ពិភពលោក

ឧត្ដមសេនីយ៍​ម្នាក់ទៀត​ ប្រកាសលែងនៅក្រោម​«អំណាចផ្ដាច់ការ»​របស់ ម៉ាឌូរ៉ូ

ឧត្តមសេនីយ៍យោធាម្នាក់នៃកងទ័ពអាកាស របស់ប្រទេស វេណេស៊ុយអេឡា បានប្រកាសក្នុងថ្ងៃសៅរ៍នេះ ថាលោកឈប់ទទួលស្គាល់ «អំណាចផ្ដាច់ការ» នៃលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែងតទៅទៀត។

លោកឧត្តមសេនីយ៍ ហ្វ្រង់ស៊ីស្កូ យ៉ានេស (Francisco Yanez) បានថ្លែងតាមវីដេអូមួយ បង្ហោះនៅលើបណ្ដាញសង្គម សំដែងការទទួលស្គាល់មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ (Juan Guaido) ជាប្រធានាធិបតីស្ដីទី។ លោក យ៉ានេស ដែលមានតួនាទី ជាប្រធាននាយកដ្ឋានផែនការជាយុទ្ធសាស្ត្រ នៃកងទ័ពអាកាស បានថ្លែងឡើងថា៖

«ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំលែងទទួលយក អំណាចផ្ដាច់ការ របស់លោក នីកូឡា ម៉ាឌូរ៉ូ ហើយខ្ញុំទទួលស្គាល់លោក​តំណាងរាស្ត្រ រ៉ន់ ហ្គេរ៉ូ ជាប្រធានាធិបតីស្ដីទី នៃប្រទេស​វេណេស៊ុយអេឡា។ (…) ៩០ភាគរយនៃកងទ័ពវេណេស៊ុយអេឡា មិននៅជាមួយជនផ្ដាច់ការទេ តែកងទ័ពនៅជាមួយប្រជាជន។ សព្វថ្ងៃនេះ ​ជនផ្ដាច់ការ​មានយន្ដហោះ​ចំនួនពីរគ្រឿង ដើម្បីជិះចាកចេញពីវេណេស៊ុយអេឡា។»

ការសម្រេចរបស់លោក ហ្វ្រង់ស៊ីស្កូ យ៉ានេស បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការជួបជុំធ្វើបាតុកម្មដ៏ធំមួយ ពីសំណាក់ពលរដ្ឋវេណេស៊ុយអេឡា នៅកណ្ដាលរដ្ឋធានី ការ៉ាកាស ដើម្បីទាមទារឲ្យលោក នីកូឡា ម៉ាឌូរ៉ូ ចាកចេញពីតំណែង។

ប៉ុន្តែនៅមួយចំហៀងទៀត នៃរដ្ឋធានី ក្រុមបាតុករនិយមលោក ម៉ាឌូរ៉ូ ក៏បានជួបជុំគ្នា ដើម្បីបង្ហាញពីកម្លាំងរបស់ផងខ្លួនដែរ។ ក្រុមបាតុករទាំងសងខាង បានជួបជុំគ្នាចាប់ពីម៉ោង១០ព្រឹក ក្នុងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះមក។

ការប្រកាសរបស់លោក ហ្វ្រង់ស៊ីស្កូ យ៉ានេស បានក្លាយមន្ត្រីយោធាជាន់ខ្ពស់មួយរូបទៀត ដែលបានសម្រេចឈប់គាំទ្រលោក ម៉ាឌូរ៉ូ ហើយងាកមកគាំទ្រលោក ហ្គេឌូ វិញ។

កាលពីចុងសប្ដាហ៍មុន លោកវរសេនីយ៍ ចូហ្សេ ល្វីស ស៊ីលវ៉ា (José Luis Silva) ប្រធានការិយាល័យអនុព័ន្ធយោធា អមស្ថានទូត​វេណេស៊ុយអេឡា ប្រចាំក្នុងរដ្ឋធានី វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ក៏បានប្រកាសឈប់ស្ដាប់បញ្ជាប្រធានាធិបតីក្នុងតំណែង ហើយងាក​មកគាំទ្រ​មេដឹកនាំ​ប្រឆាំងវិញដែរ។ មន្ត្រីយោធាជាន់ខ្ពស់រូបនោះ បានអំពាវនាវ​ទៅកាន់​«បណ្ដាយុទ្ធមិត្តរួមអាវុធទាំងអស់» ឲ្យប្ដូរជំហរ​មកគាំទ្រលោក ហ្គេឌូ ដូចរូបលោកដូច្នេះដែរ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។