ច្បាប់ថ្មីមួយ ហៅថា «ច្បាប់ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩» ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកល្បីឈ្មោះពីររូប ដាក់ស្នើឡើង នៅថ្ងៃពុធម្សិលម៉ិញនេះ ដើម្បីតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើការពិនិត្យមើលឡើងវិញ ពីឋានៈអនុគ្រោះពន្ធទូទៅ ហៅកាត់តាមភាសាអង់គ្លេស «GSP» ដែលសហរដ្ឋអាមេរិក បានផ្តល់ឱ្យកម្ពុជា។
លោក «Ted Cruz» សមាជិកព្រឹទ្ធសភា នៃរដ្ឋតិចសាស និងលោក «Chris Coons» សមាជិកព្រឹទ្ធសភា នៃរដ្ឋឌែលឡាវែ បានរួមគ្នាដាក់ស្នើសេចក្តីព្រាងច្បាប់នោះ ដើម្បីបង្ហាញជំហរសារជាថ្មី ប្រាប់ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោកទាំងពីរបរិហារថា បានរំលោភលើសិទ្ធិការងារ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនអាចអត់ឱនឲ្យបាន។
លោក «Ted Cruz» បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយនៅលើគេហទំព័រផ្លូវការ របស់លោកថា៖
«សហរដ្ឋអាមេរិក បានវិនិយោគ លើអនាគតនយោបាយ នៃប្រទេសកម្ពុជា ដោយបង្កើតពាណិជ្ជកម្ម គួរឱ្យទុកចិត្តបាន ដូចដែលបានកំណត់ នៅក្នុងប្រព័ន្ធអនុគ្រោះពន្ធទូទៅហៅថា “GSP”។ ផ្ទុយទៅវិញ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកេងប្រវ័ញ្ចពីប្រព័ន្ធអនុគ្រោះពន្ធនេះ ដែលផ្តល់ឱ្យ ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោក ហ៊ុន សែន មិនគោរពតាមនិយាមសិទ្ធិការងារ មើលស្រាលដល់សុច្ចរិតភាព នៃការបោះឆ្នោតនៅកម្ពុជា ហើយបានលំអៀងនិន្នាការ ទៅរកប្រទេសចិន។»
សមាជិកព្រឹទ្ធសភា នៃរដ្ឋតិចសាសរូបនេះ បានបញ្ជាក់ថា «ច្បាប់ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩» ដែលពួកលោកស្នើឡើងនេះ នឹងដាក់ទណ្ឌកម្ម ចំពោះការទទួលខុសត្រូវ របស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ជុំវិញង្វើរំលោភទាំងឡាយខាងលើ ក៏ដូចជាដើម្បីពង្រឹងជំហរ ដែលសហភាពអ៊ឺរ៉ុប កំពុងចាត់វិធានការ នៅពេលនេះ។
នៅឆ្នាំ២០១៦ ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធ ពីសហរដ្ឋអាមេរិក ក្នុងកម្រិតប្រមាណជា ១៩៧លានដុល្លារ ខណៈការនាំទំនិញកម្ពុជា ចូលទៅក្នុងទីផ្សារ របស់ប្រទេសមហាអំណាចមួយនេះ មានកម្រិតច្រើនជាង ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ «GSP» នេះ ត្រូវបានផ្ដល់ជូនប្រទេសកម្ពុជា កាលពីឆ្នាំ ១៩៩៧ ហើយទើបត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចពន្យាជាថ្មីទៀត កាលពីខែមេសា ឆ្នាំ២០១៨។
សម្រាប់សមាជិកព្រឹទ្ធសភា នៃរដ្ឋឌែលឡាវែ លោក «Chris Coons» វិញ បានបរិហារលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ថាមិនដែលបានគោរពនីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាន ក្នុងរយៈពេល៣៤ឆ្នាំ នៃការកាន់អំណាច មកនេះឡើយ។ លោកបានចោទសួរថា បើដូច្នេះ តើកម្ពុជាគួរតែបន្ត ទទួលបានឋានៈអនុគ្រោះពន្ធនេះ ដើម្បីនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិក ទៀតដែរឬទេ?
លោក «Chris Coons» បានបញ្ជាក់ថា៖
«ប្រទេសដែលមើលស្រាល ដល់លទ្ធិប្រជាធិបតេយ្យ មិនយកចិត្តទុកដាក់ ពីនិយាមការងារ មិនគោរពសិទ្ធិមនុស្ស និងមិនយកចិត្តទុកដាក់ ក្នុងការការពារកម្មសិទ្ធិបញ្ញា មិនគួរទទួលបានបុព្វសិទ្ធិពាណិជ្ជកម្មពិសេស ដូច្នេះទេ។»
សហរដ្ឋអាមេរិក ជាលំហរទីផ្សារធំទី២ របស់ប្រទេសកម្ពុជា ក្នុងការនាំទំនិញ និងផលិតផលទាំងឡាយ ចេញទៅលក់នៅទីនោះ បន្ទាប់ពីលំហរទីផ្សារទីមួយ គឺសហភាពអ៊ឺរ៉ុប។
កាលពីដើមខែតុលា ឆ្នាំ២០១៨ សហភាពអ៊ឺរ៉ុបបានបើកនីតិវិធី ដែលមានរយៈពេល៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។ ចំណាត់ការនេះ ធ្វើឡើង បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញ ពីការមិនអើពើនៃរបបដឹកនាំ របស់លោក ហ៊ុន សែន ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញ។
ការសម្រេចចិត្តនេះ ក៏ត្រូវបានសហភាពអ៊ឺរ៉ុប ធ្វើសេចក្ដីជូនដំណឹង ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលនោះដែរ។ តែរបបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រតិកម្មតបទៅសហភាពអ៊ឺរ៉ុបវិញ ដោយហៅការបើកនីតិវិធីខាងលើ ថាជាទង្វើដ៏«អយុត្តិធម៌»បំផុត៕