ដំណឹងអាស៊ី-ប៉ាស៊ីភិក

HRW៖ ក្រុងព្យុងយ៉ាង​ចាត់ទុក​អ្នកជាប់ឃុំ «មិនស្មើនឹង​សត្វធាតុ»

ការធ្វើទារុណកម្ម ការបំបាក់ស្មារតី និងការឆ្លើយសារភាព ក្រោមការបង្ខិតបង្ខំ គឺជាក្បួនតម្រាជាទូទៅ នៅក្នុងប្រព័ន្ធយុត្តិធម៌ នៃរបបកុម្មុយនីស្ដិ៍កូរ៉េ ដែលចាត់ទុកអ្នកជាប់ឃុំទាំងឡាយ «មិនស្មើនឹងសត្វធាតុ»នោះផងទេ។ នេះ បើតាមរបាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលចេញផ្សាយ ក្នុងថ្ងៃចន្ទនេះ។

អង្គការអន្តរជាតិខាងលើ ដែលហៅជាភាសាអង់គ្លេស «Human Rights Watch (HRW)» បានអះអាងថា ខ្លួនបានជួបសម្ភាស ជាមួយអតីតអ្នកជាប់ឃុំ ជាច្រើននាក់ ក៏ដូចជា​អ្នកទទួលខុសត្រូវ​មួយចំនួន និងបានរកឃើញថា មណ្ឌលឃុំឃាំងនានា ក្នុងប្រទេសកូរ៉េខាងជើង តែងអនុវត្តការធ្វើទារុណកម្ម ទៅលើអ្នកជាប់ឃុំ។

ក្រុមមនុស្សដែលបានផ្ដល់កិច្ចសម្ភាស បានអះអាងថា ការជាប់ឃុំជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការ មានលក្ខណៈយូរហួសហេតុ ហើយក្រុមអ្នកជាប់ឃុំ បានរងការធ្វើបាប។ អ្នកជាប់ឃុំភាគច្រើន បានទទួលការវាយតប់ ទៅលើរូបរាងកាយពួកគេ។

អតីតអ្នកទទួលខុសត្រូវ​មួយរូប ក្នុងជួរនគរបាល​កូរ៉េខាងជើង ត្រូវបានដកស្រង់សំដី មក​ពន្យល់ថា៖

«បើតាមក្រឹត្យក្រម ចែងថា អ្នកជាប់ឃុំទាំងឡាយ មិនត្រូវបានវាយធ្វើបាបទេ តែយើងត្រូវការចម្លើយសារភាព ដើម្បីការស៊ើបអង្កេត។ ដូច្នេះ យើងត្រូវប្រើមធ្យោបាយ​វាយតប់ ដើម្បីទទួលបាន​ចម្លើយសារភាព។»

រីឯអតីតអ្នកជាប់ឃុំជាច្រើននាក់ បានលើកឡើងបន្ថែមថា ពួកគេត្រូវបានកំហិត ឲ្យអង្គុយលុតជង្គង់ ឬអង្គុយពែនភ្នែន ដោយគ្មានកម្រើក រហូតរយៈពេល១៦ម៉ោង។ បើពួកគេណាម្នាក់ ហ៊ានរង្គើខ្លួន នោះនឹងរងការពិន័យ ដោយវាយនឹងដំបង ខ្សែក្រវ៉ាត់ ឬរងការដាល់តប់។ អ្នកជាប់ឃុំខ្លះ រងការពិន័យ ឲ្យរត់ជុំវិញបរិវេណពន្ធនាគារ រហូតដល់១០០០ជុំជាដើម។

«នៅទីនោះ (ពន្ធនាគារកូរ៉េខាងជើង) អ្នកឯងត្រូវគេចាត់ទុក មិនស្មើនឹងសត្វធាតុ តែមុននិងក្រោយ អ្នកឯងក៏គង់នឹងប្រែក្លាយ ទៅជាសត្វដដែលដែរ។»

ស្ត្រីអ្នកជាប់ឃុំ ដែលផ្ដល់កិច្ចសម្ភាសដែរ បានបញ្ជាក់ថា ពួកគេរងការបៀតបៀន ផ្នែកផ្លូវភេទ ពីសំណាក់ឆ្មាំពន្ធនាគារ និងមន្ត្រីទទួលបន្ទុកសួរចម្លើយ។ អតីតមន្ត្រីនគរបាលម្នាក់ ក៏បានអះអាង ពីទង្វើនេះដូចគ្នា និងបាននិយាយបន្ថែមថា ខ្លួនទប់អារម្មណ៍មិនបាន។

ក្នុងរបាយការណ៍ដដែល អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានស្នើឲ្យរបបក្រុងព្យុងយ៉ាង «បញ្ឈប់នូវទារុណកម្ម ដ៏យង់ឃ្នង និងសាហាវព្រៃផ្សៃ ក៏ដូចជាការវាយធ្វើបាប យ៉ាងអមនុស្សធម៌ នៅក្នុងបណ្ដាពន្ធនាគារ»។

អង្គការអន្តរជាតិខាងលើ នៅបានទាមទារ ឲ្យប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលជាសមាជិក របស់អង្គការសហប្រជាជាតិ ត្រូវដាក់សម្ពាធ ទៅរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីរបបកុម្មុយនីស្ដិ៍មួយនេះ បញ្ឈប់ទារុណកម្ម និងគោរពសិទ្ធិ អ្នកជាប់ឃុំ។

យ៉ាងណា ក្រុងព្យុងយ៉ាងតែងអះអាងថា ខ្លួនគោរពសិទ្ធិមនុស្ស យ៉ាងខ្ជាប់ខ្ជួន ហើយថា រាល់ការរិះគន់ទាំងឡាយ ពីសំណាក់សហគមន៍អន្តរជាតិ គឺជាយុទ្ធនាការបែបប្រតិកិរិយា សំដៅសំអុយឈ្មោះ «ប្រព័ន្ធដឹកនាំ បែបសង្គមនិយមដ៏ភ្លឺថ្លា» របស់ខ្លួន៕



លំអិតបន្ថែមទៀត

របាយការណ៍

«មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុងរយៈពេល​២០ឆ្នាំ»

នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយៈពេល​២០ឆ្នាំ ឬពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ...
ដំណឹង

កូរ៉េខាងជើង​ស្នើឲ្យ​ដក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចេញ​ពី​ការចរចា

ប្រទេសកូរ៉េខាងជើង បានស្នើសុំកាលពីម្សិលម៉ិញ ឲ្យដកលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ចេញ​ពី​ការចរចា ស្ដីពីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ សម្រាប់របបកុម្មុយនីស្ដិ៍ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.