កម្ពុជា

នៅរមណីយដ្ឋាន​អង្គរ អាជ្ញាធរ​អប្សរា​​បើក​«សារមន្ទីរ​ទាំង៣»​ឡើងវិញ

ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០​នេះតទៅ «សារមន្ទីរ​ទាំង៣»របស់អាជ្ញាធរជាតិអប្សរា នឹងបើកទ្វាឡើងវិញ ដើម្បីចូលទស្សនា ដោយមិនគិតថ្លៃ។ នេះ បើតាមសេចក្ដីជូនដំណឹង របស់ស្ថាប័នជាតិមួយនេះ ដែលចុះថ្ងៃខែ តាំងពីថ្ងៃព្រហស្បត្តិ៍ ទី២២ ខែឧសភា តែទើប​នឹង​ចេញផ្សាយ​ជាសាធារណៈ នៅថ្ងៃអាទិត្យនេះ។

សារមន្ទីរទាំង៣ ក្នុងរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា រួមមាន៖ (១) សារមន្ទីរព្រះនរោត្ដមសីហនុ – អង្គរ (២) សារមន្ទីរវាយនភណ្ឌ​ប្រពៃណី​អាស៊ី និង(៣) សារមន្ទីរឡេតានី។

បើតាមសេចក្ដីប្រកាស របស់អាជ្ញាធរជាតិមួយនេះ បានអះអាងថា ការប្រកាសបើក​សារមន្ទីរ​ទាំងបីទាំងវិញ ធ្វើឡើងដោយយោងតាមលិខិត របស់ក្រសួងសុខាភិបាល ដែល​អនុញ្ញាត ឲ្យបើកសារមន្ទីរនានា ជូនភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនា​ឡើងវិញ បន្ទាប់ពីបាន​ប្រកាសផ្អាក តាំងពីចុងខែមីនាមក ក្រោមការបង្ការ ទល់នឹងជំងឺ«Covid-19»។

តែវិធានការ​ការពារនានា ដូចជា ការវាស់ស្ទង់កម្ដៅ ការលាងដៃដោយអាល់កុល (ឬជែល) ការពាក់ម៉ាស់ និងគម្លាតសុវត្ថិភាព នឹងត្រូវអនុវត្តន៍ នៅក្នុង​សារមន្ទីរ​ទាំងនោះ ដើម្បីបង្ការរលកទីពីរ នៃការរាតត្បាតជំងឺ ដ៏ចង្រៃ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។