ពិភពលោក

ម៉ាឌូរ៉ូ៖ គ្មាននរណាម្នាក់​អាច«ដាក់ឱសានវាទ»​ឲ្យយើងទេ

ប្រធានាធិបតីក្នុងតំណែង នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានច្រានចោលការ«ដាក់ឱសានវាទ» របស់បណ្ដាប្រទេសសំខាន់ៗ​ជាច្រើន នៃសហភាពអ៊ឺរ៉ុប ដែលបានកំណត់កាលពីសប្ដាហ៍មុន ឲ្យរយៈពេល៨ថ្ងៃ សម្រាប់លោកប្រកាស​រៀបចំការបោះឆ្នោតឡើងវិញ។

ថ្លែងតាមរយៈបណ្ដាញទូរទស្សន៍ «CNN Turk» កាលពីថ្ងៃអាទិត្យ លោក ម៉ាឌូរ៉ូ បានចោទមេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ (Juan Guaido) ថាបានរំលោភលើរដ្ឋធម្មនុញ្ញ ហើយបានបញ្ជាក់ថា៖

«ពួកគេ (បណ្ដាប្រទេសនៅអ៊ឺរ៉ុប) ត្រូវដកឱសានវាទនេះចេញវិញ។ គ្មាននរណាម្នាក់ អាច ដាក់ឱសានវាទ ឲ្យយើងនោះឡើយ (…) អ្វីដែលបានកើតឡើង គឺមានអាមេរិកនៅពីក្រោយ។ ពួកគេវាយប្រហារយើង ហើយពួកគេគិតថា ប្រទេសវេណេស៊ុយអេឡា ជាសួនច្បាររបស់ពួកគេ។»

ប្រទេសក្នុងទ្វីបអ៊ឺរ៉ុប យ៉ាងហោចចំនួន៧ មានអេស្ប៉ាញ បារាំង អង់គ្លេស អាល្លឺម៉ង់ ព័រទុយហ្គាល់ ប៊ែលហ្សិក និងហូឡង់ បានប្រកាស«ដាក់ឱសានវាទ» កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងមក ដោយកំណត់ថា ក្នុងរយៈពេល៨ថ្ងៃនេះ បើលោក ម៉ាឌូរ៉ូ មិនប្រកាសរៀបចំការបោះឆ្នោតឡើងវិញនោះទេ ប្រទេសទាំងនេះនឹងប្រកាសទទួលស្គាល់មេដឹកនាំប្រឆាំង ជាប្រធានាធិបតីស្ដីទីស្របច្បាប់ របស់ប្រទេសវេណេស៊ុយអេឡា។

កាលពីថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ពោលគឺប៉ុន្មានថ្ងៃមុន​ការដាក់ឱសានវាទ លោក រ៉ន់ ហ្គេឌូ បានប្រកាសខ្លួន ឡើងជាប្រធានាធិបតីស្ដីទី នៃប្រទេស។ តួនាទីថ្មីរបស់មេដឹកនាំប្រឆាំងរូបនេះ ត្រូវបានប្រកាសទទួលស្គាល់ភ្លាមៗ ដោយសហរដ្ឋអាមេរិក និងជាបន្តបន្ទាប់ ដោយប្រទេសជាច្រើនទៀត នៅក្នុងតំបន់។

កាលពីថ្ងៃអាទិត្យ លោក ហ្គេរ៉ូ បានអំពាវនាវឲ្យបណ្ដាជន ចុះធ្វើបាតុកម្មសារជាថ្មី ក្នុងថ្ងៃពុធនេះ និងចុងសប្ដាហ៍ខាងមុខ។ បាតុកម្មក្នុងសប្ដាហ៍កន្លងទៅ បានបណ្ដាលឲ្យមានមនុស្សស្លាប់២៩នាក់ និងចាប់ខ្លួន​ជាង៣៥០នាក់។ មេដឹកនាំប្រឆាំងអាយុ៣៥ឆ្នាំ បានថ្លែងឡើង នៅក្នុងអង្គមេទិញមួយថា៖

«យើងនឹងបន្តធ្វើ រហូតដល់ការប្លន់អំណាច ត្រូវបានបញ្ចប់។ រហូតដល់រដ្ឋាភិបាលអន្តរកាលមួយ ត្រូវបានបង្កើត និងការបោះឆ្នោតថ្មី ដោយសេរី ត្រឹមត្រូវមួយ ត្រូវបានប្រកាសធ្វើ។»

ចែកចាយអត្ថបទ«ច្បាប់លើកលែងទោស»

លោក ហ្គេឌូ បានស្នើសុំ​ឲ្យក្រុមអ្នកគាំទ្រលោក ចែកចាយតាមបណ្ដាញសង្កម ឬបោះពុម្ភជាក្រដាស អំពីអត្ថបទមួយ ដែលលើកឡើងពី «ច្បាប់លើកលែងទោស» ដែលអនុញ្ញាតឲ្យក្រុមមន្ត្រីរដ្ឋការ និងយោធា ងាកមកគាំទ្រលោកវិញ។ អត្ថបទនៃ«ច្បាប់»នោះ មានចែងផ្ដល់នូវ «ការធានាក្នុងរដ្ឋធម្មនុញ្ញ» សម្រាប់មន្ត្រីយោធា និងស៊ីវិលទាំងឡាយណា ដែលបានចូលរួម​«ស្ដារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ»។

គោលបំណងសំខាន់ នៃការការចែកចាយនេះ គឺលោក ហ្គេឌូ ចង់បំបែកភាពស្មោះស្ម័គ្រ របស់កងទ័ព ជាមួយប្រធានាធិបតីក្នុងតំណែង លោក នីកូឡា ម៉ាឌូរ៉ូ។

លោក ហ្គេរ៉ូ បានទទួលជ័យជំនះមួយហើយ កាលពីថ្ងៃសៅរ៍៖ លោកវរសេនីយ៍ ចូហ្សេ ល្វីស ស៊ីលវ៉ា (José Luis Silva) ប្រធានការិយាល័យអនុព័ន្ធយោធា អមស្ថានទូត​វេណេស៊ុយអេឡា ប្រចាំក្នុងរដ្ឋធានី វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានប្រកាសឈប់ស្ដាប់បញ្ជាលោក ម៉ាឌូរ៉ូ ហើយងាកមកគាំទ្រមេដឹកនាំប្រឆាំងវិញ។ មន្ត្រីយោធាជាន់ខ្ពស់រូបនេះ នៅបានអំពាវនាវ​ទៅកាន់​«បណ្ដាយុទ្ធមិត្តរួមអាវុធទាំងអស់» ឲ្យប្ដូរជំហរ​មកគាំទ្រលោក ហ្គេឌូ ដូចរូបលោកដូច្នេះដែរ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។