កម្រមាន

រ៉ុស្ស៊ី៖ ប្រវត្តិវិទូម្នាក់ជាប់គុក​១២ឆ្នាំ​កន្លះ ពីបទ​កាប់គូស្នេហ៍​ជាដុំៗ

លោក «Oleg Sokolov» ប្រវត្តិវិទូជាតិរ៉ុស្ស៊ីម្នាក់ បានរងការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន១២ឆ្នាំកន្លះ ពីបទកាប់គូស្នេហ៍ជាដុំៗ ដោយតុលាការក្រុង «Saint-Pétersbourg» (ភាគខាងលិចប្រទេសរ៉ុស្ស៊ី) កាលពីថ្ងៃសុក្រទី២៥ ខែធ្នូម្សិលម៉ិញ។ សំនុំរឿងដ៏កក្រើក បានបង្កឲ្យផ្ទុះសង្គ្រាមប៉ាកកា ជុំវិញអំពើហិង្សា នៅក្នុងគ្រួសារ ដែលកើតឡើងសឹងជាប្រចាំ នៅក្នុងប្រទេស។

ប្រវត្តិវិទូអាយុ៦៣ឆ្នាំ បានរងការចោទប្រកាន់ ពីបទកាប់គូស្នេហ៍ជាដុំៗ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។ មេធាវីការពារក្ដី របស់លោក បានជំទាស់នឹងសាលក្រមខាងលើ និងកំពុងពិចារណា ក្នុងការប្ដឹងឧទ្ធរណ៍ ឡើងទៅតុលាការជាន់ខ្ពស់។ ផ្ទុយទៅវិញ ស្ថាប័នរដ្ឋអាជ្ញា បានទាមទារឲ្យតុលាការ ផ្ដន្ទាទោសលោក ឲ្យជាប់ពន្ធនាគារ រហូតដល់១៥ឆ្នាំ។

លោក «Oleg Sokolov» ដែលជាសាស្ត្រាចារ្យ ក្នុងសាកលវិទ្យាល័យរដ្ឋ នៃក្រុង «Saint-Pétersbourg» បានទទួលស្គាល់ទង្វើរបស់ខ្លួន ដែលបានបាញ់សម្លាប់ ស្ត្រីគូស្នេហ៍អាយុ២៤ឆ្នាំ ឈ្មោះ «Anastassia Echtchenko» កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ លោកបានថ្លែងក្នុងតុលាការថា លោកបាន«ជ្រុលរាលកៃ» បន្ទាប់ពីបានឈ្លោះប្រកែក ដោយពាក្យសំដី ជាមួយនាង «Anastassia Echtchenko» ដែលជាអតីតនិស្សិតរបស់លោក។

បុរសជាប់ចោទ ដែលមានជំនាញ ខាងប្រវត្តិរបស់អធិរាជ «Napoléon» ត្រូវបាននគរបាលចាប់ខ្លួន នៅខណៈលោក កំពុងជ្រមុជទឹកស្ទឹង «Moïka» ជាមួយកាបូបស្ពាយមួយ ដែលក្នុងនោះ មានបំណែកដៃទាំងពីរ របស់ស្ត្រីគូស្នេហ៍ និងកាំភ្លើងខ្លីមួយដើម។ នៅពេលក្រោយមក បំណែករាងកាយផ្សេងទៀត របស់ស្ត្រីវ័យក្មេង ក៏ត្រូវបានរកឃើញដែរ នៅក្នុងទឹកស្ទឹងក្បែរនោះ។

ក្នុងសំនុំរឿងនេះ សាកលវិទ្យាល័យរដ្ឋ នៃក្រុង «Saint-Pétersbourg» បានរងការចោទប្រកាន់ ពីភាពអសកម្មរបស់ស្ថាប័ននេះ ដោយហេតុថា លោក «Oleg Sokolov» ធ្លាប់ប្រពឹត្តិអំពើហិង្សា ក្នុងពេលកន្លងមករួចហើយ។

និស្សិតស្រីម្នាក់ផ្សេង ដែលធ្លាប់មានទំនាក់ទំនង ជាមួយលោក «Oleg Sokolov» ក្នុងឆ្នាំ២០០៨ បានប្ដឹងចោទសាស្ត្រាចារ្យរូបនេះ ថាបានចាប់ចងរូបនាង ទៅនឹងកៅអីមួយ និងបានគម្រាមនាងថា លោកនឹងទុកស្លាកស្នាមឲ្យនាង (ដោយដុតនឹងដែកឆេះក្រហម) បើសិនណា ជានាងមានបំណងចាកចេញ ពីលោក។

ជារៀងរាល់ឆ្នាំ ក្នុងប្រទេសរ៉ុស្ស៊ី ស្ត្រីប្រមាណជា ១៦,៥លាននាក់ បានរងគ្រោះនឹងអំពើហិង្សា ក្នុងគ្រួសារ។ នេះ បើតាមតួលេខ ដែលផ្ដល់ដោយអង្គការជំនាញក្រៅរដ្ឋាភិបាល។ ប៉ុន្តែប្រទេសនេះ ទើបនឹងអនុម័តច្បាប់ ដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងដើម្បីបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឆ្នាំ២០១៧ប៉ុណ្ណោះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: MurderRussia