កម្ពុជា

សម រង្ស៊ី ថានឹងវិល​មកកម្ពុជា​ដើម្បីចាប់ ហ៊ុន សែន យកទៅ​កាត់ទោស

មេដឹកនាំប្រឆាំងបានបង្ហាញជំនឿមុតមាំថា ដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជា មិនមែនដើម្បីដើរចូល ទៅឲ្យអាជ្ញាធរបញ្ជាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួនលោកនោះទេ។ លោក សម រង្ស៊ី បានថ្លែងពីក្រុងសៀតថល សហរដ្ឋអាមេរិកមកថា លោកត្រឡប់ចូលស្រុកវិញ គឺដើម្បីដឹកនាំឲ្យពលរដ្ឋងើបឡើង ទៅ«ចាប់លោក ហ៊ុន សែន យកទៅ​កាត់ទោស»។

នៅចំពោះអ្នកគាំទ្រច្រើនសិបនាក់ ក្នុងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ (ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ក្នុងប្រទេសកម្ពុជា) មេដឹកនាំប្រឆាំង ដែលអះអាង​ពីដំណើរវិលចូលកម្ពុជាវិញ តាំងពីច្រើនសប្ដាហ៍មុន បានលើកឡើងថា៖

«ខ្ញុំនឹងវិលទៅប្រទេសកម្ពុជាវិញ គឺដើម្បីយកប្រទេសកម្ពុជា ប្រគល់សងប្រជារាស្ត្រខ្មែរវិញ។ ធ្វើបេសកកម្មទាំងអស់គ្នាបងប្អូន។ បងប្អូននៅប្រទេសកម្ពុជា រង់ចាំពួកយើង យើងនៅក្រៅប្រទេស យើងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ទៅចាប់ដៃជាមួយបងប្អូន។»

«ខ្មែរយើងនៅប្រទេសថៃ រាប់លាននាក់ នៅម៉ាឡេស៊ីរាប់ម៉ឺននាក់ នៅកូរ៉េរាប់ម៉ឺននាក់ នៅសហរដ្ឋអាមេរិករាប់សែននាក់ នៅប្រទេសបារាំងរាប់សែននាក់ នៅប្រទេសកាណាដារាប់ម៉ឺននាក់ នៅអូស្ត្រាលីរាប់ម៉ឺននាក់ នៅប្រទេសដទៃទៀតរាប់ម៉ឺននាក់ យើងនឹងវិលត្រឡប់ទៅស្រុកយើងវិញ ដើម្បីយកប្រទេសយើងវិញ។»

លោក សម រង្ស៊ី បានបញ្ជាក់បន្តថាលោក នឹងស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ងើបឈរឡើងទាំងអស់គ្នា ដើម្បីចាប់លោក ហ៊ុន សែន យកទៅ​កាត់ទោស ។ លោកថា៖

«ខ្ញុំទៅប្រទេសកម្ពុជាវិញនេះ មិនមែនឲ្យ ហ៊ុន សែន មកចាប់ខ្ញុំទេ គឺខ្ញុំទៅចាប់ ហ៊ុន សែន វិញ។ ខ្ញុំវិលចូលស្រុកខ្មែរវិញ ជាមួយបងប្អូនរាប់ម៉ឺនរាប់សែននាក់ (…) ដើម្បីចាប់ដៃជាមួយប្រជារាស្ត្រខ្មែរ សូមឲ្យប្រជារាស្ត្រខ្មែរងើបឈរទាំងអស់គ្នា ខ្មែរគ្រប់មជ្ឈដ្ឋានមានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ (…) សូមងើបឈរទាំងអស់គ្នា ទាមទារស្រុកយើងមកវិញឲ្យទាល់តែបាន។ ប្រទេសកម្ពុជាមិនមែនរបស់គ្រួសារ ហ៊ុន សែន ទេ ប្រទេសកម្ពុជា ជារបស់ខ្មែរទាំងអស់គ្នា។ (…) យើងត្រូវរំដោះជាតិយើង ពីក្រញ៉ាំជនក្បត់ជាតិ ហ៊ុន សែន។»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ មិនបានថ្លែងឲ្យដឹងបន្ថែម ជុំវិញការចូលទៅប្រទេសកម្ពុជា ដើម្បីចាប់បុរសខ្លាំងកម្ពុជា ដែលស្ថិតក្នុងអំណាចតាំងពី៣៤ឆ្នាំនោះ ថាមានលក្ខណៈយ៉ាងដូចម្ដេចនោះទេ។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានថ្លែងអះអាងកាល​ពីម្សិលម៉្ងៃ នៅក្នុងវេទិការរាជបណ្ឌិត្យសភាកម្ពុជា ថារាល់ការប្រកាសវិលចូលកម្ពុជាវិញ របស់លោក សម រង្ស៊ី គ្រាន់តែធ្វើឡើង ដើម្បី«ប្រមូលលុយ និងរក្សាកម្លាំងគាំទ្រ»តែប៉ុណ្ណោះ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។