បុរសដែលរងការសង្ស័យ បានបំផ្ទុះរថយន្ដកំពីង កណ្ដាលក្រុង«Nashville» (រដ្ឋ Tennessee) កាលពីព្រហាមថ្ងៃបុណ្យណូអែល បានស្លាប់ក្នុងការផ្ទុះនោះ ដែលទំនងជាការធ្វើអត្តឃាត។ នេះបើតាមការអះអាង របស់អាជ្ញាធរក្រុង ដែលបានចេញផ្សាយព័ត៌មាននេះ ក្នុងល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។
លោក «Donald Cochran» ចៅក្រមអាមេរិកាំងទទួលបន្ទុកអង្កេតសំនុំរឿង បានថ្លែងឲ្យដឹងថា៖
«យើងបានសន្និដ្ឋានថា បុគ្គលម្នាក់ដែលមានឈ្មោះថា “Anthony Warner” គឺជាជនសង្ស័យនៃការបំផ្ទុះ។ ជននេះមានវត្តមាន នៅពេលគ្រាប់បែកបានផ្ទុះឡើង ហើយបានស្លាប់ នៅក្នុងការផ្ទុះ។»
បើតាមអាជ្ញាធរដដែល មិនបានបញ្ជាក់ទេថា មានជនសង្ស័យណាផ្សេង ទាក់ទងនៅក្នុងការផ្ទុះដ៏ខ្លាំង ដែលបានកើតឡើង នៅវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ គេក៏មិនទាន់ដឹងច្បាស់ដែរថា អំពីមូលហេតុដែលនាំទៅដល់ទង្វើនេះ។ អាជ្ញាធរក្រុងបានឲ្យដឹងថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយបានទេ ដើម្បីបញ្ជាក់ថា ការបំផ្ទុះខាងលើ ជាអំពើភេរវកម្មក្នុងស្រុក ឬមិនមែន។
លោក «Anthony Warner» អាយុ៦៣ឆ្នាំ ត្រូវបានស្គាល់អត្តសញ្ញាណ យ៉ាងឆាប់រហ័ស តាមរយៈការធ្វើវិភាគ ទៅលើ «DNA /ADN» ដែលរកឃើញនៅនឹងកន្លែងកើតហេតុ និងសម្លៀកបំពាក់ – សម្ភារៈប្រើប្រាស់ផ្សេងៗ ដែលត្រូវបានអះអាងបន្ថែម ដោយក្រុមគ្រួសាររលោក។
ការផ្ទុះរថយន្ដកំពីង បានធ្វើឲ្យមនុស្ស៣នាក់រងរបួស និងបង្កការខូចខាតធ្ងន់ធ្ងរ ដល់រថយន្ដមួយចំនួន ដែលចតនៅក្បែរ រួមនឹងអាគារដែលនៅក្បែរបំផុត។ ប៉ុន្តែទំហំនៃការផ្ទុះ ដែលធ្វើឲ្យរញ្ជួយ ទៅដល់តំបន់ជុំវិញ ជាច្រើនគីឡូម៉ែត្រ បានធ្វើឲ្យអាគារ ចំនួនជាង២០ផ្សេងទៀត រងការខូចខាតស្រាល (ដូចជាបែកកញ្ចក់ទ្វាបង្អួចជាដើម)។
ក្រុមនគរបាល ដែលបានទៅដល់កន្លែងកើតហេតុ នៅមុនម៉ោង៦បន្តិច បានស្ដាប់ឮសម្លេងខ្សែអាត់ ចេញពីរថយន្ដកំពីង ដែលប្រកាសឲ្យដឹងថា រថយន្ដនឹងផ្ទុះឡើង ក្នុងរយៈពេល១៥នាទីខាងមុខ ហើយតម្រូវឲ្យមានការជម្លៀសមនុស្ស ចេញជាបន្ទាន់ ពីអាគារនៅជុំវិញនោះ៕
ខាងក្រោមនេះ ជាទិដ្ឋភាពនៃការផ្ទុះ ដែលត្រូវបានផ្សាយចេញ ដោយនគរបាលក្រុង «NashVille» ៖