កម្ពុជា

អង្គការចំនួន៣ នៅអាស៊ី រួមគ្នាថ្កោលទោស​ដីកា​ចាប់ខ្លួន​មេដឹកនាំ CNRP

អង្គការចំនួន៣ នៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសការចេញ​ដីកា​របស់សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឲ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំង៨រូប ដោយហៅដីកានោះ ថាជាភស្ដុតាងថ្មីបង្ហាញពីការប្ដេជ្ញាចិត្ត របស់របបឯកបក្សក្រុងភ្នំពេញ ក្នុងការបំបាត់សម្លេងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។

សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានពន្យល់ថា ដីកានោះ គឺជារឿងដោយឡែករបស់តុលាការ ដែលធ្វើការប្រកបដោយឯករាជ្យភាព បន្ទាប់ពីបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក។

កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីបានចុះហត្ថលេខា និងចេញផ្សាយក្នុងពេលតែមួយ ទៅលើដីកាចំនួន៨ច្បាប់ ដោយបញ្ជាទៅកងកម្លាំងអាជ្ញាធរ ឲ្យតាមចាប់ខ្លួនថ្នាក់ដឹកនាំប្រឆាំង ទាំង​៨នាក់ ពីបទក្បត់ជាតិ និងផ្សំគំនិតក្បត់។

មន្ត្រីប្រឆាំងទាំង៨នាក់ ដែលជាប់ក្នុងដីកា របស់សាលាដំបូងរាជធានីភ្នំពេញ មានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្រ្ទ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងអ្នកស្រី មូរ សុខហួរ។

សម្រាប់អង្គការអន្តរជាតិទាំងបីនៅអាស៊ី ដែលរួមមាន វេទិកាអាស៊ី (FORUM-ASIA) សភាអាស៊ាន (APHR) និងបណ្ដាញដើម្បីលទ្ធិប្រជាធិបតេយ្យនៅអាស៊ី (ADN) បានពន្យល់ថា ការចោទប្រកាន់ ទៅលើមេដឹកនាំប្រឆាំងទាំង៨រូប តាមមាត្រា ៤៥៣ ៤៩៤ និងមាត្រា ៤៩៥នោះ បានបង្ហាញបន្ថែមទៀត ពីការគម្រាមកំហែង តាមផ្លូវតុលាការ និងយ៉ាងហិង្សា ដោយគ្មានមូលដ្ឋានគ្រឹះ ទៅលើសិទ្ធិសេរីភាព​នៃការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងការប្រមូលផ្ដុំគ្នា​ធ្វើសមាគម។

សេចក្ដីថ្លែងការណ៍រួមបានសរសេរថា៖

«ចាប់តាំងពីការបាត់បង់សម្លេងគាំទ្រដ៏ធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញចរិតផ្ដាច់ការ កាន់តែខ្លាំងឡើង និងបានប្រើប្រាស់ការវាយបង្ក្រាប ជាបន្តបន្ទាប់ ទៅលើស្ថាប័នប្រជាធិបតេយ្យ។ ច្បាប់ដ៏ឃោឃៅជាច្រើន ដូចយ៉ាងច្បាប់ស្ដីពីអង្គការសមាគម ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ត្រូវបានយកមកប្រើប្រាស់ ដើម្បីគម្រាមនិងចាប់ខ្លួន បណ្ដាជនជំទាស់។»

«នៅក្នុងបរិបទ នៃអវត្តមានសារព័ត៌មានសេរី និងគណបក្សប្រឆាំងពិតប្រាកដមួយ ដែលត្រូវបានរំលាយតាមទំនើងចិត្តនោះ គោលនយោបាយបង្ក្រាបទាំងនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាជនកម្ពុជាទាំងអស់ ខណៈពួកគេគួរមានសមត្ថភាព ចាត់ឱ្យអ្នកនយោបាយ ត្រូវមានការទទួលខុសត្រូវ។»

អង្គការចំនួន៣ ៖ «ការប្ដេជ្ញាចិត្តរបស់ក្រុងភ្នំពេញ ជាសន្យាខ្យល់»

ក្រុមអង្គការអន្តរជាតិទាំងនោះ បានបញ្ជាក់ទៀតថា ទង្វើថ្មីៗរបស់របបដឹកនាំក្រុងភ្នំពេញ បានធ្វើឲ្យការប្ដេជ្ញាចិត្ត​ចុងក្រោយរបស់ខ្លួន នៅចំពោះសហគមន៍អន្តរជាតិ ថានឹងជំរុញឲ្យស្ថានការណ៍នយោបាយ ត្រឡប់មករកភាពល្អប្រសើរវិញនោះ គ្រាន់តែមានលក្ខណៈ ជាការសន្យាខ្យល់ប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍បានលើកយកករណីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ កាលពីខែធ្នូកន្លងទៅមកបញ្ជាក់ថា តាមពិតទៅគឺមន្ត្រីគណបក្សប្រឆាំង ដែលរងការ​ហាមឃាត់​ធ្វើសកម្មភាពនយោបាយ ចាំបាច់ត្រូវឆ្លងកាត់ ការស្នើសុំដ៏អាស្រូវមួយ ទៅកាន់រដ្ឋមន្ត្រីមហាផ្ទៃ មុននឹងនាយករដ្ឋមន្ត្រីសម្រេច តាមទំនើងចិត្តថា តើគួរផ្ដល់សិទ្ធិធ្វើនយោបាយនេះ ឲ្យពួកគេឬយ៉ាងណា។

អង្គការធំៗទាំងនោះ បានសរសេរទៅកាន់សហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធបន្ថែមទៀត ទៅលើក្រុងភ្នំពេញ ហើយបានអំពាវនាវឲ្យរបបដឹកនាំមួយនេះ ត្រូវលប់ចោល​នូវច្បាប់ដ៏អាស្រូវ ទាំងប៉ុន្មានខាងលើ ដោយហេតុថា ប្រទេសកម្ពុជាជាម្ចាស់ហត្ថលេខី នៃការផ្ដល់សច្ចាប័ន្រ ទៅលើអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍​បានស្នើទៅរបបលោក ហ៊ុន សែន ឲ្យចាត់វិធានការ«ពិតប្រាកដ» ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ ដោយចាប់ផ្ដើមពីការលប់ចោលទាំងអស់ នូវដីកាតុលាការទាំងឡាយ ដែលធ្វើឡើងដោយគ្មានមូលដ្ឋាន ប្រឆាំងនឹងក្រុមអ្នកនយោបាយ និងអ្នករិះគន់ ព្រមទាំងអនុញ្ញាតឲ្យពួកគេ អាចធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព។

«តុលាការ គឺជាលេណដ្ឋានសម្រាប់ក្រុងភ្នំពេញគេចគ្រាប់»

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌កម្ពុជា បានការពារការចេញ​ដីកា របស់តុលាការថា ជាការអនុវត្តន៍​យន្តការ​ច្បាប់ ដោយ​ផ្អែក​លើ​ការ​ស៊ើបអង្កេត​ច្បាស់លាស់ ហើយបានហៅប្រតិកម្មរបស់ក្រុមអង្គការអន្តរជាតិទាំងនោះ ថាជាមានលក្ខណៈនយោបាយ។

ស្រង់សំដីដោយវិទ្យុអាស៊ីសេរី អ្នកនាំពាក្យបានឲ្យដឹងថា៖

«ការ​ចេញ​ដីកា​នេះ គឺ​ជា​យន្តការ​អនុវត្ត​ច្បាប់​សុទ្ធសាធ​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព្រោះ​ផ្អែក​លើ​មូលដ្ឋាន​លើ​ការ​ស្រាវជ្រាវ និង​ការ​ស៊ើបអង្កេត​ច្បាស់លាស់ ហើយ​ការ​ចោទ​ប្រកាន់​ថា ជា​រឿង​នយោបាយ​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។»

ចំពោះអ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ វិញ មិនបានលើកឡើងអ្វីច្រើនទេ។ លោកគ្រាន់តែប្រើន័យធៀបមួយថា តុលាការសព្វថ្ងៃ គ្រាន់តែជាលេណដ្ឋាន (Tranchées) សម្រាប់ឲ្យក្រុងភ្នំពេញ យកទៅពួនបំបាំងខ្លួន ដើម្បីគេចគ្រាប់ប៉ុណ្ណោះ។

កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយចាត់ទុកការចេញដីកានោះ ថាកំពុងបង្ហាញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងយកតុលាការ ធ្វើជាឧបករណ៍នយោបាយ ដើម្បីជា«ការផ្គើន» នឹងវិធានការនានារបស់សហគមន៍អន្តរជាតិ និងបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។