នគរ ស្ថាបត្យកម្ម

ស្ពាន​«ប្រវែង​៣៦គីឡូម៉ែត្រ» ពីក្នុង​ចំណោម​ស្ពានវែង​បំផុត ទើប​​បង្ហាញរាង

កាលពីថ្ងៃពុធ ប្រទេសកូវ៉េត ទើបនឹងសម្ពោធស្ពានមួយ ប្រវែង​៣៦គីឡូម៉ែត្រ នៅលើ​ឈូងសមុទ្រ ហ្គោល។ បើមើលតាមប្រវែងរបស់វា ស្ពានថ្មីនេះ ស្ថិតក្នុងចំណោមស្ពានដ៏វែងជាងគេបំផុត នៅលើពិភពលោក។

ស្ពានឈ្មោះ «Jaber» ដែលឧទ្ធឹសដល់ព្រះអង្គម្ចាស់ «Jaber al-Ahmad Al-Sabah» ភ្ជាប់រដ្ឋធានីនៃប្រទេសកូវ៉េត ទៅកាន់ក្រុង «Subbiya» ដែលស្ថិតនៅភាគខាងជើងប្រទេស។ ទីនោះនឹងត្រូវក្លាយជា តំបន់សេដ្ឋកិច្ចពិសេសមួយ ដោយសារស្ថានភាពភូមិសាស្ត្រ នៅក្បែរ​ទាំងព្រំដែនទឹក និងទាំងព្រំដែនគោក នៃប្រទេសអៀរ៉ាក់ និងអៀរ៉ង់។

តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ មានឈ្មោះថា «Silk City» ជាលំហពាណិជ្ជកម្មសេរី រវាងអាស៊ីកណ្ដាល និងអ៊ឺរ៉ុប។ បើតាមរដ្ឋាភិបាលកូវ៉េត បានឲ្យដឹងថា ដើម្បីឲ្យគម្រោងនេះ ចេញជារូបរាង គេត្រូវការប្រាក់វិនិយោគ ប្រមាណជាង១០០ពាន់លានដុល្លារ។

ព្រះអង្គម្ចាស់ «Sabah al-Ahmad Al-Sabah» នៃប្រទេសកូវ៉េត បានធ្វើជាអធិបតីនៃពិធីសម្ភោធស្ពានខាងលើ ដោយមានការចូលរួម ពីនាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក លី ណាកយ៉ុង (Lee Nak-Yeon) និងប្រធានព្រឹទ្ធសភាបារាំង លោក ហ្សេរ៉ា ឡាឆេរ (Gérard Larcher) នោះផង។

គឺក្រុមហ៊ុនបារាំង ឈ្មោះ «SYSTRA» ជាអ្នកបង្កើតគម្រោងស្ពាន «Jaber» នេះឡើង ខណៈក្រុមសាងសង់ គឺសហគ្រាសកូរ៉េ ឈ្មោះ «Hyundai Engineering and Construction» ដែលត្រូវការពេល រាប់ពីដើមដំបូង រហូតដល់ពេលបញ្ចប់ការសាងសង់ មានរយៈពេលសរុប ៥ឆ្នាំ។ 

តម្លៃសាងសង់ស្ពានដ៏វែងនេះ មានប្រមាណជា ៣,៦ពាន់លានដុល្លារ ដែលត្រូវជា ៣,២ពាន់​លានអ៊ឺរ៉ូ​៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។