ស្នងការជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម (Cecilia Malmström) បានសំដែកក្ដីកង្វល់ជាថ្មីទៀត ចំពោះបញ្ហា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ចំពោះប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅក្នុងជំនួបមួយ កាលពីថ្ងៃម្សិលម៉ិញ នាអាគារធំនៃសហភាពអ៊ឺរ៉ុប ក្នុងរាជធានី ព្រុយហ្សែល (ប្រទេសប៊ែលហ្សិក)។
ចេញពីជំនួបនោះ អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម បានបញ្ជាក់ថា វាជាកិច្ចពិភាក្សា ដែលធ្វើឡើង ដើម្បីបញ្ជាក់ឡើងវិញ ជាមួយភាគីកម្ពុជា អំពីកិច្ចព្រមព្រៀង អ៊ឺរ៉ុប-កម្ពុជា ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ «EBA» និងលទ្ធភាពនៃការដកប្រទេសកម្ពុជា ចេញពីកម្មវិធីនេះ។
អ្នកស្រីអះអាងថា អ្នកស្រីបានគូសបញ្ជាក់ឡើងវិញ អំពីកង្វល់របស់សហភាពអ៊ឺរ៉ុប អំពីស្ថានភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា។
យ៉ាងណា ស្នងការជាន់ខ្ពស់អ៊ឺរ៉ុបរូបនេះ បានថ្លែងដោយសុទិដ្ឋិនិយមថា សហភាពអ៊ឺរ៉ុបនៅតែបើកទ្វាចំហរ ចំពោះការជជែកពិភាក្សា ជាមួយភាគីកម្ពុជា។
សម្រាប់ភាគីកម្ពុជាវិញ គេមិនឃើញមាន សេចក្ដីប្រកាសព័ត៌មានអ្វី នៅក្រោយជំនួបនោះទេ។ នៅលើគេហទំព័ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជា នៅលើទំព័រហ្វេសប៊ុករបស់ក្រសួង គេគ្រាន់តែឃើញ មានព័ត៌មានសរសេរថា គណៈប្រតិភូការទូតកម្ពុជា បានជួបជាមួយមេដឹកនាំ នៃសហភាពអ៊ឺរ៉ុបប៉ុណ្ណោះ។
ក្នុងជំនួបមួយ ជាមួយលោក «Scott Ryan» ប្រធានព្រឹទ្ធសភាអូស្រ្តាលី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លោក ប្រាក់ សុខុន បានឲ្យដឹងថា៖
«ទាក់ទិននឹងបញ្ហា EBA ខ្ញុំនឹងជួបពិភ្សាជាមួយ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ហើយជម្រាបជូន ពីវិធានការអ្វីខ្លះ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើ ក៏ដូចជាផែនការ និងវិធានការអ្វីខ្លះ ដែលកម្ពុជានឹងធ្វើ នៅថ្ងៃអនាគត ពាក់ព័ន្ធលំហនយោបាយ ក៏ដូចជាសេរីភាពសារព័ត៌មាន និងកិច្ចការផ្សេងៗដូចជា សហជីពជាដើម។»
លោក «Umberto Gambini» ដែលជាជំនួយការ របស់លោកសមាជិកសភាអ៊ឺរ៉ុប «Ramon Tremosa» បានអះអាងថា នយោបាយរយៈពេល ១០ឆ្នាំ របស់សហភាពអ៊ឺរ៉ុប ដែលធ្វើឡើង តាមរយៈ «ការជជែក ការឃ្លាំមើល និងការសំដែងក្ដីកង្វល់»នេះ បានទទួលលទ្ធផលមកវិញ ត្រឹមតែជា «ការបរាជ័យ» នៃសហភាពអ៊ឺរ៉ុបប៉ុណ្ណោះ ហើយស្ថានភាពក្នុងប្រទេសកម្ពុជា មានសភាពកាន់តែអាក្រក់។
មន្ត្រីអ៊ឺរ៉ុបខាងលើ បានលើកយកមាត្រា១៩ នៃបទបញ្ជាលេខ «978/2012» របស់សហភាពអ៊ឺរ៉ុប មកបញ្ជាក់ថា៖
«សហភាពអឺរ៉ុប មានកាតព្វកិច្ចផ្នែកសីលធម៌ និងកាតព្វកិច្ចផ្នែកច្បាប់ ដើម្បីគោរពច្បាប់របស់ខ្លួន ជាពិសេសនៅត្រង់មាត្រា ១៩ នៃបទបញ្ជាលេខ “978/2012″។»
កាលពីដើមខែតុលា ឆ្នាំ២០១៨ សហភាពអ៊ឺរ៉ុបបានបើកនីតិវិធី ដែលមានរយៈពេល ៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។
ចំណាត់ការនេះ ធ្វើឡើង បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញ ពីការបង្ក្រាបមិនប្រណីដៃ ពីសំណាក់របបដឹកនាំរបស់លោក ហ៊ុន សែន ទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ដែលមិនរណបរដ្ឋាភិបាល និងទៅលើសាព័ត៌មានឯករាជ្យ ជាពិសសេស នៅចំពោះភាពមិនអើពើ នៃរបបដឹកនាំនេះ ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញ។
ការសម្រេចខាងលើ ក៏ត្រូវបានសហភាពអ៊ឺរ៉ុប ធ្វើសេចក្ដីជូនដំណឹង ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលនោះដែរ។ តែរបបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រតិកម្មតបទៅសហភាពអ៊ឺរ៉ុបវិញ ដោយហៅការបើកនីតិវិធីខាងលើ ថាជាទង្វើដ៏«អយុត្តិធម៌»បំផុត៕