លោក «Ramon Tremosa» សមាជិកសភាអ៊ឺរ៉ុប និងជាសមាជិករបស់ក្រុមតំណាងរាស្ត្រអ៊ឺរ៉ុបមិត្តកម្ពុជា បានចោទសួរជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មការអ៊ឺរ៉ុប ដើម្បីចង់ដឹងថា តើគម្រោងដាក់ទណ្ឌកម្ម លើរបបដឹកនាំក្រុងភ្នំពេញ បានដើរដល់ដំណាក់កាលណាហើយ។ ក្នុងចំណោមសំនួរចំនួនបី សមាជិកសភាអ៊ឺរ៉ុបរូបនោះ បានចោទសួរទៀតថា តើសហភាពអ៊ឺរ៉ុបគ្រោងដាក់់ «ទណ្ឌកម្មចំទិសដៅ» ទៅលើក្រុមមនុស្សជំនិតរបស់លោក ហ៊ុន សែន ឬយ៉ាងណា។
សំនួរជាលាយលក្ខណ៍អក្សរ ត្រូវបានលោក «Ramon Tremosa» ដាក់ទៅកាន់គណៈកម្មការអ៊ឺរ៉ុប តាំងពីថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ ពោលគឺនៅក្រោយការគម្រាម របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងកម្ទេចគណបក្សប្រឆាំងចោល បើសិនជាសហភាពអ៊ឺរ៉ុបដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» និងការចាប់ខ្លួន លោក គង់ ម៉ាស ដោយអាជ្ញាធរកម្ពុចា បន្ទាប់ពីសកម្មជនបក្សប្រឆាំងរូបនេះ បានបង្ហោះសារទាក់ទងនឹងយកពន្ធឡើងវិញ ដោយសហភាពអ៊ឺរ៉ុប ទៅលើផលិតផលអង្ករកម្ពុជា។
ប៉ុន្តែកាលពីចុងសប្ដាហ៍កន្លងមក សំនួរដដែលនេះត្រូវបានលោក «Umberto GAMBINI» ជំនួយការរបស់លោកតំណាងរាស្ត្រ យកមកបង្ហោះនៅលើបណ្ដាញសង្គម និងបានធ្វើបច្ចុប្បន្នភាព ទៅដល់បណ្ដាអ្នកទទួលខុសត្រូវទាំងឡាយ នៃសហភាពអ៊ឺរ៉ុប មានដូចជាអ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ និងអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មជាដើម។
លោក «Ramon Tremosa» ដែលជាតំណាងរាស្ត្រអ៊ឺរ៉ុបមកពីប្រទេសអេស្ប៉ាញ បានសរសេរក្នុងន័យរិះគន់ថា គោលនយោបាយរយៈពេលជាង១០ឆ្នាំ របស់សហភាពអ៊ឺរ៉ុប ដែលជ្រើសរើសយកប្រតិកម្មរបស់ខ្លួន តាមរយៈ «ការចរចាផ្នែកនយោបាយ» ឬ «ការឃ្លាំមើលស្ថានភាពយ៉ាងដិតដល់» ឬក៏ប្រតិកម្មខ្លាំងបំផុត តាមរយៈ«ការសំដែងទុក្ខកង្វល់»របស់ខ្លួន ជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅតាមវេទិកាជាច្រើននោះ មិនបានធ្វើឲ្យស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា រីកចម្រើនជាងមុនទេ។
សំនួររបស់សមាជិកសភាអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បានចោទសួរឲ្យគណៈកម្មការអ៊ឺរ៉ុប ឲ្យអះអាងពីនីតិវិធីនៃការព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះ «EBA» ដោយចង់ដឹងបន្ថែមថា តើសហភាពអ៊ឺរ៉ុបមាន«កាលវិភាគលំអិត»បែបណា នៅក្នុងនីតិវិធីមួយនេះ។
លោក «Ramon Tremosa» បានទាមទារឲ្យសហភាពអ៊ឺរ៉ុបបញ្ជាក់ពីជំហររបស់ខ្លួន នៅចំពោះរបាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលទើបនឹងចេញផ្សាយ ក្នុងដើមឆ្នាំនេះ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសំនួរទី៣៖
«យោងតាមមាត្រា ១៩ នៃបទបញ្ជារបស់សហភាពអ៊ឺរ៉ុប លេខ “978/2012 (12)” សហភាពអ៊ឺរ៉ុបចាំបាច់ត្រូវបញ្ចេញប្រតិកម្ម និងចាត់វិធានការ។ ខ្ញុំដឹងថា សហភាពអ៊ឺរ៉ុបមិនចង់ចាប់ផ្ដើមភ្លាមៗ ដាក់ទណ្ឌកម្មទៅលើវិស័យវាយនភ័ណ្ឌ ប៉ុន្តែថា តើវិស័យជាក់ស្ដែងណា ដែលសហភាពអ៊ឺរ៉ុបត្រៀមចុចចំទិសដៅ ដើម្បីប៉ះពាល់ដោយផ្ទាល់ ទៅលើហិបប្រាក់របស់របបលោក ហ៊ុន សែន?»
គណៈកម្មការអ៊ឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិ របស់សហភាពអ៊ឺរ៉ុប នឹងចាត់ឲ្យមានតំណាងរបស់ខ្លួន ចេញមកឆ្លើយសំនួរខាងលើ នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខ៕