ដំណឹងអាស៊ី-ប៉ាស៊ីភិក

ឯកអគ្គរដ្ឋទូត​ចិន នៅ​អ៊ីស្ត្រាអែល ស្លាប់​ដោយ​អាការៈ​«គាំងបេះដូង»

នគរបាលអ៊ីស្ត្រាអែល បានអះអាងថា ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ​អ៊ីស្ត្រាអែល ទំនងជា​បានស្លាប់ ដោយអាការៈ«គាំងបេះដូង» នៅក្នុងដំណេក​របស់លោក។

លោក ឌុយ វៃ (Du Wei) ដែលទើបនឹង​ចូលមកកាន់តំណែង កាលពីខែកុម្ភៈ ធ្វើជា​មន្ត្រី​ការទូត​ចិន ប្រចាំនៅរដ្ឋធានី តែលអាវីវ ត្រូវបានរកឃើញស្លាប់ នៅថ្ងៃអាទិត្យទី១៧ ខែ​ឧសភា​ម្សិលម៉ិញ នៅក្នុង​និវេសដ្ឋានខ្លួន ដែលស្ថិត​ក្នុង​​សង្កាត់​ជាយក្រុងមួយ ឈ្មោះ​«Herzliya»។

ប្រភពស្និតនឹងសំនុំរឿង បានអះអាងថា ក្នុងពេលភ្លាមៗ នគរបាលអ៊ីស្ត្រាអែល ដែលបាន​ចុះ​ទៅផ្ទាល់កន្លែង បានបើកការស៊ើបអង្កេត នៅចំពោះករណីមរណភាព ដ៏ទាន់ហន់នេះ។ ប្រភពដដែលនោះ ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បានអះអាងថា លោកឯកអគ្គរដ្ឋទូត ទំនងជាបានស្លាប់ ដោយអាការៈ«គាំងបេះដូង» ក្នុងយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យ។

ក្រសួងការបរទេសអ៊ីស្ត្រាអែល បានអះអាងប្រហាក់ប្រហែលគ្នាថា គ្រប់ភស្ដុតាង​ដែល​ទទួល​បាន បញ្ជាក់ពី​មរណភាព «តាមបែបធម្មជាតិ» របស់លោក ឌុយ វៃ។

រីឯក្រសួងការបរទេសចិនវិញ បានលើកឡើងថា ខ្លួននឹងធ្វើអត្ថាធិប្បាយ នៅលើ​សំនុំរឿង​នេះ នៅពេលណា ដែលខ្លួន​ទទួលបាន​ព័ត៌មាន​«រឹងមាំ»​ជាមុនសិន។ តែប្រភពមួយ ដែល​ត្រូវបាន​​ស្រង់សំដី ដោយ​បណ្ដាញព័ត៌មាន​​បារាំង «France Info» បានអះអាងថា ក្រសួង​ការបរទេស​ចិន អះអាងពីមរណភាពដ៏ទាន់ហន់ និងតាមបែបធម្មជាតិ នៃមន្ត្រីការទូត​របស់ខ្លួន។

មរណភាពរបស់លោក បានកើតឡើង នៅតែប៉ុន្មានថ្ងៃ ក្រោយដំណើរទស្សនកិច្ច របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ ភមភីអូ (Mike Pompeo) នៅក្នុង​ប្រទេស​អ៊ីស្ត្រាអែល។

ប្រភពព័ត៌មានជាច្រើន អះអាងថា ប្រមុខការទូតអាមេរិក បានលើកឡើង កាលពី​ពេល​ថ្មីៗនេះ ទាមទារ​ឲ្យអ៊ីស្ត្រាអែល ដាក់កំហិត ទៅលើការវិនិយោគរបស់ចិន នៅក្នុង​វិស័យ​ជាយុទ្ធសាស្ត្រ​មួយចំនួន នៅលើ​ទឹកដី​អ៊ីស្ត្រាអែល។

លោក វៃ មានសញ្ញាប័ត្រច្បាប់ និងធ្លាប់ជា​ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអ៊ុយក្រែន រវាងពីឆ្នាំ ២០១៦ មកទល់នឹងឆ្នាំ ២០១៩។ នៅមុនឆ្នាំ២០១៦ លោក ឌុយ វៃ មានតំណែង​ជានាយករង នៃនាយកដ្ឋាន​គម្រោង​នយោបាយ របស់ក្រសួង​ការបរទេសចិន។

នៅមុន និងក្នុងពេលកើតហេតុ ភរិយា និងកូនប្រុសរបស់លោក ឌុយ វៃ មិនបាន​រស់នៅ​អ៊ីស្ត្រាអែល ជាមួយលោកនោះទេ៕



លំអិតបន្ថែមទៀត

ដំណឹង

មេរោគ​«កូរូណា»​បាន​សម្លាប់​មនុស្ស​៦៩នាក់​ទៀត ក្នុង​តុល្យភាព​ថ្ងៃសុក្រ

មេរោគ«កូរូណា»ដ៏ប្រល័យ បានសម្លាប់បណ្ដាជនចិន ចំនួន៦៩នាក់បន្ថែមទៀត ក្នុងតុល្យភាពចុងក្រោយ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ ដោយអាជ្ញាធរខេត្ត «Hubei» របស់ចិន ហើយបានធ្វើឲ្យតុល្យភាពសរុប នៃចំនួនមនុស្សស្លាប់ កើនឡើងដល់ទៅជាង ៦៣០នាក់។ នៅក្នុងរបាយការណ៍ ...
កម្ពុជា

Covid-19៖ អាជ្ញាធរចិន​រកឃើញ បុរសម្នាក់​ទៀត ឈឺជំងឺ​ចេញពីកម្ពុជា

បុរសម្នាក់​ទៀត ត្រូវបានធ្វើតេស្ដិ៍ រកឃើញមានផ្ទុកមេរោគ «Covid-19» កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបុរសរូបនោះ ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃមួយថ្ងៃមុន។ របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខភាពប្រជាជន នៃក្រុងខ្វាងចូវ ...
ដំណឹង

ចិន​ទាមទារ​ឲ្យ​អាមេរិក​លប់ចោល​ការលក់​សព្វាវុធ​ដ៏​សម្បើម ទៅឲ្យ​តៃវ៉ាន់

ការលក់សព្វាវុធដ៏សម្បើម ក្នុងកម្រិតទឹកប្រាក់ ២,២ពាន់លានដុល្លារ ពីសំណាក់សហរដ្ឋអាមេរិក ទៅឲ្យ​តៃវ៉ាន់ ចាំបាច់ត្រូវ«លុបចោលជាបន្ទាន់»។ នេះ ជាការទាមទារឡើង របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងថ្ងៃអង្គារនេះ។ សហរដ្ឋអាមេរិក តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានប្រកាសឲ្យដឹង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.