ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។

ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបិទវិទ្យុឯករាជ្យសេសសល់ចុងក្រោយ ឈ្មោះ«វិទ្យុសម្លេងប្រជាធិបតេយ្យ – VOD» កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ នេះ បើតាមរបាយការណ៍របស់អង្គការពិភពលោកខាងលើ ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ទី១៦ ខែកុម្ភៈនេះ។

របាយការណ៍របស់ «CIVICUS» បានសរសេរថា៖

«ការប្រើប្រាស់ដោយបំពាន នូវប្រព័ន្ធយុត្តិធម៌ និងក្រមព្រហ្មទណ្ឌ ដើម្បីយាយី និងកាត់ទោសសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនសហជីព និងអ្នកសារព័ត៌មាន រួមនឹងងការបិទប្រព័ន្ធផ្សព្វផ្សាយ បង្ហាញយ៉ាងច្បាស់ក្រឡែត ពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។»

នៅលើផែនទី នៃបញ្ជី«ឃ្លាំមើល»របស់អង្គការខាងលើ ប្រទេសកម្ពុជាដែលពីមុនស្ថិតក្នុងចំណោមប្រទេសពណ៌លឿង (ប្រទេសរឹតត្បិត​សិទ្ធិពលរដ្ឋ) បានក្លាយទៅជាពណ៌«ទឹកក្រូច» ដែលជាពណ៌របស់ក្រុមប្រទេស «វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»។

រីឯពណ៌ក្រហម សម្រាប់ក្រុមប្រទេសដែលបំបិទសិទ្ធិពលរដ្ឋជិតឈឹង ដូចជាប្រទេសកុម្មុយនិស្ត វៀតណាម ចិន ឬកូរ៉េខាងជើង និងប្រទេសដែលមានរបបដឹកនាំផ្ដាច់ការ ដូចយ៉ាងប្រទេសអៀរ៉ង់ ស៊ីរី ឬប៊េឡារ៉ុសជាដើម។

អង្គការ«CIVICUS»បានបន្តលើកឡើង ពីប្រទេសកម្ពុជាទៀតថា៖

«ក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្ម្មជន បន្តប្រឈមនឹងការវាយបង្ក្រាប ហើយសេរីភាពនៃសារព័ត៌មាន បន្តរងការគម្រាមកំហែង តាមរយៈការបិទស្ថានីយ៍វិទ្យុ និងកាសែត ក៏ដូចជាការប្រើប្រព័ន្ធតុលាការ ប្រឆាំងចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ដែលបង្កឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិនាសខ្លោចផ្សារ។»

ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា បានចេញសេចក្ដីសម្រេចមួយ យ៉ាងតក់ក្រហល់ កាលពីព្រឹកព្រហាម ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកាសលុបអាជ្ញាបណ្ណផ្សព្វផ្សាយ របស់មជ្ឈមណ្ឌល «CCIM» ដែលគ្រប់គ្រង​លើការផ្សាយរបស់វិទ្យុ «VOD» ទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បញ្ជារបស់បុរសខ្លាំង បានធ្វើឡើងនៅលើបណ្ដាញសង្គម នៅក្នុងល្ងាចថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីការផ្សាយមួយរបស់វិទ្យុ «VOD» ដែលជាការដកស្រង់សម្ដី របស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ការដែលកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសទួរគី ដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គង។

ប៉ុន្ដែការដកស្រង់នោះ ត្រូវបានលោក ហ៊ុន សែន និងកូនប្រុសច្បង ចាត់ទុកថា ជាការបំផ្លើសដោយមានចេតនា របស់វិទ្យុ «VOD»។ បុរសខ្លាំងនៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជិតកន្លះសតវត្សរ៍ បានបញ្ជាដាច់ណាត់ ឲ្យក្រសួងព័ត៌មាន បិទការផ្សាយរបស់ស្ថាប័ននេះ ជាកំហិត ដោយបដិសេធមិនទទួលយកការពន្យល់ ក៏ដូចជាការសុំទោស ពីវិទ្យុខាងលើ។

សហភាពអ៊ឺរ៉ុប ដែលមានតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា រួមនឹងបណ្ដាស្ថានទូត នៃប្រទេសធំៗនៅលោកខាងលិច បានប្រតិកម្មភ្លាមៗ​ថា៖

«ការសម្រេចចិត្តនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធពហុនិយម ដែលមានសារៈសំខាន់ សម្រាប់សង្គមបើកចំហ និងសេរី។»

តបនឹងការរិះគន់ទាំងនេះ លោក ហ៊ុន សែន បានសរសេរតបនៅលើបណ្ដាញសង្គម ព្រមាន«ជនបរទេស»ទាំងនោះ កុំលូកលាន់ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍អះអាងបន្ថែមថា ការបិទវិទ្យុ«VOD» ធ្វើឡើងស្របតាម«ច្បាប់»។ សេចក្ដីថ្លែងការណ៍បានសរសេរថា៖

«សារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ។»

សូមបញ្ជាក់ជូនថា អង្គការ«CIVICUS» មានស្នាក់ធំនៅក្នុងរដ្ឋធានី ចនណេស្បួរ ប្រទេសអាហ្វ្រិកខាងត្បូង។ អង្គការនេះ មានបណ្ដាញ-សមាជិករបស់ខ្លួន នៅ១៧៥ប្រទេស និងមានការិយាល័យអចិន្ត្រៃយ៍របស់ខ្លួន ប្រចាំនៅអង្គការសហប្រជាជាតិ ទាំងនៅក្នុងក្រុងញ៉ូយក (សហរដ្ឋអាមេរិក) ទាំងនៅក្នុងក្រុងហ្សឺណែវ (ប្រទេសស្វីស)៕



លំអិតបន្ថែមទៀត

កម្ពុជា

អាមេរិក​លើកពី​«សេរីភាព និង ចំណង​ទ្វេភាគី» ដើម្បី​ជូនពរ​ឆ្នាំថ្មី​ដល់​កម្ពុជា

សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សហរដ្ឋអាមេរិកបានផ្ញើរសារ ជូនពរប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យសង្កត់ធ្ងន់ ទៅលើ«សេរីភាព» និងលើកឡើង ពីក្ដីសង្ឃឹម នៃការពង្រឹង«ចំណងទ្វេភាគី» កាន់តែខ្លាំងឡើង ក្នុងឆ្នាំខាងមុខ។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស របស់ប្រទេសមហាអំណាច ...
កម្ពុជា

ការសម្រេច​របស់ EU ក្នុង​ការយកពន្ធ​អង្ករខ្មែរ ជា«អាវុធ​​ធ្វើ​ឃាត»​ពលរដ្ឋ

ការសម្រេច​លប់ចោល ការអនុគ្រោះពន្ធ លើផលិតផលអង្ករកម្ពុជា មាន«​ឥទ្ធិពល​គ្រប់គ្រាន់» សម្រាប់​ដកហូត​ចំណូល ​របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​«អាវុធ​​ធ្វើ​ឃាត»​​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ ដល់​ពួកគាត់។​ នេះ ...
កម្ពុជា

មេទ័ព ហ៊ុន សែន ប្រាប់​ពលទាហាន​ឲ្យ​«សម្រកក្បាលពោះ»

បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ដែលមានតួនាទី ជានាយករដ្ឋមន្ត្រីផង និងជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធកម្ពុជាផង បានថ្លែងប្រាប់ ឲ្យពលទាហាន ក្រោមបង្គាប់ទាំងឡាយ ត្រូវ«សម្រកក្បាលពោះ»។ មេដឹកនាំកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.