កម្ពុជានឹងត្រូវប្រឈម ទល់នឹងការសម្រេច«ព្យួរ»ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ បើទោះជាការសម្រេចព្យួរនោះ ធ្វើឡើងក្នុងផ្នែកណាមួយ នៃផលិតផលនាំចេញ នៃប្រទេសនេះក៏ដោយ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអង់គ្លេស «Financial Time» នៅថ្ងៃចន្ទដើមសប្ដាហ៍។
សារព័ត៌មានដ៏ធំខាងលើ របស់ចក្រភពអង់គ្លេស បានស្រង់ប្រភពពីមន្ត្រីអ៊ឺរ៉ុប ចំនួន៣នាក់ ដែលស្និតនឹងសំនុំរឿង យកមករាយការណ៍ថា គណៈកម្មការសហភាពអឺរ៉ុបបានសម្រេចព្យួរ ប្រព័ន្ធអនុគ្រោះពន្ធនេះ ទៅលើផលិតផលមួយចំនួន ដែលនាំចេញ ពីប្រទេសកម្ពុជា។
ប៉ុន្តែប្រភពមិនបានអះអាងថា ផលិតផលមួយចំនួននោះ ស្និតក្នុងលក្ខណៈ ឬទិដ្ឋភាពបែបណាទេ។ យ៉ាងណា ប្រភពបានលើកឡើងថា គណៈកម្មការសហភាពអឺរ៉ុប នៅបន្តរក្សាការគាំទ្រមួយចំនួន សម្រាប់ផ្នែកសម្លៀកបំពាក់ ដើម្បីជួយដល់ការរស់នៅ របស់កម្មករកាត់ដេរកម្ពុជា។
«Financial Time» បានស្រង់សំដីអ្នកការទូតមួយរូប មកបញ្ជាក់ដែរថា សហភាពអឺរ៉ុបចង់ទុកទ្វារចំហរ សម្រាប់ការពិភាក្សា ជាមួយរបបក្រុងភ្នំពេញ ហើយមានការប្រុងប្រយ័ត្ន ចំពោះការដាក់ទណ្ឌកម្មណាមួយ ទៅលើរបបនេះ ដោយបារម្ភថា ចំណាត់ការនោះ អាចរុញកម្ពុជាឲ្យខិត ទៅជិតប្រទេសចិន។
ក្នុងថ្ងៃពុធទី១២ ខែកុម្ភៈ សប្តាហ៍នេះ គណៈកម្មការសហភាពអឺរ៉ុប នឹងបង្ហាញសេចក្តីសម្រេចរបស់ខ្លួន ទៅកាន់របបដឹកនាំដោយលោក ហ៊ុន សែន អំពីលទ្ធភាព នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ»ឬ «Everything But Arms – EBA» ដែលកម្ពុជាទទួលបាន តាំងពីឆ្នាំ២០០១នោះមក។
ប្រសិនណា ជាការព្យួរប្រព័ន្ធអនុគ្រោះពន្ធ នឹងត្រូវសហភាពអ៊ឺរ៉ុប សម្រេចធ្វើមែននោះ ការចាប់ផ្តើមយកពន្ធ នឹងត្រូវអនុវត្ត ចាប់ពីខែសីហា ឆ្នាំ២០២០ ខាងមុខ។
ចំណាត់ការខាងលើ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានរកឃើញថា ក្រុងភ្នំពេញ បានរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ «ជាប្រព័ន្ធ និងយ៉ាងធ្ងន់ធ្ងរ» រាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក ដោយក្នុងនោះ មានការចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រហូតឈានដល់ ការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ គួបផ្សំនឹងការហាមឃាត់ មន្ត្រីជាន់ខ្ពស់គណបក្ស ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ។
សហភាពអឺរ៉ុបបានបើកនីតិវិធី ដើម្បីព្រមានរដ្ឋាភិបាលកម្ពុជា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៩ អំពីចំណាត់ការរបស់ខ្លួន ប្រសិនណាជា របបដឹកនាំនៅកម្ពុជាមួយនេះ មិនធ្វើការកែលម្អឡើងវិញ ក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេនោះ។
យ៉ាងណា អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) អតីតស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម ធ្លាប់បានសំដែង ក្ដីទុទិដ្ឋិនិយមថា លោក ហ៊ុន សែន នឹងមិនងាកមកដឹកនាំប្រទេសកម្ពុជា តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវ វិញឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ក៏តែងបញ្ជាក់ពីជំហរ របស់រដ្ឋាភិបាលលោក ជាច្រើនដង ថាកម្ពុជាមិន«ឱនក្បាល» យក«អធិបតេយ្យ និងឯករាជជាតិ»ខ្លួន ទៅប្ដូរនឹងប្រព័ន្ធអនុគ្រោះពន្ធ «EBA» ខាងលើ របស់សហភាពអ៊ឺរ៉ុបដែរ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជាង៣ទសវត្សរ៍មកនោះ បានប្រកាសទៀតថា កម្ពុជាកំពុងត្រៀមខ្លួន ដោយធ្វើការកែទម្រង់ ដើម្បីពង្រីកទីផ្សារ ទៅកាន់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀត៕