំបន្ថែមទេ ព្រោះខ្ញុំបានប្រើពេលច្រើនហើយ។ ដូច្នេះ ខ្ញុំអត់មានពេល ដើម្បីនឹងនិយាយ ជាមួយអស់លោកអ្នក តទៅទៀតទេ។ ទាំងមន្ត្រីរាជការស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ កុំថាអ្នកឯងពាក់ផ្កាយ ពាក់លោកខែ ក៏ខ្ញុំយកចេញ។ ពាក្យដែលខ្ញុំប្រើថា ខ្លាក៏វ៉ៃ កន្លាតក៏វ៉ៃ រ៉ុយក៏វ៉ៃ វ៉ៃទាំងអស់។»៕



លំអិតបន្ថែមទៀត

ដំណឹង

កូនស្រី​ប្រធានាធិបតី​អាមេរិក​ ឡើងធ្វើ​ប្រធាន​ធនាគារពិភពលោក?

បន្ទាប់ពីការលាលែង​របស់លោក ជីម យ៉ុងគីម (Jim Yong Kim) ពីចេញពីតំណែង ជាប្រធានធនាគារពិភពលោក ឈ្មោះឥស្សវជនជាច្រើន ត្រូវបានពន្លេចឲ្យដឹង ដើម្បីអាចទៅជំនួសលោក ជីម យ៉ុងគីម ...
កំសាន្ដ

«ស្ត្រីកំណាន់»​របស់ ពូទីន បង្ហាញខ្លួន​នៅម៉ូស្គូ និងថ្លែងចំអក​បស្ចឹមលោក

អ្នកស្រី «Alina Kabaeva» ដែលប្រព័ន្ធផ្សព្វផ្សាយ បានស្គាល់ថាជា«ស្ត្រីកំណាន់»របស់ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានបង្ហាញខ្លួន​ដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយក្រុមកីឡាកររ៉ុស្ស៊ី ក្នុងសាលហ្វឹកហាត់មួយ ...
ដំណឹង

«Airbus»​​មួយគ្រឿង​ចុះចត​បន្ទាន់​ ក្នុង​ចំការពោត​នៅ​រ៉ុស្ស៊ី របួស​២៣នាក់

យន្ដហោះប្រភេទ «Airbus A321» ដែលមានមនុស្សជិះទាំងអស់ ២៣៣នាក់ បានចុះចតជាបន្ទាន់ ក្នុងតំបន់មួយក្បែររដ្ឋធានី មូស្គូ បន្ទាប់ពីយន្ដហោះបានហោះ បុកហ្វូងសត្វស្លាប។ តុល្យភាពដំបូង ដែលបានប្រកាសឲ្យដឹង បានអះអាងថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.