វីដេអូ ពីនេះពីនោះ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវបានថតជាវីដេអូ បង្ហាញថាលោក បានចាប់ខ្សែប្រយុទ្ធ កីឡាការិនី Jenni Hermoso ឱបយ៉ាងណែនដៃ មុននឹងចាប់ក្បាលនាង មកឲ្យលោកថើបមាត់។ ហេតុការណ៍នេះ កើតឡើងនៅលើវេទិកា មុនពេលក្រុមកីឡាការិនីអេស្ប៉ាញ ត្រៀមទៅលើកពានរង្វាន់ពិភពលោក ដែលពួកនាងទើបនឹងប្រកួតឈ្នះ។ 

ទង្វើរបស់មេដឹកនាំបាល់ទាត់អេស្ប៉ាញ បានបង្កឲ្យផ្ទុះសង្គ្រាមប៉ាកកា នៅក្នុងចំណោមបណ្ដាជន ដែលស្នេហាវិស័យបាល់ទាត់ ជាពិសេសបណ្ដាជនក្នុង​ប្រទេសអេស្ប៉ាញផ្ទាល់តែម្ដង។

រូបភាព«ថើបមាត់»របស់អ្នកទាំងពីរ ត្រូវបានបង្ហោះចែកចាយ នៅលើបណ្ដាញសង្គម និងរងការរិះគន់យ៉ាងចាស់ដៃ ដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានហៅទង្វើខាងលើថា ជា«ការបៀតបៀនផ្លូវភេទ»។ ខ្លះទៀត ធ្វើការប្រៀបធៀបថា បើក្រុមកីឡាករអេស្ប៉ាញផ្នែកបុរស បានឈ្នះពានពិភពលោកដូច្នេះ តើលោក Luis Rubiales នឹងចាប់ពួកគេ«ថើបមាត់»ដែរឬទេ?

ប្រសិនជារូបភាពដ៏ហួសចិត្ត បានជំរុញឲ្យមានការគិតថា អ្នកទាំងពីរទំនងជាមានទំនាក់ទំនងសម្ងាត់រវាងគ្នានោះ តែសម្រាប់សារព័ត៌មានទាំងឡាយ នៅក្នុងប្រទេសអេស្ប៉ាញ បានអះអាងថា ពួកគេរកមិនឃើញពីភស្ដុតាង ពីករណីនេះទេ។

នៅបន្តិចក្រោយមក នាង Jenni Hermoso បានប្រតិកម្មតបនឹងសកម្មភាព«ចាប់ថើប» ពីសំណាក់ប្រធានសហព័ន្ធ ថានាង«មិនចូលចិត្ត»កាយវិការរបៀបនេះឡើយ។ តែនាងបានពន្យល់ថា វាជាកាយវិការដែលកើតឡើង«ឯកឯង ភ្លាមៗ» ដោយសារក្ដីរំភើបឥតឧបមា ចំពោះជ័យជំនះថ្មីថ្មោង នៅក្នុងការដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៣នេះ។

ប្រភពមួយពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីមកបញ្ជាក់ថា លោក Luis Rubiales និងកីឡាការិនី Jenni Hermoso គឺជាមិត្តភ័ក្រស្គាល់គ្នាជិតដិត ហើយអ្វីដែលពួកគេ​បានធ្វើ​នៅលើវេទិកាខាងលើ គ្រាន់តែជាកាយវិការ ដែលកើតឡើងដោយចៃដន្យ ដោយគ្មានការគ្រោងទុក​ប៉ុណ្ណោះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។

Tags: Spain Roja