អាស៊ី-ប៉ាស៊ីភិក

បាញ់ប្រហារ​នៅ​ថៃ៖ ២៩នាក់​ស្លាប់ ខណៈ​ខ្មាន់​កាំភ្លើង​ត្រូវបង្ក្រាប

ការបាញ់ប្រហារ ក្នុងក្រុង កូរាត នៃខេត្ត «Nakhon Ratchasima» ប្រទេសថៃ ដែលបង្កឡើងដោយទាហានម្នាក់ កាលពីថ្ងៃសៅរ៍ បានបណ្ដាលឲ្យមនុស្ស ២៩នាក់​ស្លាប់ របួសជាង៥០នាក់។ បន្ទាប់ពីរត់គេចខ្លួន រហូតដល់ព្រឹកថ្ងៃអាទិត្យ ខ្មាន់កាំភ្លើង ដែលអាជ្ញាធរកំណត់អត្តសញ្ញាណ មានឈ្មោះ «Jakrapanth Thomma» ត្រូវបានកងកម្លាំងពិសេសបាញ់សម្លាប់។

ក្នុងយប់ថ្ងៃអាទិត្យ មនុស្សជាច្រើនរយនាក់ បានប្រមូលផ្ដុំគ្នា នៅក្បែរផ្សារទំនើបខាងលើ និងបានដុតទៀន ដើម្បីឧទ្ទិសដល់ជនរងគ្រោះ នៅក្នុងហេតុការណ៍ ដ៏អាណោចអាធម។

២៩នាក់​ស្លាប់ …

អភិបាលខេត្ត «Nakhon Ratchasima» ដែលស្ថិតនៅភាគឦសាន នៃរាជធានីបាងកក បានថ្លែងថា មានមនុស្ស២៩នាក់ បានស្លាប់ មានទាំងជនស៊ីវិល និងគ្រួសារទាហាន ក្នុងនោះជនរងគ្រោះក្មេងជាងគេ មានអាយុ១៣ឆ្នាំ។ កងកម្លាំងម្នាក់ បានស្លាប់នៅក្នុងការបាញ់តបត ជាមួយខ្មាន់កាំភ្លើង។

លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayuth Chan-ocha) នាយករដ្ឋមន្ត្រីថៃ ដែលមានវត្តមាន នៅឯមន្ទីរពេទ្យខេត្ត បានលើកឡើងថា ហេតុការណ៍នេះកើតចេញ ពីបញ្ហា«ផ្ទាល់ខ្លួន» នៃការលក់ផ្ទះសម្បែងមួយកន្លែង។ លោកបានថ្លែង ទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖

«ការបាញ់ប្រហាររបៀបនេះ កើតមានជាលើកដំបូងបំផុត ក្នុងប្រទេសថៃ ហើយខ្ញុំចង់ឲ្យ វាកើតមាន​ ជាលើកចុងក្រោយបំផុត។»

ខ្មាន់កាំភ្លើង ដែលមានឈ្មោះ «Jakrapanth Thomma» បានធ្វើសកម្មភាព ដោយប្រើប្រាស់រថយន្ដយោធា កាំភ្លើងយន្ដ «M60» និងគ្រាប់កាំភ្លើង ដែលជននេះបានយកចេញ ពីមូលដ្ឋានយោធា ប្រចាំក្នុងខេត្ត។ សម្រាប់លោក ចន្ទអស្ចារ្យ បានលើកឡើងថា នេះមិនកើតចេញ ពីភាពខ្ជីខ្ជារក្នុងការទុកដាក់ សម្ភារៈសិកនោះទេ។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ទាហាន «Jakrapanth Thomma» បានធ្វើសកម្មភាពដំបូង នៅក្នុងផ្ទះមួយកណ្ដាលក្រុង ដោយបាញ់សម្លាប់មនុស្សពីរនាក់ មុននឹងធ្វើដំណើរ ទៅកាន់មូលដ្ឋានយោធា។ បន្ទាប់មក ជននេះបានបើករថយន្ដ ចេញពីទីនោះ ឆ្ពោះទៅផ្សារទំនើប ហើយបានផ្ទុះអាវុធជាច្រើនគ្រាប់ ទៅលើហ្វូងមនុស្ស។

ខ្មាន់កាំភ្លើងបានផ្សាយផ្ទាល់ នូវរូបភាពវីដេអូ នៃសកម្មភាពបាញ់ប្រហារនេះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។ ជននេះ បានបង្ហោះសារដូច្នេះថា «តើខ្ញុំត្រូវចូលសារភាព ឬទេ?» និងសារមួយទៀតថា «គ្មាននរណាម្នាក់ គេចផុតពីសេចក្ដីស្លាប់ នោះទេ»។

តែគណនីនោះ ត្រូវបានបិទដោយហ្វេសប៊ុក បណ្ដាញសង្គមយក្ស ដែលបាន ចេញសេចក្ដីប្រកាសព័ត៌មានមួយ សម្ដែងមរណទុក្ខ ចំពោះជនរងគ្រោះទាំងឡាយ នៅពេលបន្ទាប់មក៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។