កម្ពុជា

Covid-19៖ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​អស់ជាង​១ខែ

បន្ទាប់ពី​ស្ងប់ស្ងាត់​អស់ជាង​១ខែ នៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ​នេះ ប្រទេសកម្ពុជា បានអះអាងរកឃើញករណីឆ្លងថ្មី នៃជំងឺ«Covid-19» លើបុរសកម្ពុជាម្នាក់ ដែលបាន​វិលត្រឡប់ ពីក្រៅប្រទេស។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានរៀបរាប់ថា បុរសកម្ពុជាម្នាក់នោះ មានអាយុ ២៦ឆ្នាំ ត្រូវបានធ្វើតេស្ដី៍ ចេញលទ្ធផល«វិជ្ជមាន» និងជាអ្នកដំណើរ វិញត្រឡប់ពីប្រទេសហ្វីលីពីន ដោយបន្តជើងយន្តហោះ ពីកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជា កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ម្សិលមិញ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា បុរសអ្នកជំងឺ ដែលមានទីលំនៅ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានបញ្ជូនទៅដាក់ ឱ្យស្ថិតក្រោមការព្យាបាល ដាច់ដោយឡែក នៅឯមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។

ក្រៅពីបុរសកម្ពុជារូបនេះ នៅមានអ្នកដំណើរសរុប ៦៣នាក់ផ្សេងទៀត ដែលបានជិះក្នុងយន្ដហោះតែមួយ ក្នុងនោះ មានពលរដ្ឋកម្ពុជា ៣៤នាក់ ជនជាតិ​កូរ៉េខាងត្បូង ២៣នាក់ ជនជាតិប៊ែលហ្សិក ១នាក់ ជនជាតិចិនតៃវ៉ាន់ ១នាក់ ជនជាតិហូឡង់ ១នាក់ និងជនជាតិជប៉ុន ៣នាក់។

ក្រសួង​សុខាភិបាល បានបញ្ជាក់ទៀត​ថា អ្នក​ដំណើរ​ទាំងអស់​ ត្រូវ​បាន​ដាក់​ឱ្យ​រង់ចាំ ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ នៅ​ពេល​ហោះ​ហើរ​មក​ដល់ ​ដើម្បី​រង់ចាំ​ការ​ពិនិត្យ​សុខភាព និង​យក​វត្ថុ​សំណាក ​នៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

ក្រោយពីរកឃើញបុរសខ្មែរខាងលើ ថាមានផ្ទុកមេរោគនោះ អ្នកដំណើរដទៃទៀត​ត្រូវបានបញ្ជូនទៅរក្សាទុក ដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) នៅឯសណ្ឋាគារមួយ ស្ថិតក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។

ករណីឆ្លង ដែលត្រូវបានរកឃើញខាងលើ ជាករណីលើកដំបូង បន្ទាប់ពីកម្ពុជាអះអាងថា ពុំបានរកឃើញករណីឆ្លងថ្មី អស់រយៈពេល ៣៩ថ្ងៃមកហើយនោះ គិតចាប់តាំង ពីថ្ងៃទី១២ ខែមេសា ថ្ងៃដែលកម្ពុជាបានប្រកាស រកឃើញករណីឆ្លងចុងក្រោយ លើបុរសសញ្ជាតិកាណាដា ដើមកំណើតចិន អាយុ ៥០ឆ្នាំ និងនារីជនជាតិវៀតណាម អាយុ២៤ឆ្នាំ នៅរាជធានីភ្នំពេញ។

ចំនួនសរុបនៃអ្នកឆ្លង នៅប្រទេសកម្ពុជា ដែលគិតទាំងករណីថ្មី នៅថ្ងៃព្រហស្បត្តិ៍នេះ បានកើនឡើង ដល់១២៣នាក់ ខណៈ១២២នាក់ ត្រូវបានក្រសួងសុខាភិបាលអះអាង បានជាសះស្បើយ​ពីជំងឺ តាំងពីថ្ងៃទី១៦ ខែឧសភាមកម្លេះ។ នៅថ្ងៃនោះ រដ្ឋាភិបាលក្រុងភ្នំពេញ បានទាំងធ្វើវីដេអូអបអរសាទរ ពីការជាសះស្បើយ នៃអ្នកជំងឺទាំងអស់ ដោយ​អួតអាង​ពីការដឹកនាំ «ប្រកបដោយគតិបណ្ឌិត» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការគ្រប់គ្រង និងប្រឆាំង ទល់នឹងជំងឺដ៏ចង្រៃ៕ 

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។