ពិភពលោក

ត្រាំ ប្រកាសថា ISIS ត្រូវបានកម្ទេចអស់ហើយ ពីប្រទេសស៊ីរី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងនៅថ្ងៃសុក្រនេះ អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ត្រូវបានកម្ទេចអស់ហើយ ពីប្រទេសស៊ីរី។

លោក ត្រាំ បានប្រកាសដូច្នេះ នៅចំពោះក្រុមអ្នកយកព័ត៌មាន ដោយបង្ហាញពីផែនទី នៃតំបន់ជាច្រើន ដែលមុននេះត្រូវបានគ្រប់គ្រងកាន់កាប់ ដោយក្រុមភេរវនិយម។

បើនិយាយទៅ ក្រុមសម្ព័ន្ធមិត្តអន្តរជាតិ រួមនឹងកងកម្លាំងប្រជាធិបតេយ្យ នៅស៊ីរី បានប្រើរយៈពេលជិត១ឆ្នាំ ដើម្បីអាចរំដោះទឹកដីជាច្រើន និងទីបំផុត រំដោះទីក្រុងចុងក្រោយ ដែលស្ថិតក្រោមការកាន់កាប់ របស់ក្រុមរដ្ឋអ៊ីស្លាម។

សម្រាប់ក្រុមរដ្ឋអ៊ីស្លាម បរាជ័យនៃមូលដ្ឋានចុងក្រោយរបស់ខ្លួន មានន័យស្មើនឹងការបិទបញ្ចប់ នៃទឹកដីព្រះជាម្ចាស់ ដែលភាសាអារ៉ាប់ហៅថា «Califat» និងដែលក្រុមនេះបានប្រកាសបង្កើតឡើង នៅក្នុងឆ្នាំ២០១៤។

មិនត្រឹមតែប្រកាសដោយផ្ទាល់ នៅចំពោះអ្នកសារព័ត៌មានទេ តែនៅលើបណ្ដាញសង្គម តែលោក ដូណាល់ ត្រាំ បន្តរៀបរាប់ពីបរាជ័យរបស់ក្រុម «ISIS» មួយនេះដែរ។ លោកថា៖

«ក្រុម ISIS ចេះប្រើប្រាស់បណ្ដាញអ៊ិនធើណែត ប្រសើរជាងនរណាទាំងអស់។ ប៉ុន្តែ សម្រាប់អ្នកទាំងឡាយ ដែលទទួលឥទ្ធិពល ពីការឃោសនារបស់ក្រុមនេះ ត្រូវដឹងថា នៅពេលនេះ ក្រុម ISIS ត្រូវបានកម្ទេចអស់ គ្មានសល់និងនៅគ្រប់កម្រិត។ គ្មានអ្វីដែលត្រូវស្ងើចសរសើរពួកនេះទេ។ ពួកគេតែងសាកល្បង ចង់បង្ហាញពីការប្រយុទ្ធមួយ ក្នុងក្ដីសង្ឃឹមថានឹងមានជ័យជំនះ។ តែនៅទីបំផុត ពួកគេបានចាញ់ទាំងស្រុងហើយ។»

ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក ដែលដឹកនាំកងទ័ពសម្ព័ន្ធមិត្ត នៅក្នុងយុទ្ធនាការនោះ បានបន្តថា៖

«ចូរត្រិះរិះពិចារណា​ឲ្យខ្លាំងឡើង មុននឹងបំផ្លាញជីវិត និងគ្រួសាររបស់អ្នក។»

ចំណែកអ្នកស្រី សារ៉ា សេនដ័រ (Sarah Sanders) អ្នកនាំពាក្យសេតវិមាន បានបញ្ជាក់បន្ថែមទៀតថា៖

«ទឹកដីព្រះជាម្ចាស់ (Califat) របស់ក្រុមរដ្ឋអ៊ីស្លាម ត្រូវបានកម្ទេច ១០០% ហើយ នៅក្នុងប្រទេសស៊ីរី៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។