តារា ជនល្បី

«ស្ត្រីកំណាន់»​របស់ ពូទីន បង្ហាញខ្លួន​នៅម៉ូស្គូ និងថ្លែងចំអក​បស្ចឹមលោក

អ្នកស្រី «Alina Kabaeva» ដែលប្រព័ន្ធផ្សព្វផ្សាយ បានស្គាល់ថាជា«ស្ត្រីកំណាន់»របស់ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានបង្ហាញខ្លួន​ដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយក្រុមកីឡាកររ៉ុស្ស៊ី ក្នុងសាលហ្វឹកហាត់មួយ នៃកីឡដ្ឋាន«VTB Arena» កណ្ដាលរដ្ឋធានីម៉ូស្គូ កាលពីសប្ដាហ៍កន្លងមក។

តាំងពីប្រទេសរ៉ុស្ស៊ី បានលើកទ័ពវាយឈ្លានពាន ចូលក្នុងប្រទេសអ៊ុយក្រែន បណ្ដាញសារព័ត៌មាននៅលោកខាងលិច បានតាមប្រមាញ់យ៉ាងស្វិតស្វាញ ស្វែងរកព័ត៌មាន ស្ដីពីអតីតកីឡាការិនីកាយសម្ព័ន្ធរូបនេះ ដែលគេដឹងថា បានរស់នៅលាក់ខ្លួន យ៉ាងសម្ងាត់បំផុត ជាមួយកូនស្រី-ប្រុសរបស់ខ្លួន នៅក្នុងភាគខាងត្បូងនៃប្រទេសស្វីស។

បើតាមសារព័ត៌មានទាំងនោះ កូនទាំងបីនាក់ (ប្រុស២នាក់ និងស្រីម្នាក់) របស់អ្នកស្រី «Alina Kabaeva» ជាកូនរបស់លោក វ្លាឌីមៀរ ពូទីន។

ការបង្ហាញខ្លួនរបស់នាង ជាសាធារណៈ ក្នុងកីឡដ្ឋានខាងលើ ទំនងជាបានបិទបញ្ចប់ នូវរាល់ការប្រមាញ់ តាមរកព័ត៌មានជុំវិញរូបនាង និងគ្រួសារ ពីសំណាក់ក្រុមអ្នកសារព័ត៌មាន។ ហើយពិសេសជាងនេះ គឺជាឱកាសដើម្បីអនុញ្ញាត ឲ្យ«ស្ត្រីកំណាន់»របស់ប្រធានាធិបតីរ៉ុស្ស៊ីរូបនេះ អាចថ្លែងទៅកាន់​អ្នកសារព័ត៌មាន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងអំពីការដកប្រទេសរ៉ុស្ស៊ី ចេញពីការប្រកួតកីឡា ដែលមានលក្ខណៈអន្តរជាតិ ពីសំណាក់ស្ថាប័នពិភពលោក​ទាំងឡាយ។

សារព័ត៌មានអង់គ្លេស «Daily Mail» បានស្រង់សំដីរបស់អ្នកស្រី «Alina Kabaeva» មកចុះផ្សាយក្នុងទំព័ររបស់ខ្លួនថា៖ 

«ក្នុងប្រវត្តិកីឡាពិភពលោក មិនដែលធ្លាប់មានទាល់តែសោះ នូវទំព័រ​ដ៏គួរឲ្យខ្មាស់អៀន​របៀបនេះ។ ពួកគេ (មេដឹកនាំស្ថាប័ន​កីឡាអន្តរជាតិ) មិនដែលខ្វល់ និងមិនបាន​ដកចេញពីការប្រកួត​ណាមួយឡើយ នូវប្រទេស​ដែលបានចូលរួម​កម្ទេចប្រជាជន​ស៊ីវិល​​រាប់សិបពាន់នាក់ នៅក្នុងប្រទេសយូហ្គោស្លាវី អៀរ៉ាក់ លីប៊ី និងនៅក្នុងប្រទេសស៊ីរី។»

«តែក្រុមមេដឹកនាំ (ស្ថាប័នកីឡាអន្តរជាតិ) ទាំងនោះ បានសំដែងការខឹងសម្បារខ្លាំងណាស់ នៅពេលដែលប្រទេសរ៉ុស្ស៊ី បានសម្រេចចិត្តការពារ តំបន់”Donbass” និង”Lougansk” (តំបន់ខាងកើតប្រទេសអ៊ុយក្រែន) ពីកណ្ដាប់ដៃរបស់ក្រុម ណាហ្ស៊ី។»

«ស្ត្រីកំណាន់»របស់លោក ពូទីន បានបន្តព្រមានថា៖

«ប្រទេសរ៉ុស្ស៊ី ធ្លាប់ជា កំពុងជា និងនៅជា មហាអំណាចកីឡា ដ៏ធំមួយ។ អញ្ចឹងពួកអ្នកឯង មិនអាចធ្វើអ្វីយើងបានឡើយ។»

ជាលក្ខណៈផ្លូវការ ប្រធានាធិបតីរ៉ុស្ស៊ី គឺជាបុរសខ្លួនមួយ បន្ទាប់ពីលោកបានលែងលះ ក្នុងឆ្នាំ២០១៤ ពីអ្នកស្រី «Lioudmila Chkrebneva» ភរិយាមុនរបស់លោក។ ក្នុងចំណងអាពាហ៍ពិពាហ៍នោះ លោក ពូទីន មានកូនស្រីពីរនាក់ (អាយុ៣៦ និង៣៥ឆ្នាំ)៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។