អាស៊ី-ប៉ាស៊ីភិក

យន្ដហោះ​«PIA»​ដឹក​អ្នកដំណើរ​ជាង​១០០នាក់ ធ្លាក់​បោកខ្លួន​នៅ​ប៉ាគីស្ដង់

យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នៃប្រទេសប៉ាគីស្ដង់ (Pakistan international Airlines – PIA) បានធ្លាក់នៅក្រុងការ៉ាឈី (Karachi) ដែលសម្បូរ​ដោយមនុស្សរស់នៅ។ នេះ បើតាមការប្រកាស របស់អាជ្ញាធរប៉ាគីស្ដង់ កាលពីមុននេះបន្តិច។

របាយការណ៍បឋម បានឲ្យដឹងថា អ្នកដំណើរប្រមាណជាង១០០នាក់ បានស្ថិត​នៅក្នុង​យន្ដហោះ។ រូបភាពជាវីដេអូ ជាច្រើន ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម និងផ្សាយ​នៅតាមកញ្ចក់ទូរទស្សន៍។

លោក «Abdul Sattar Khokhar» អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៃប្រទេសប៉ាគីស្ដង់ ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» យកមកផ្សាយថា៖

«យន្ដហោះ បានធ្លាក់នៅក្រុង ការ៉ាឈី។ យើងកំពុងព្យាយាម បញ្ជាក់បន្ថែម អំពីចំនួន អ្នកដំណើរ នៅក្នុងយន្ដហោះ តែក្នុងជំហានដំបូងនេះ គឺមានអ្នកដំណើរ ៩៩នាក់ និងក្រុមបម្រើការ នៅលើយន្ដហោះ ៨នាក់។»

បើតាមមន្ត្រីនាំពាក្យដដែល ឲ្យដឹងថា យន្ដហោះខាងលើ បានហោះចេញ​ពីព្រលាន​យន្ដហោះ ក្រុង «Lahore» ដែលជាទីក្រុងទីពីរ បន្ទាប់ពីរដ្ឋធានី អ៊ីស្លាម៉ាបាត ស្ថិត​នៅភាគ​ខាងជើង និងហោះ​ទៅកាន់ក្រុង ការ៉ាឈី ដែលស្ថិត​នៅភាគខាងត្បូង។

ព័ត៌មានបន្ថែម អំពីហេតុការណ៍នេះ នឹងផ្សាយជូនជាបន្តបន្ទាប់៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។