ទំនៀមទំលាប់

សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលពីមុនមក ទទួលភាពល្បីល្បាញ នៅលើ​បណ្ដាញសង្គមថា សរសេរអក្សរមួយឃ្លា មានកំហុសអក្ខរាវិរុទ្ធ យ៉ាងហោចពីរពាក្យនោះ បានសរសេរ​នៅពេលនេះ នូវពាក្យដ៏ប្លែកមួយ គឺពាក្យ «អាម៉េរិក» ដែលជាពាក្យត្រឹមត្រូវ តាមវចនានុក្រម​សម្ដេចសង្ឃ ជួន ណាត។

ពាក្យនេះ ជាទូទៅត្រូវបានសរសេរសម្រួល មកត្រឹមជា«អាមេរិក» ដោយអ្នកសរសេរបានបំបាត់ ឬភ្លេចសរសេរ នូវ« ៉» ពីលើ«ម»។ ការបំបាត់ចោល ឬការភ្លេចសរសេរនេះ ទំនងជា នៅក្នុងអក្សរសាស្ត្រខ្មែរ ខ្យល់«អ៊»ដែល​សរសេរ​នៅក្រោយ​ខ្យល់«អ» តែងត្រូវបញ្ចេញសម្លេង ជាខ្យល់«អ»ទាំងអស់។

តែនៅក្នុងការបង្ហោះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក សុខ ទូច បានសរសេរដូច្នេះថា៖

«កិច្ចពិភាក្សាតុមូល ស្ដីពីការឆ្លងឆ្លើយគ្នារវាង ស្ថានទូតសហរដ្ឋអាម៉េរិក និង​ស្ថានទូត​ចិន ប្រចាំកម្ពុជា។ សាលនាងនួន ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។»

នៅក្នុងវចនានុក្រុមសម្ដេចសង្ឃ មានពន្យល់ពាក្យ«អាម៉េរិក» ដូចតទៅ៖

«អាម៉េរិក ( ន. ) or អាម៉េរិគ ( បារ. )

ឈ្មោះ​មហា​ទ្វីប​មួយ ​ក្នុង​មនុស្ស​លោក នៅ​ក្នុង​ចន្លោះ​លំហ ​នៃ​មហា​សមុទ្រ​អត្លង់ទិគ ​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិគ (រាប់​ចូល​ក្នុង​ចំនួន​មហា​ទ្វីប​ទាំង ៥) : ភូមិ​ភាគ​នៃ​ទ្វីប​អាម៉េរិគ ចែក​ក្នុង​ភូមិ​សាស្រ្ត​ជា​៣ ភាគ​គឺ អាម៉េរិគ​ខាង​ជើង, អាម៉េរិគ​កណ្តាល, អាម៉េរិគ​ខាង​ត្បូង ។ ជាតិ​មនុស្ស​អ្នក​មាន​ពូជ​កំណើត ​នៅ​ក្នុង​ទ្វីប​អាម៉េរិគ​នោះ, បុរស​ហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន (បារ. Américain, អ. អាម៉េរិក័ន American), ស្ត្រី​ហៅ អាម៉េរិកែន (បារ. Américaine); ខ្មែរ​ច្រើន​ហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន ទាំង​បុរស​ទាំង​ស្ត្រី : ប្រុស​អាម៉េរិក័ង, ស្រី​អាម៉េរិក័ង។»

យ៉ាងណា សំណេរត្រឹមត្រូវរបស់លោក សុខ ទូច ទទួលប្រតិកម្មពីមេដឹកនាំប្រឆាំង លោក អេង ឆៃអ៊ាង ឲ្យលើកឡើងថា លោក សុខ ទូច គួរសរសេរពាក្យ«យួន» ដែលមាននៅក្នុងវចនានុក្រមសម្ដេចសង្ឃ ឲ្យដូចគ្នាផង៕

ពាក្យ«អាម៉េរិក» ត្រូវបានលោក សុខ ទូច យកមកប្រើជាផ្លូវការ ។ ជាមួយគ្នា ខ្ញុំស្នើសុំ លោក សុខ ទូច យកពាក្យ«យួន»…

Publiée par Eng Chhai Eang sur Mercredi 1 mai 2019


មុននឹងរិះគន់គេត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយសិន បើមិនដូច្នេះទេ អ្នកនឹងក្លាយជាគោលដៅនៃការរិះគន់ត្រលប់ឬ​វាយប្រហារ​មិនខានទេ

Publiée par Migy C. No sur Mardi 30 avril 2019
ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។