បារាំង

Covid-19៖ បារាំង​មាន​អ្នកជំងឺ​ស្លាប់ កើនជាង​២ម៉ឺន​នាក់

ប្រទេស បារាំង​មាន​អ្នកជំងឺ​ស្លាប់ ដោយមេរោគ «Covid-19» កើនឡើងដល់ជាង ២ម៉ឺននាក់។ អ្នកជំងឺ​ដែលបានស្លាប់ ក្នុងថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០នេះ មានចំនួន ៥៤៧នាក់។

ប្រធានផ្នែកសុខាភិបាល នៃប្រទេសបារាំង លោក ហ្សេរ៉ូម សាឡូម៉ុង (Jerome Salomon) បានបង្ហើបតួលេខខាងលើ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ រៀបចំឡើងដោយរដ្ឋាភិបាល។ តែលោកបានឲ្យដឹងដែរថា ចំនួនអ្នកជំងឺ​ដែល​ត្រូវ​កំណត់ ឲ្យនៅសម្រាកពេទ្យ និងចូលសង្គ្រោះបន្ទាន់ បានបន្តថយចុះ បើធៀបនឹងថ្ងៃកន្លងទៅ។

លោកអះអាងថា តួលេខអ្នកជំងឺ ដែលស្លាប់ មានចំនួន ២០ ២៦៥នាក់ ខណៈអ្នកជំងឺដែលបានជាសះស្បើយ មានចំនួនជាង ៣៧ ០០០នាក់។ លោកបន្តរៀបរាប់ថា៖

«ចំនួនអ្នកជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់ បានបន្តថយចុះ ប៉ុន្តែចំនួននេះ នៅតិចនៅឡើយ។ ដូចគ្នានេះដែរ តាំងពី៦ថ្ងៃកន្លងមក ចំនួនអ្នកជំងឺ ដែលត្រូវនៅសម្រាកពេទ្យ បានបន្តថយចុះ រហូតដល់ចំនួន ៣០ ៥៨៤នាក់៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។