នៅអាល់ហ្សេរី អគ្គមេបញ្ជាការកងទ័ពនៃប្រទេស ទើបនឹងអាកាត់បញ្ហាដ៏សំខាន់មួយ ក្នុងបន្ទាប់ពីបាតុកម្មរបស់ក្រុមនិស្សិត បានទាមទារតាំងពីច្រើនសប្ដាហ៍មកហើយ ឲ្យលោកប្រធានាធិបតី «Abdelaziz Bouteflika» ឈប់បន្តនៅក្នុងអំណាចតទៅទៀត។
លោកឧត្ដមសេនីយ៍ «Gaïd Salah» បានថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ស្នើឲ្យបើកនីតិវិធីបណ្ដេញលោក «Abdelaziz Bouteflika» ចេញពីតំណែងជាប្រមុខរដ្ឋ។
មេដឹកនាំកំពូល នៃយោធាអាល់ហ្សេរី បានលើកឡើងពីមាត្រា ១០២ នៃរដ្ឋធម្មនុញ្ញអាល់ហ្សេរី ដែលបានចែងថា ប្រធានាធិបតីត្រូវបញ្ចប់មុខតំណែង ក្រោមមូលហេតុជំងឺ ដែលមានសភាពធ្ងន់ធ្ងរ និងមានរយៈពេលយូរ ហើយដែលធ្វើឲ្យរំខាន ដល់ការអនុវត្តន៍តួនាទីរបស់ខ្លួន ឲ្យបានពេញលេញ។
លោក «Gaïd Salah» បានបញ្ជាក់ថា មាត្រាមួយនេះ គ្រប់គ្រាន់នឹងដោះស្រាយបញ្ហាធ្ងន់ធ្ងរ ដែលបានធ្វើឲ្យប្រទេសអាល់ហ្សេរី នៅជាប់គាំង តាំងពីជាងមួយខែមកហើយ។
លោកមេទ័ពអះអាងថា ការចូលអន្តរាគមន៍របស់លោក ជា«ចម្លើយតបនឹងការទាមទារ ដោយស្របច្បាប់ របស់ប្រជាជនអាល់ហ្សេរី» ហើយក៏ជា«ការធានា ទៅដល់ការគោរពរដ្ឋធម្មនុញ្ញ និងថែរក្សាអធិបតេយ្យជាតិ»។
លោក «Abdelaziz Bouteflika» អាយុ៨២ឆ្នាំ បានធ្លាក់ខ្លួនមានជំងឺ «ដាច់សរសៃខួក្បាល» តាំងពីច្រើនឆ្នាំមកហើយ។ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយ លោកត្រូវបណ្ដាជនអាល់ហ្សេរី បង្ខំឲ្យលោកបញ្ចប់អាណត្តិជាប្រធានាធិបតី នៅត្រឹមនេះ។
បាតុកម្មនៅតាមដងផ្លូវទាំងនោះ គឺជាការទាមទារដ៏ខ្លាំងក្លា មិនដែលធ្លាប់មាន តាំងពី២០ឆ្នាំកន្លងមក ពោលគឺតាំងពីលោក «Abdelaziz Bouteflika» បានក្លាយខ្លួន ជាប្រមុខរដ្ឋនៃប្រទេស៕