ពិភពលោក

យន្ដហោះឯកជន ដែលកីឡាករ សាឡា ជិះបានបាត់ខ្លួនលើសមុទ្រ

ក្នុងយប់ថ្ងៃចន្ទម្សិលម៉ិញ ម៉ោងប្រមាណជា ២០ ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស បានបាត់ដំណឹងសូន្យឈឹង​ពី យន្ដហោះឯកជន មួយដែលដឹក ខ្សែប្រយុទ្ធថ្មីថ្មោងម្នាក់ របស់ក្រុម កាឌីហ្វស៊ីធី  (Cardiff City – អង់គ្លេស) គឺកីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala)។

កីឡាករខាងលើ ទើបចាកចេញពីក្រុម ណង់ (FC Nantes – បារាំង) ទៅចុះកិច្ចសន្យាលេងឲ្យក្រុម កាឌីហ្វស៊ីធី កាលពីសប្ដាហ៍មុន ជាមួយនឹងទឹកប្រាក់ ប្រមាណជា ១៧លានអ៊ឺរ៉ូ ដែលជាការចំណាយ ដ៏ថ្លៃមួយ ក្នុងប្រវត្តិរបស់ក្រុមបាល់ទាត់ ខាងលើ។

យន្ដហោះឯកជន ឈ្មោះ «The Piper Malibu» បានហោះចេញពីក្រុង ណង់ ភាគខាងលិចប្រទេសបារាំង ឆ្ពោះទៅកាន់ក្រុង កាឌីហ្វ ភាគខាងលិចចក្រភពអងគ្លេស តែបានបាត់ដំណឹង នៅត្រង់ប្រជុំកោះ «Sainte Anne» និង «Guernesey»។ នេះ បើតាមការអះអាង របស់ប្រភពដំណឹង ស្និតនឹងនគរបាល។

ប្រធានក្រុមបាល់ទាត់ កាឌីហ្វ លោក «ehmet Dalman» បានថ្លែងឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយថា៖

«យើងមានការព្រួយបារម្ភណាស់ ដោយបានទទួលដំណឹងថា យន្ដហោះឯកជនបានបាត់ដំណឹង នៅពេលហោះ មកដល់កណ្ដាលសមុទ្រ មង់ (សមុទ្រនេះ នៅរវាងអង់គ្លេស និងបារាំង) យើងកំពុងរង់ចាំ ការបញ្ជាក់លំអិត មុននឹងជូនដំណឹង​ បន្ថែមទៀត។ យើងមានការព្រួយបារម្ភណាស់ ចំពោះសុវត្ថិភាព របស់កីឡាករ អេមីលីយ៉ាណូ សាឡា។»

ការរុករកបានផ្អាក កាលពីយប់ម៉ិញ ប៉ុន្តែកំពុងបន្តធ្វើ នៅព្រឹកថ្ងៃអង្គារនេះ។ អាជ្ញាធរកោះ «Guernesey» បានឲ្យដឹងថា ការរុករកនោះ មានប្រើទាំងនាវា និងឧទ្ធម្ភាគចក្រ។ ប្រភពព័ត៌មានបានអះអាងថា នៅក្នុងយន្ដហោះ មានមនុស្សជិះពីរនាក់ បូករួមនឹងអ្នកបើកយន្ដហោះ និងបុគ្គលិកបម្រើការ។

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។