ចម្លាក់អណ្ដើក ធ្វើពីថ្មមួយទៀត ត្រូវបានកាយរកឃើញ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយក្រុមអ្នកធ្វើកំណាយ ក្នុងការដ្ឋានជួសជុលប្រាសាទ កណ្ដាលស្រះស្រង់ នៃរមណីយដ្ឋានវប្បធម៌អង្គរ។
បើតាមអាជ្ញាធរជាតិអប្សរា ដែលបង្ហោះព័ត៌មាននេះ នៅលើបណ្ដាញសង្កម បានឲ្យដឹងថា ចម្លាក់អណ្ដើក ដែលទើបនឹងរកឃើញនេះ មានទំហំតូចជាអណ្ដើកមុនបន្តិច។ នៅជិតចម្លាក់អណ្ដើកទាំងនេះ ក្រុមការងារក៏បានរកឃើញ គ្រាប់ខ្វាតពណ៌ស (Cristal ?) ជាច្រើនគ្រាប់ និងត្រីសូល៍ចំនួន២ (១មានរូបពេញលេញ និងមួយទៀត មានត្រឹមមួយបំណែក) នៅក្បែរនោះដែរ។
កាលពីថ្ងៃទី៤ ខែឧសភា ចម្លាក់អណ្ដើកមួយមុន ត្រូវបានកាយរកឃើញ ដោយចម្លាក់ធ្វើអំពីថ្មមួយនេះ នៅមានសភាពស្អាត នៅរក្សាទម្រង់ដើម សឹងតែទាំងស្រុង។ វត្ថុបុរាណចំនួន ៣ប្រភេទផ្សេងទៀត ក៏ត្រូវបានរកឃើញដែរ គឺចម្លាក់នាគ ខ្វាតពណ៌ស និងត្រីសូល៍។
អាជ្ញាធរជាតិអប្សរា បានអះអាងទៀតថា ក្រុមធ្វើកំណាយ រចនាសម្ព័ន្ធសំណង់ឈើ នៅលើខឿនប្រាសាទ ដ៏ចាស់ទ្រុឌទ្រោមមួយនេះ។
ប្រាសាទកណ្ដាលស្រះស្រង់ ដែលស្ថិតនៅមុខខាងកើត ប្រាសាទបន្ទាយក្ដី កសាងឡើងក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២។ សំណង់ប្រាសាទនៅកណ្ដាលស្រះស្រង់នេះ ជាតំណាងឱ្យភ្នំព្រះសុមេរុ។
អាជ្ញាធរជាតិអប្សរា បានអះអាងថា ខ្លួនបានជួសជុល ប្រាសាទកណ្ដាលស្រះស្រង់ឡើងវិញ ដោយហេតុថា ប្រាសាទដ៏អស្ចារ្យ បានរងការបាក់បែក សឹងតែទាំងអស់ ដោយសារកត្តាធម្មជាតិ ហើយប្រាសាទនេះមានតម្លៃប្រវត្តិសាស្រ ដ៏ធំធេង និងទេសភាពវប្បធម៌ សម្រាប់ទេសចរណ៍៕