បាល់ទាត់

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

នៅក្រោមការតាមដានដោយផ្ទាល់ ពីសំណាក់ទស្សនិកជនប្រមាណជា ៧៥000នាក់ បាល់តែមួយគ្រាប់ របស់ក្រុមជម្រើសជាតិផ្នែកនារី របស់ប្រទេសអេស្ប៉ាញ រកបានដោយខ្សែប្រយុទ្ធ កីឡាការិនី Olga Carmona នៅនាទី២៩។ កីឡាការិនីរូបនេះ ធ្លាប់បានរកគ្រាប់បាល់ដូចគ្នា នៅក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមស៊ុយអែដ (ពិន្ទុចុងក្រោយ ២-១)។

ជ័យជំនះរបស់ក្រុមជម្រើសជាតិ បានធ្វើឲ្យប្រទេសអេស្ប៉ាញ ក្លាយជាជើងឯក​ពិភពលោក​លើកដំបូង និងបានលើកពានពិភពលោក ឆ្នាំ២០២៣ បន្តពីសហរដ្ឋអាមេរិក ដែលបានឈ្នះបាល់ទាត់ពិភពលោក កាលពីឆ្នាំ២០១៩ និងបាន់កាន់កាប់តំណែងនេះ ចំនួន៤ជំនាន់ ច្រើនជាងបង្អស់ (ឆ្នាំ១៩៩១ ១៩៩៩ ២០១៥ និងឆ្នាំ២០១៩)។

ចំណែកក្រុមបាល់ទាត់ផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដែលកំពុងកាន់តំណែង ជាជើងឯកអ៊ឺរ៉ុប ឆ្នាំ២០២២ បានសំដែកការខកចិត្ត នៅចំពោះការបរាជ័យយ៉ាងប្រផិតប្រផើយ ទល់នឹងក្រុមអេស្ប៉ាញ។ ក្រុមកីឡាការិនីអង់គ្លេស ដែលធ្លាប់បានឡើង មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំនួន២ដង នៅក្នុង​បាល់ទាត់ពិភពលោក​លើកមុនៗ មិនអាចរកគ្រាប់បាល់ ដើម្បីអនុញ្ញាតឲ្យខ្លួន បានឈ្នះពានសម្រាប់ព្រឹត្តិការណ៍លើកនេះ។

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកស្ត្រី ក្នុងឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅ ក្នុងប្រទេសអូស្ត្រាលី និងញ៉ូហ្សេឡែន ក្រុមបាល់ទាត់ខ្លាំងៗជាច្រើន បានជ្រុះចេញជាបន្តបន្ទាប់ តាំងពីក្នុងការប្រកួតជុំក្នុងពូល ដូចយ៉ាងក្រុមប្រេស៊ីល អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ និងក្រុមកាណដាជាដើម។

ចំណែកឯក្រុមបាល់ទាត់ផ្នែកស្រ្រី របស់ប្រទេសបារាំងវិញ ត្រូវបានជម្រុះចេញ នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតទល់នឹងក្រុមអូស្ត្រាលី (ម្ចាស់ផ្ទះ) ដោយការទាត់បាល់កាត់សេចក្ដី (៦-៧)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។