សង្គ្រាមនៅអ៊ុយក្រែន៖ សង្គ្រាមឈ្លានពានអ៊ុយក្រែន បន្តធ្វើឲ្យខាតបង់ កាន់តែធ្ងន់ធ្ងរថែមទៀត ដល់វិស័យកីឡាបាល់ទាត់របស់ប្រទេសរ៉ុស្ស៊ី។ សហភាពបាល់ទាត់អ៊ឺរ៉ុប ហៅកាត់ថា«UEFA» បានសម្រេចនៅថ្ងៃចន្ទនេះ បណ្ដេញក្រុមរ៉ុស្ស៊ីទាំងអស់ (ទាំងក្រុមអាជីព ក្រុមជម្រើសជាតិ ទាំងបុរស ទាំងស្ត្រី ទាំងក្របខណ្ឌយុវវ័យ) ចេញពីរាល់ការប្រកួតទាំងឡាយ ដែលរៀបចំធ្វើឡើង នៅឆ្នាំក្រោយ ដោយសហភាពមួយនេះ។
នេះ ជាទណ្ឌកម្មថ្មីទៀត បន្ទាប់ពីទណ្ឌកម្មលើកមុន (សម្រេចដោយ សហព័ន្ធបាល់ទាត់ពិភពលោក – FIFA – និងសហភាពបាល់ទាត់អ៊ឺរ៉ុប) ក្នុងការបណ្ដេញក្រុមជម្រើសជាតិរ៉ុស្ស៊ី ចេញពីការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងប្រព្រឹត្តិទៅ នៅប៉ុន្មានខែខាងមុខ នៅក្នុងប្រទេសកាតា។
ទណ្ឌកម្មថ្មីរបស់«UEFA» ត្រូវបានប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ ក្នុងល្ងាចថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២នេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ នោះ គឺគ្រប់ក្រុមបាល់ទាត់ទាំងអស់ របស់ប្រទេសរ៉ុស្ស៊ី ត្រូវបានដកចេញពីរាល់ការប្រកួត នៃក្របខណ្ឌអ៊ឺរ៉ុប ក្នុងនោះរួមមាន៖
សហភាពបាល់ទាត់អ៊ឺរ៉ុប ក៏បានសម្រេចដកក្រុមរ៉ុស្ស៊ី ចេញពីក្របខណ្ឌជម្រុះ (ក្នុងទ្វីបអ៊ឺរ៉ុប) សម្រាប់ឡើងទៅប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០២៤លើកក្រោយនោះដែរ។ ហើយរាល់កៅអីសិទ្ធិប្រកួតរបស់ក្រុមរ៉ុស្ស៊ីដែលនៅទំនេរ នឹងត្រូវផ្ដល់ទៅឲ្យក្រុមផ្សេង។
ធ្ងន់ធ្ងរជាងនេះ ស្ថាប័នបាល់ទាត់អ៊ឺរ៉ុប បានដកបេក្ខភាពរបស់ប្រទេសរ៉ុស្ស៊ី ចេញពីការរៀបចំការប្រកួតបាល់ទាត់អ៊ឺរ៉ុប ឆ្នាំ២០២៨ និងឆ្នាំ២០៣២ថែមទៀត។ ការទទួលរៀបចំព្រឹត្តិការណ៍កីឡា ជាលក្ខណៈអន្តរជាតិ ប្រកបដោយផលប្រយោជន៍ តែងត្រូវបានប្រទេសមានលទ្ធភាពទាំងឡាយ ទាមទារដាក់បេក្ខភាព ដើម្បីឲ្យព្រឹត្តិការណ៍ទាំងនោះ អាចប្រព្រឹត្តិទៅក្នុងប្រទេសផងខ្លួន៕