ឧទ្ធម្ភាគចក្រមួយគ្រឿង របស់យោធារុស្ស៊ី បានធ្លាក់បោកខ្លួន នៅក្បែររដ្ឋធានីមូស្គូ បង្កឲ្យមនុស្សជិះនៅក្នុងនោះ ស្លាប់ទាំងអស់ តែមិនដឹងថា មានចំនួនប៉ុន្មាននាក់ នោះទេ។
ឧទ្ធម្ភាគចក្រនោះ ជាប្រភេទ «Mi-8» របស់កងទ័ពរុស្ស៊ី។ ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី១៩ ខែឧសភានេះ វេលាម៉ោងប្រមាណជា ២០ ម៉ោងក្នុងស្រុក។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា ហេតុការណ៍កើតឡើង នៅក្នុងតំបន់ជាយក្រុង នៃរដ្ឋធានីមូស្គូ និងបញ្ជាក់ថា មិនមានមនុស្សណាម្នាក់ នៅក្នុងឧទ្ធម្ភាគចក្រ រួចរស់មានជីវិតទេ។
សេចក្ដីប្រកាសនោះ បានអះអាងថា៖
«មនុស្សជិះ នៅក្នុងឧទ្ធម្ភាគចក្រ បានស្លាប់ដោយសារ រងរបួសធ្ងន់ធ្ងរ នៅពេលចុះចត ជាលក្ខណៈបន្ទាន់នោះ។»
ប៉ុន្តែក្រសួង បានបដិសេធ ក្នុងការបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ ដែលបានជិះឧទ្ធម្ភាគចក្រនោះ។ ប្រភពមួយ ពីក្រសួងការពារជាតិដដែល បានអះអាងថា តាមការស៊ើបអង្កេត ក្នុងជំហានដំបូង ឧទ្ធម្ភាគចក្របានធ្លាក់ ទំនងជាបណ្ដាល មកពីបញ្ហាបច្ចេកទេស៕