អាស៊ី-ប៉ាស៊ីភិក

បាតុកម្មហុងកុង៖ ជើងហោះហើរ ចាប់ផ្ដើមមានដំណើរការឡើងវិញ

ជើងហោះហើរ នៅព្រលានយន្ដហោះ ហុងកុង ដែលត្រូវបានលប់ចោល កាលពីម្សិលម៉ិញ ព្រោះការចូលកាន់កាប់ របស់ក្រុមបាតុករនិយមលទ្ធិប្រជាធិបតេយ្យនោះ បានចាប់ផ្ដើមមានដំណើរការឡើងវិញ នៅព្រឹកថ្ងៃអង្គារនេះ។

អ្នកនាំពាក្យព្រលានយន្ដហោះ ហុងកុង បានថ្លែងឲ្យដឹងថា ការចុះឈ្មោះអ្នកដំណើរ បានបើកធ្វើជាថ្មី ខណៈការបង្ហាញព័ត៌មាន ស្ដីពីការហោះចេញ និងការចុះចត នៅលើកញ្ចក់ទូរទស្សន៍ ក្នុងព្រលានយ​ន្ដហោះ ក៏មានជាធម្មតាបន្តិចម្ដងៗវិញដែរ។

បើតាមតួលេខផ្ដល់ដោយអាជ្ញាធរ បានឲ្យដឹងថា បាតុករប្រមាណជា៥០០០នាក់ បានបន្តកាន់កាប់ព្រលានយន្ដហោះ កាលពីថ្ងៃចន្ទម្សិលម៉ិញ ដើម្បីអ្វីមួយ ដែលបណ្ដាបាតុករអះអាងថា គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់បណ្ដាអ្នកដំណើរទាំងឡាយ នៅលើពិភពលោក ឲ្យយល់​និងដឹងឮ អំពីបុព្វហេតុរបស់ពួកគេ។

ជាមួយនឹងបដា-ខិត្តប័ណ្ណនៅនឹងដៃ ក្រុមបាតុករបានបរិហារ ពីទង្វើហិង្សា របស់កងកម្លាំងនគរបាល ដែលធ្វើការបង្ក្រាប ទៅលើ«ការតស៊ូ​ដោយសន្តិវិធី»របស់ពួកគេ ប្រឆាំងនឹងលូកដៃជ្រៀតជ្រែក ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រឆាំង​ការដើរថយក្រោយ នៃសិទ្ធិសេរីភាព នៅក្រុងហុងកុង

ការកាន់កាប់ព្រលានយន្ដហោះ បានបណ្ដាលឲ្យការហោះហើរទាំងឡាយ ត្រូវបានលប់ចោលទាំងអស់ ចាប់ពីរសៀលថ្ងៃចន្ទម្សិលម៉ិញ រហូតមកដល់វេលាព្រឹកថ្ងៃអង្គារ។

យ៉ាងណា ក្រុមបាតុករបាននាំគ្នា ចាកចេញពីព្រលានយន្ដហោះ បន្តិចម្ដងៗ នៅវេលាយប់ ដោយបន្សល់ទុកគ្នីគ្នា តែបន្តិចបន្តួចប៉ុណ្ណោះ នៅវេលាព្រឹកថ្ងៃអង្គារ ជាមួយនឹងបុគ្គលិក​បោសសម្អាតព្រលាន នៅនឹងកន្លែង។ ប៉ុន្តែបាតុករបានអះអាងថា ពួកគេមានបំណងបន្តបាតុកម្ម របស់ពួកគេ ក្នុងថ្ងៃអង្គារនេះទៀត។

សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងវិញ បានប្រតិកម្មខ្លាំងៗ ចាត់ទុកសកម្មភាព របស់ក្រុមបាតុករថា ជា«សញ្ញានៃភេរវនិយម»។ ការបញ្ចេញសម្លេង របស់ក្រុងប៉េកាំង ធ្វើឡើងស្របគ្នា នឹងការសម្រេចរបស់អាជ្ញាធរក្រុងហុងកុង ឲ្យបិទព្រលានយន្ដហោះ ដែលជាប់ឈ្មោះ ជាព្រលានយន្ដហោះទី៨ ក្នុងការទទួលអ្នកដំណើរ បានច្រើនជាងគេ នៅលើពិភពលោក៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។