នគរ ស្ថាបត្យកម្ម

គេហដ្ឋាន​ស្ថាបត្យករ​ វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ ដាក់លក់​ថ្លៃ«៧លាន​ដុល្លារ»

គេហដ្ឋានឯកជន របស់ស្ថាបត្យករលោក វណ្ណ ម៉ូលីវណ្ណ ដែលអ្នកផងដាក់ឈ្មោះថា ជាបីតា​ស្ថាបត្យកម្មកម្ពុជា ត្រូវបានដាក់លក់ ក្នុងតម្លៃ«៧លាន​ដុល្លារ»អាមេរិក ដោយ​ក្រុមហ៊ុន​​អចលនទ្រព្យមួយ ឈ្មោះ «IPS Cambodia»។

លំនៅដ្ឋានមួយនេះ ស្ថិតនៅ ក្បែរ​ភោជនីយដ្ឋាន ទន្លេបាសាក់ តាម​បណ្ដោយ​មហាវិថី ម៉ៅ សេទុង សង្កាត់ទួលស្វាយព្រៃ១  កណ្ដាលរាជធានីភ្នំពេញ។ ឯកសារជាច្រើន បានអះអាងថា វាត្រូវបានសង់ នៅឆ្នាំ១៩៦៦ និងធ្លាប់ជាអាគារ នៃមន្ទីរសុរិយោដីក្រុង ក្នុងជំនាន់​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា។

សេចក្ដីប្រកាសរបស់ក្រុមហ៊ុន «IPS Cambodia» ដែលដាក់លក់គេហដ្ឋានខាងលើ ជាអគារ​ពាណិជ្ជកម្ម​នោះ បានសរសេរឲ្យដឹងថាថា អចលនទ្រព្យមួយនេះ ត្រូវបាន​«សាងសង់ឡើង​ ដោយមាន ២ជាន់ មានបន្ទប់ការិយាល័យ ជាច្រើនបន្ទប់ បើកចំហ ធំទូលាយ និង​បន្ទប់ទឹក ចំនួន៥ សម្រាប់ប្រើប្រាស់រួមគ្នា»។

សេចក្ដីប្រកាស បានបញ្ជាក់ពីទំហំ ទទឹង-បណ្ដោយ នៃអចលនទ្រព្យមួយនេះ ដូច្នេះថា៖

«អាគារលំនៅដ្ឋានទាំងមូល មានផ្ទៃក្រឡាសរុប ៧៦៨ ម៉ែត្រការ៉េ សង់ពីលើផ្ទៃដី ៩២៤ ម៉ែត្រការ៉េ ដែលមានប្រវែងទទឺង ២២,៥១ ម៉ែត្រ គុណនឹងប្រវែងបណ្ដោយ ៤២,១៥ ម៉ែត្រ។ នៅផ្នែកខាងក្រៅ  មានបន្ទប់បើកចំហរ ធំទូលាយ នៅលើសួនច្បារខាងក្រោយ និងយ៉រ​នៅជាន់ខាងលើ។»

បើទោះជាវាធ្លាប់ជា លំនៅដ្ឋានឯកជន របស់លោក វណ្ណ ម៉ូលីវណ្ណ ដែលបានលាចាកលោក តាំងពីឆ្នាំ២០១៧នោះ តែសំណង់មួយនេះ នៅតែជាស្នាដៃស្ថាបត្យកម្មមួយ ដែលត្រូវបាន​ឆ្នៃប្រឌិត​ឡើង យ៉ាងពិសេសគ្មានពីរ ដោយកំពូល​ស្ថាបត្យកររូបនេះ ពីក្នុងចំណោម​ស្នាដៃ​ស្ថាបត្យកម្មរបស់លោក ​ជាច្រើននៅកម្ពុជា។

ប៉ុន្តែមកដល់ថ្ងៃនេះ ស្នាដៃស្ថាបត្យកម្មមួយចំនួន របស់លោក វណ្ណ ម៉ូលីវណ្ណ បានរលាយ​បាត់រូប​ទៅហើយ និងមួយចំនួនទៀត ត្រូវបានប្ដូរទម្រង់ ទៅតាមការចង់បាន របស់​អ្នកគ្រប់គ្រង​ស្នាដៃទាំងនោះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។