បាល់ទាត់

អ្នកគាំទ្រ​ក្រុម PSG បង្ហាញ​សារ​«បណ្ដេញ»​កីឡាករ ណីម៉ា

«ណីម៉ា ចេញឲ្យបាត់ទៅ» នេះ ជាអ្វីដែលដែលគេអាចអានបាន នៅលើបដា ដែលបណ្ដាអ្នកគាំទ្រក្រុមបាល់ទាត់ បារីស (Paris Saint Germain – PSG) បានបង្ហាញ ក្នុងការប្រកួតថ្ងៃទី១ រវាងក្រុមប៉ារីស និងក្រុមនីម (Nîmes) ក្របខណ្ឌ «Ligue1» កាលពីយប់​ថ្ងៃអាទិត្យម្សិលម៉ិញ។

ជាសារច្បាស់មួយ ពីក្នុងចំណោមសារជាច្រើនទៀត ដែលបណ្ដាអ្នកគាំទ្រ បានបង្ហាញក្នុងការប្រកួត អះអាងពីបំណងរបស់ពួកគេ ដែលមិនចង់ឃើញកីឡាករ ណីម៉ា (Neymar) នៅទាត់ឲ្យក្រុមបាល់ទាត់ប៉ារីស តទៅទៀត បន្ទាប់ពីកំពូលខ្សែប្រយុទ្ធ ជាតិប្រេស៊ីលរូបនេះ បានលើកឡើង ពីការចងចេញពីក្រុម កាលពីចុងរដូវកាលមុន។

យ៉ាងណា នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតដែលផ្ដល់ជ័យជំនះ ឲ្យក្រុមប៉ារីស ៣-០ គ្រូបង្វឹកក្រុមប៉ារីស លោក ថូម៉ាស ធូហែល (Thomas Tuchel) បានព្យាយាមបន្ធូរបន្ថយភាពតានតឹង ដោយអះអាងថា កីឡាករ ណីម៉ា នៅតែជាកីឡាករ របស់ក្រុមប៉ារីស និងស្ថិតក្រោមការដឹកនាំ របស់លោកនៅឡើយ។

រីឯខ្សែបម្រើ កីឡាករ ម៉ាកូ វេរ៉ាទី (Marco Verratti) ក៏បានចេញមុខការពារកីឡាករ ណីម៉ា វិញដែរ និងស្នើឲ្យមានដំណោះស្រាយ ឲ្យឆាប់បំផុត ថាតើកំពូលខ្សែប្រយុទ្ធ នឹងត្រូវចាកចេញ ឬត្រូវនៅក្នុងក្រុម ជាបន្តទៅទៀត។ ខ្សែបម្រើជាតិអ៊ីតាលីរូបនេះ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖​

«គេនាំគ្នានិយាយតែពី ណីម៉ា ព្រោះជាកីឡាករ ដ៏អស្ចារ្យមួយរូប។»

«PSG» ថាបានជជែកស៊ីជម្រៅ​ពីករណី ណីម៉ា

របាយការណ៍របស់សារព័ត៌មាន ក្នុងទ្វីបអ៊ឺរ៉ុបជាច្រើន បានអះអាងថា កីឡាករ ណីម៉ា ចង់វិលត្រឡប់ទៅក្រុម បាសឺឡូន (FC Barcelone) វិញ។ ប៉ុន្តែបញ្ហាថវិកា ក្នុងការទិញយកកីឡាកររូបនេះ ពីក្រុមប៉ារីស បានធ្វើឲ្យក្រុមបាសឺឡូន នៅទ្រឹងរារែករហូតមកដល់ថ្ងៃនេះ។

ដោយហេតុនេះហើយ ទើបក្រុម រៀលម៉ាឌ្រីត (Real Madrid) មានឱកាស លូកដៃចូលសំនុំរឿង ព្រោះក្រុមអធិរាជសេះស ក៏មានបំណងចង់ទាញកីឡាករ ទៅទាត់ឲ្យក្រុមខ្លួនដែរ។

ក្រុមប៉ារីស បានបង្ហើបកាលពីចុងសប្ដាហ៍កន្លងមក ថាខ្លួនកំពុងជជែក យ៉ាងស៊ីជម្រៅ នៅក្នុងករណីរបស់កីឡាករ តែមិនបង្ហើបថា ការជជែកនោះ ធ្វើជាមួយក្រុមណាមួយទេ។

យ៉ាងណា សារព័ត៌មាននានា ក្នុងប្រទេសបារាំង បានអះអាងថា វាសនារបស់កំពូលកីឡាករ ជាតិប្រេស៊ីល នឹងអាចដឹងច្បាស់ក្នុង​សប្ដាហ៍នេះ ខណៈអង្គប្រជុំ​រវាងមេដឹកនាំ របស់ក្រុមបាល់ទាត់ធំៗ នៅអ៊ឺរ៉ុប នឹងត្រូវប្រព្រឹត្តិទៅ នៅក្រុង លីវើភូល (Liverpool) ក្នុងថ្ងៃព្រហស្បត្តិ៍ខាងមុខ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។