អាស៊ី-ប៉ាស៊ីភិក

វិបត្តិ​នៅ​កាស្មៀរ៖ បុណ្យ​សាសនា «Aïd» ប្រព្រឹត្តិទៅ​ក្រោម​ភាព​តានតឹង

ពិធីបុណ្យសាសនា «Aïd al-Adha» ដ៏សំខាន់របស់មូស្លីម បានប្រព្រឹត្តទៅ ក្នុងស្ថានភាពដ៏តានតឹង បន្ទាប់ពីប្រទេសឥណ្ឌា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីសប្ដាហ៍មុន លប់ចោលស្វ័យភាពនៃទឹកដីកាស្មៀរ មុននឹងបញ្ជូនកម្លាំងប្រដាប់អាវុធ យ៉ាងសន្ធឹកសន្ធាប់ ទៅកាន់ទីនោះ។

ពិធីបុណ្យនេះ តម្រូវឱ្យធ្វើការបូជាសត្វចៀម តាមទំនៀមទំលាប់រៀងមក។ តែឆ្នាំនេះ បណ្ដាជននៅកាស្មៀរ បានសំដែងភាពលំបាកលំបិន របស់ផងខ្លួន ក្នុងការប្រារព្ធពិធី ដោយសារពួកគេត្រូវបានហាមឃាត់ នូវរាល់ការជួបជុំគ្នា។

បុរសម្នាក់ ដែលរស់នៅចំងាយ ជាង១០គីឡូមែត្រ ពីក្រុង «Srinagar» នៃតំបន់កាស្មៀរ ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីមកបញ្ជាក់ថា៖

«តម្លៃចៀមមួយក្បាល ថ្លៃខ្លាំងណាស់។ អ្នកលក់ចៀមនិយាយថា ពួកគេអាចមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើពួកគេចេញមកលក់ដូរ នៅតាមផ្លូវ។»

នាយករដ្ឋមន្ត្រីឥណ្ឌា លោក «Narendra Modi» ដែលមាននយោបាយជាតិនិយម បានអះអាងជាមុនថា បណ្ដាជនមូស្លីម អាចប្រារព្ធពិធីបុណ្យ «Aïl» ក្នុងសប្ដាហ៍នេះ ដោយមិនមានការបារម្ភអ្វីឡើយ។ ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះ ក៏ជាអ្នកចេញក្រឹត្យ ក្នុងការហាមឃាត់ការជួបប្រជុំគ្នា និងបញ្ជាឲ្យធ្វើការផ្ទុះអាវុធ ប្រសិនជាមានករណីល្មើសដែរ។

លោក «Narendra Modi» បញ្ជាក់ទៀតថា ការបញ្ចប់ស្វ័យភាព នៃតំបន់កាស្មៀរ មិនត្រឹមតែបំបាក់ចោល នូវជម្រកភេរវជន និងជននិយមផ្ដាច់ទឹកដីប៉ុណ្ណោះទេ តែក៏អនុញ្ញាតឲ្យរដ្ឋាភិបាល អាចអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់នេះដែរ។

យ៉ាងណា ពលរដ្ឋកាស្មៀរនៅតែសំដែងកំហឹងរបស់ពួកគេ នៅចំពោះចំណាត់ការ របស់រដ្ឋាភិបាលក្រុងញូដេលី ដោយបានចាត់ទុកទង្វើខាងលើ ថាជាការមិនអើពើ នឹងជំនឿសាសនារបស់ពួកគេ។ ពលរដ្ឋម្នាក់ ដែលរស់នៅក្នុងក្រុង «Srinagar» (កាស្មៀរ) ត្រូវបានស្រង់សំដី មកអះអាងថា៖

«យើងគ្មានសេរីភាពទេ សម្រាប់ការប្រតិបត្តិជំនឿសាសនា របស់យើង។ រឿងនេះ ធ្វើឲ្យខ្ញុំខ្វល់ខ្វាយណាស់៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។