កម្ពុជា

សម រង្ស៊ី និទានពី​រឿង​នាឡិកា​ជ័រ​របស់លោក​ដែលថ្លៃ​«តែ១៨ដុល្លារ»

នាឡិកាជ័រពណ៌ខ្មៅ នៅនឹងកដៃរបស់លោក សម រង្ស៊ី ត្រូវបានលោកអះអាងថា មានតម្លៃ តែ១៨ដុល្លារ ប៉ុណ្ណោះ។ បើទោះជាលោក រង្ស៊ី មិនព្រលយចេញក៏ដោយ តែអ្នកគាំទ្ររបស់លោកច្រើននាក់ បានធ្វើការប្រៀបធៀប នាឡិកាជ័រនោះ ទៅនឹងកម្រងនាឡិកា ជាច្រើនគ្រឿង របស់លោក ហ៊ុន សែន ដែលគេដឹងថា មានតម្លៃដ៏មហាសាល។

ដោយហេតុនេះ ហើយទើបប្រធានស្ដីទី គណបក្សប្រឆាំង បានឆ្លៀតឱកាស ដើម្បីនិទានពីរឿងមួយ ក្នុងអំឡុងពេលលោក ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ឆ្នាំ១៩៩៣ មកទល់ឆ្នាំ១៩៩៤)។

រឿង«នាឡិកា»ដ៏ខ្លីនោះ មានទាក់ទង​នឹង​«មេគយ»​គ្រាក់ៗ នៅកម្ពុជា ដែលល្បីថា សុទ្ធសឹងជាមនុស្ស មានប្រាក់កាស់ សម្បូរសប្បាយហ៊ីហា ដោយហេតុថា ពួកគេនៅធ្វើការ និងមានតំណែង ក្នុងកន្លែង«ខ្លាញ់»។

លោក សម រង្ស៊ី សរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖

«កាលពីឆ្នាំ ១៩៩៣-១៩៩៤ ខ្ញុំធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីក្រុងភ្នំពេញ ហើយខ្ញុំតែងតែប្រជុំរៀងរាល់ខែ ជាមួយមេគយ មកពីស្នាក់ការកណ្តាល និងពីការិយាល័យគ្រប់ច្រកព្រំដែន ទូទាំងប្រទេស។ ពួកអស់លោក មេគយទាំងនោះ គេរកលុយបានច្រើនណាស់ ហើយគេចូលចិត្តបង្ហាញ ពីវត្ថុដ៏មានតម្លៃ ដែលគេពាក់លើខ្លួនគេ។»

មេដឹកនាំប្រឆាំងរូបនេះ បានបន្តទៀតថា៖

«ថ្ងៃមួយ មុនចាប់ផ្តើមកិច្ចប្រជុំ ពួកមេគយទាំងនោះ ប្រមាណ ២០ នាក់ គេដាក់ដៃគេទាំងពីរលើតុ ដែលបង្ហាញពីនាឡិកាប្រណីតធ្វើពីមាសដាំពេជ្រ ខ្សែដៃក្រាស់មាសសុទ្ធ និងចិញ្ជៀនមាសដាំត្បូងថែមទៀតដ៏ព្រោងព្រាត របស់ពួកគេ។»

«មួយសន្ទុះក្រោយមក ខ្ញុំចាប់ផ្តើមនិយាយ ហើយខ្ញុំក៏បានដាក់ដៃខ្ញុំលើតុដែរ។ នៅលើខ្លួននិងដៃ ខ្ញុំគ្មានពាក់គ្រឿងអលង្កាអ្វីទេ មានតែនាឡិកាជ័រ ពណ៌ខ្មៅមួយ ដូចនាឡិកាដែលខ្ញុំពាក់ មកដល់សព្វថ្ងៃ។ នៅពេលដែលពួកមេគយទាំងនោះ ឃើញនាឡិកាដ៏សាមញ្ញរបស់ខ្ញុំ ស្រាប់តែពួកគេដកដៃគេ ពីលើតុ យកទៅដាក់ក្រោមតុព្រមគ្នា ពីព្រោះខ្លាចខ្មាសលោករដ្ឋមន្ត្រី។»

លោក សម រង្ស៊ី អះអាងថា នាឡិកាដៃប្រភេទ«Casio»មួយនេះ ត្រូវបានលោកទិញ ក្នុងតម្លៃ តែ១៨ដុល្លារ ខណៈប្រិយមិត្តរបស់លោកវិញ បានបញ្ជាក់ថា បើនៅក្នុងប្រទេសកម្ពុជា នាឡិកាប្រភេទនេះ មានតម្លៃតែ៥ដុល្លារប៉ុណ្ណោះ។

ផ្ទុយទៅវិញ នាឡិកាដៃជាច្រើនគ្រឿង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេស្គាល់ថា មានតម្លៃថ្លៃ ពីរាប់សែនដុល្លារ ទៅដល់កម្រិតលានដុល្លារ។ មាននាឡិកាមួយប្រភេទនោះ ត្រូវគេស្គាល់ថា ជាប្រភេទ «Patek Philippe Grandmaster Chime» មានតម្លៃប្រមាណជា ៣លាន២សែនដុល្លារ។

លោក គង់ សុភា អតីតតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ បានយករូបភាពនាឡិកាទាំងនោះ របស់លោក ហ៊ុន សែន មកចំអកឡើងថា៖

«ក្នុង​ចំណោម​នាឡិកាដៃ ​ទាំងអស់​នេះ​ សម្តេច​លក់តែមួយ ក៌ជួយប្រជារាស្ត្របានដែរ​ មិនបាច់ឲ្យមន្ត្រី កាត់ប្រាក់ខែទេ»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។