កាមតណ្ហាមនុស្ស ៖ សត្វឈ្មោលវារកញី ដោយសារធម្មជាតិវាមានសភាវៈ តម្រូវឲ្យបន្តពូជសត្វ របស់ពួកវា។ មែនទែនទៅ វាមិនមានអារម្មណ៍ត្រេកត្រអាល តណ្ហាពុះកញ្ជ្រោល សប្បាយភ្លើតភ្លើន ដូចមនុស្សលោកទេ។ មនុស្ស មិនថាភេទប្រុសឬស្រី សុទ្ធតែត្រេកត្រអាល សប្បាយរីករាយនឹងមានតណ្ហា ជាមួយនឹងភេទផ្ទុយខ្លួន។ ហេតុដូច្នេះហើយ បញ្ហានានា កកើតចេញពីតណ្ហានេះ ក៏កើតមានឡើងមិនចេះអស់ មិនចេះហើយ។
ធម្មជាតិបានបណ្តាលឲ្យរាល់សត្វ ដែលកើតមកចម្រើនវ័យដល់ល្មមកើតចេញជាមានតម្រេក នូវកាមតណ្ហា។ នេះដោយសារតែធម្មជាតិ តែងតែលូតលាស់ រីកចម្រើនទៅមុខ បើមិនមានការបន្តពូជនោះទេ ក៏នឹងបណ្តាលឲ្យសព្វសត្វវិនាសផុតពូជ អស់ពីចក្រវាឡនេះទៅ។
ដោយឡែក ធម្មជាតិបន្ថែមជាពិសេស ដល់មនុស្សលោកលើសពីសត្វនានា ឲ្យមនុស្សមានអារម្មណ៍កាមទេព សប្បាយរីករាយជាមួយនឹងតណ្ហា លើសពីការបន្តពូជ។ ការបន្ថែមជាពិសេសនេះ ជាការប្រសើរល្អ សម្រាប់ពូជមនុស្សយើងហើយ ក៏ប៉ុន្តែវាកើតទៅជាសោកនាដកម្មច្រើនប្រការ ដោយសារការប្រើប្រាស់តណ្ហា លើសលោះហួសប្រមាណ។
មិនចាំបាច់បរិយាយច្រើន រាល់ថ្ងៃនេះយើងមើលតែសារពត៌មាន ទាំងបណ្តាញសង្គមជាដើម មនុស្សប្រុសលួចមានស្រីក្រៅ ប្រពន្ធតាមទាន់កើតជាជម្លោះ កាប់ចាក់សម្លាប់ ចាក់ស្រោចទឹកអាស៊ីត មានខ្លះរហួតជួលឃាតករ ឲ្យផ្តាច់ផ្តិលជីវិតស្រីកំណាន់ចិត្តរបស់ប្តី យ៉ាងសាហាវឃោឃៅ។ រីឯរឿងខ្លះទៀត ស្រ្តីជាប្រពន្ធរត់តាមសាហាយ ទុកកូនពីរបីចោល ឲ្យប្តីកំសត់មើលថែ។
ដោយឡែក មនុស្សស្រីច្រើនមានការខ្មាស់អៀនច្រើន ក្នុងរឿងតណ្ហានេះ ហើយពួកគាត់រមែងតែងតែលាក់ជិត បានល្អជាងមនុស្សប្រុស។ ឯមនុស្សប្រុសវិញ មិននិយាយដោយទាំងអស់ទេ តែច្រើនតែលាក់មិនសូវជិត នូវសភាពជាតិរិច្ឆាននេះ ហើយក៏ទៅប្រព្រឹត្តនូវអំពើ មិនគួរគប្បីនានា ដែលសង្គមនុស្សគេស្អប់ខ្ពើម។
ភេទជាមនុស្សប្រុសនេះ បើកាលណាឃើញមនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាត ក៏តាំងបញ្ចេញនូវកាយវិការ សម្តីឡែបខាយលេងសើច ផ្តោះផ្តងទៅនារីនោះ ដើម្បីជាការសប្បាយរីករាយ ទាំងភ្លេចថាខ្លួនឯងមានប្រពន្ធកូន មានអាយុច្រើនជាងគេ ភ្លេចខ្លួនជាបុព្វជិតក្នុងសាសនា ឬភ្លេចខ្លួនថា មានឋានៈបុណ្យសក្តិធំខ្ពស់ខ្ពស់ ឬក៏សម្បុររូបរាងយ៉ាប់ទៅទៀត។
ត្រឹមតែលេងសើចឡែបខាយនោះ ក៏មិនទាន់មានទោសទណ្ឌធ្ងន់ធ្ងរដែរ តែមានប្រុសខ្លះក៏ទៅលួចលាក់ មានស្រីក្រៅចឹញ្ចឹមទុក គ្រាន់បម្រើតណ្ហាខ្លួន ដោយអាងអំណាចទឹកលុយ ដែលមានរួចក៏គិតថា អាចយកទៅទិញអ្វីៗទាំងអស់ បានតាមចិត្ត ចំណែកឯស្រីៗ ដែលអាងខ្លួនមានសម្ភស្សល្អឆើត ជាទីគាប់ភ្នែកកន្លង់ ក៏សុខចិត្តយល់ព្រម លក់កេរ្តិ៍លក់ខ្មាស់ ប្តូរយកនូវលុយកាក់ឡាន របស់ប្រ៊ែនៗ (Brand) ផ្ទះខុនដូទំនើប ឬដើរលេងក្រៅប្រទេសជាដើម។
ដល់ទៅលទ្ធផល ចួនលោតពីលើស្ពាន ឬអគារខ្ពស់សម្លាប់ខ្លួន ចួនណាប្រពន្ធពេញច្បាប់ គេតាមធ្វើបាប បាញ់សម្លាប់ ឬជះទឹកអាស៊ីតជាតដើម។ ដើមហេតុភាគច្រើន គឺបណ្តាលមកពីសត្វប្រុស (សត្វគឺអត់ដឹងខុសត្រូវ បើមនុស្សគឺដឹងខុសត្រូវ ដូច្នេះទីនេះពាក្យថាសត្វ គឺជាពាក្យសំដៅមនុស្ស ដែលអត់ដឹងខុសត្រូវ)។
និយាយបែបនេះ ក៏មិនមែនដាក់បន្ទុក តែភាគីខាងប្រុសតែមួយមុខដែរ ព្រោះជាធម្មតាទំពក់វាទៅ ទើបព្នៅវាមក ឬទះដៃម្ខាងក៏វាមិនលឮដែរ ទាល់តែទះដៃទាំងពីរ។ គ្រាន់តែថា នៅវេលានេះ ក៏ចង់ដាស់តឿន ដល់សុភាពបុរសទាំងឡាយ សូមកុំដើរចូលទៅក្នុងការវង្វេង ដោយសារកាមតណ្ហា កុំអាងទឹកលុយ កុំអាងថាខ្លួនសង្ហារ ឬមានចំណេះចេះដឹងច្រើន កុំអាងថា វាអត់អីខាតបង់ដោយសារយើងជាភាគីខាងប្រុស កុំអាងលើពាក្យថា ប្រុសពេញដីស្រីពេញនគរ។
លោកអ្នកតោងគិតដល់ផលវិបាក នៃការប្រព្រឹត្តកាមកិលេសតណ្ហា ខុសច្រើនលើស ដែលនឹងនាំឲ្យអន្តរាយដល់ជីវិត ទាំងជីវិតខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារផង។ ការមិនលុះដោយសេចក្តីល្មោភកាម នឹងនាំមកនូវសេចក្តីសុខ ដល់ជីវិតមួយផ្នែក រួមទាំងមិនចំណាយពេលវេលា ដ៏មានតម្លៃរបស់យើង ទៅដោះស្រាយបញ្ហា ដែលវាកើតឡើងដោយសារតណ្ហានេះឯង។ ដោយបំណងល្អ ពីចៅចិត្រ៕
——
ចៅចិត្រ
អត្ថបទ«កាមតណ្ហាមនុស្ស»ខាងលើ ត្រូវបានផ្ញើរមកទស្សនាវដ្ដី និងត្រូវបានចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាពនៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]។
ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការពិនិត្យចុះផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពក្ដីប្រាថ្នារបស់ប្រិយមិត្ត ដែលមិនចង់បញ្ចេញឈ្មោះ៕