វីដេអូ ពីនេះពីនោះ

សុន្ទរកថា​ដំបូង​នៃ​អភិបាល​រដ្ឋ​កាលីហ្វ័នី ឆាឆៅដោយ… កូនប្រុស​លោក

អភិបាលថ្មី នៃរដ្ឋកាលីហ្វ័នី (ភាគខាងលិចសហរដ្ឋអាមេរិក) បានធ្វើសុន្ទរកថាដំបូង កាលពីថ្ងៃចន្ទកន្លងមក ប៉ុន្តែកូនប្រុស របស់លោកអភិបាល ក៏បានឆ្លៀតឱកាស ដើម្បីឡើងបង្ហាញខ្លួន ជាមួយឪពុក នៅលើវេទិកាដែរ។

ដោយទំនងជាជក់អារម្មណ៍ នឹងសំដីរបស់ស្វាមី នៅលើវេទិកា ភរិយារបស់លោក «Gavin Newsom» គឺអ្នកស្រី «Jennifer Siebel Newsom» ទំនងជា មិនបានតាមមើល​កូនប្រុស​អាយុ២ឆ្នាំ​​របស់អ្នកស្រី ជាប់រហូតនោះទេ។

ជាមួយនឹងជ័រក្បាលដោះ នៅជាប់នឹងមាត់ និងកូនតុក្កតាមួយ នៅនឹងដៃផង កុមារអាយុ២ឆ្នាំ ឈ្មោះ «Dutch» បានឡើងទៅរកឪពុកខ្លួន នៅលើវេទិកា។ តែហេតុការណ៍នេះ មិនមែនជាការរំខាន សម្រាប់លោក​អភិបាលថ្មីទេ។ លោកបានឈោង បីកូនលោកឡើង ដោយបន្តសន្ទរកថារបស់លោក ដូចធម្មតា។

បន្តិចមក លោក «Gavin Newsom» បានដាក់កូនចុះវិញ ប៉ុន្តែកុមារ «Dutch» បានរត់ចេញរត់ចូល ជាច្រើនដង នៅចំពោះកាយវិការម្ដាយ ដែលចង់ហៅ និងចាប់កុមារ ឲ្យចុះពីវេទិកាវិញ។ កុំថាឡើង អ្នកស្រី «Jennifer Siebel Newsom» ដែលមិនទទួលបានជោគជ័យ សូម្បីបងប្រុសរបស់កុមារ គឺកុមារ «Hunter» អាយុ៧ឆ្នាំ ដែលឡើងទៅទាញដៃកុមារ ពីវេទិកា ក៏កុមារ «Dutch» នៅតែចង់បន្ត នៅលើវេទិកា​មួយសន្ទុះទៀត​ដែរ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: ChildUSA