កម្ពុជា

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ត្រូវ​«គ្រប់គ្រង​ព័ត៌មាន» ដើម្បី​ថែរក្សាសន្ដិភាព

ប្រសិនជាប្រទេសកម្ពុជា ប្រកាន់យកប្រព័ន្ធដឹកនាំរដ្ឋ តាមបែបប្រជាធិបតេយ្យ និងមានរបបសារព័ត៌មានសេរីនោះ អង្គភាពអ្នកនាំពាក្យ​​នៃរបបក្រុងភ្នំពេញសព្វថ្ងៃ ដែលដឹកនាំដោយលោក ផៃ ស៊ីផាន បានអះអាងថា ខ្លួនមានកាតព្វកិច្ចក្នុងការ«គ្រប់គ្រង​ព័ត៌មាន» ដោយយកហេតុផល​មកពន្យល់ថា ដើម្បីចូលរួមថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

សេចក្ដីថ្លែងការណ៍មួយរបស់អង្គភាពមួយនេះ ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានអះអាងយ៉ាងដូច្នេះ ដើម្បីច្រានចោលការលើកឡើង របស់លោក សម រង្ស៊ី ដែលអង្គភាពអ្នកនាំពាក្យចាត់ទុកថា ជា«ទណ្ឌិតឧទ្ទាមក្រៅស្រុក» ជុំវិញគម្រោងកែនអ្នកគាំទ្រ ដើម្បីចូលរួមក្នុងដំណើរមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជា ដែលមេដឹកនាំប្រឆាំងអះអាង​ថា នឹងធ្វើឡើង​ក្នុងពេលឆាប់ៗខាងមុខ។

អង្គភាពអ្នកនាំពាក្យ បានសរសេរឡើងថា៖

«វោហារសាស្ត្ររបស់ទណ្ឌិតឧទ្ទាម (លោក សម រង្ស៊ី) រូបនេះ គ្រាន់តែជាវិទ្ធស្សនាចិត្តសាស្ត្រនយោបាយ ដើម្បីប្រើប្រាស់រូបភាព​ប្រជាពលរដ្ឋខ្មែរ ក្នុងការលាក់បាំង នូវពុតត្បុតបម្រើមហិច្ឆតារបស់ខ្លួន (…) ដែលតម្រូវឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រាំងខ្ទប់នូវទង្វើក្រុមទណ្ឌិតឧទ្ទាមនេះ ជាយថាហេតុណាមួយ។»

សេចក្ដីថ្លែងការណ៍ ដែលលើកឡើងដដែលៗ ដូចតែរាល់ដង ពីការដឹកនាំ«ដ៏ឈ្លាសវៃ» និង«ប៉ិនប្រសព្វ»របស់លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា៖

«ដូច្នេះ ការលើកឡើងរបស់ទណ្ឌិតឧទ្ទាមនៅក្រៅស្រុក ដូចដែលបានបន្តចុះផ្សាយ នៅតាមសារព័ត៌មានមួយចំនួននោះ គឺរាជរដ្ឋាភិបាលមិនទទួលយកបានឡើយ (…)។» 

«គ្រប់គ្រង​ព័ត៌មាន ជានិន្នាការដឹកនាំតាមបែបកុម្មុយនីស្ដិ៍ផ្ដាច់ការ»

អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គមកម្ពុជា លោក ព្រហ្ម គិត បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះថា ការលើកឡើងខាងលើ បង្ហាញពីនិន្នាការតាមបែបកុម្មុយនីស្ដិ៍ផ្ដាច់ការ នៃការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ ដែលហួសពីកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវ«ចេញការបកស្រាយ ឬការបំភ្លឺ» តែមិនមែនត្រូវ«គ្រប់គ្រងព័ត៌មាន» ដោយប្រើ«អំណាច»​របស់ខ្លួនឡើយ។

លោក ព្រហ្ម គិត ដែលជាអតីតមន្ត្រីច្បាប់មួយរូប បានបន្តថា៖

«សេចក្ដីថ្លែងការណ៍នោះ មានលក្ខណៈជាការគម្រាមច្រើនករណី។ គម្រាមលើចលនាប្រឆាំង ជារឿងមួយ តែសំខាន់សេចក្ដីថ្លែងការណ៍ហ្នឹង មានបំណង់មួយទៀត គឺគម្រាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងទម្រង់មួយថា មិនត្រូវចុះផ្សាយ ពីព័ត៌មានណាដែលរបបលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យចេញផ្សាយ។»

និន្នាការរបស់របបលោក ហ៊ុន សែន ជុំវិញការរឹតបន្តឹងវិស័យសារព័ត៌មាន និងសិទ្ធិនៃការទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ត្រូវបានអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF-RWB) បរិហារតាមរយៈ​របាយការណ៍សន្ទស្សមួយ ដែលចេញផ្សាយ កាលពីពាក់កណ្ដាលខែមេសា ដោយដាក់ប្រទេសកម្ពុជា ទៅក្នុងចំណាត់ថ្នាក់ដ៏អន់ និងកាន់តែទាបជាងឆ្នាំកន្លងទៅ។

នៅក្នុងរបាយការណ៍សន្ទស្សន៍នោះ កម្ពុជាជាប់លេខ១៤៣ ពីក្នុងចំណោមប្រទេស ចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បានធ្លាក់១លេខ បើប្រៀបនឹងឆ្នាំ២០១៨ ដែលប្រទេសកម្ពុជាជាប់លេខ ១៤២ និងធ្លាក់១១លេខ បើប្រៀបនឹងឆ្នាំ២០១៧ ដែលប្រទេសកម្ពុជាជាប់លេខ ១៣២។

ប៉ុន្តែរបាយការណ៍របស់អង្គការអន្តរជាតិ ដែលមានបណ្ដាញនៅជុំវិញពិភពលោក ត្រូវបានមន្ត្រីរបបក្រុងភ្នំពេញ ច្រានចោល ដោយចាត់ទុកថា ការដាក់ចំណាត់ថ្នាក់ខាងលើ មិនបានឆ្លុះបញ្ចាំង​ពីស្ថានការណ៍«ពិត»​នៅកម្ពុជា៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។