បាល់ទាត់

ណីម៉ា សម្រេចបន្តនៅជាមួយក្រុម ប៉ារីស

បន្ទាប់ពីឆ្លងកាត់សង្គ្រាមប៉ាកកា អស់រយៈពេលជាច្រើនសប្ដាហ៍ ជុំវិញការវិលត្រឡប់ទៅក្រុម បាសឺឡូន (Barcelone FC) វិញនោះ នៅខណៈនេះ កីឡាករ ណីម៉ា ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ បានសម្រេចបន្តនៅ ជាមួយក្រុម ប៉ារីស (Paris Saint Germain – PSG) សម្រាប់រដូវកាល ឆ្នាំ២០១៩-២០២០។

សារព័ត៌មានបារាំង «L’Equipe» ដែលមានជំនាញខាងកីឡា បានធ្វើសេចក្ដីរាយការណ៍ កាលពីយប់ម្សិលមិញថា គឺកំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល ដែលបានប្រកាសប្រាប់មនុស្សនៅជុំវិញ អំពីការសម្រេចរបស់ខ្លួន និងស្នើឲ្យពួកគេបញ្ឈប់រាល់ការចរចា។

ភាគីរបស់កីឡាករ ណីម៉ា ដែលត្រៀមបន្ថែមប្រាក់ ២០លានអ៊ឺរ៉ូ ចូលក្នុងកិច្ចពិភាក្សា ដើម្បីផ្ទេររូបខ្លួន ពីក្រុម ប៉ារីស ត្រឡប់ទៅក្រុម បាសឺឡូន វិញនោះ ក៏បានបញ្ជាក់ប្រាប់ក្រុមបាល់ទាត់ទាំងសងខាង ឲ្យដឹងពីដំណឹងខាងលើ ហើយថាកីឡាករ នឹងបន្តនៅទាត់ឲ្យក្រុម ប៉ារីស មួយរដូវកាលទៀត។

យ៉ាងណា គេមិនទាន់ឃើញក្រុម ប៉ារីស បញ្ចេញប្រតិកម្ម ឬសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការនៅឡើយ អំពីដំណឹងមួយនេះ។

ក្នុងចុងរដូវកាលកន្លងមក កីឡាករ ណីម៉ា បានប្រកាសប្រាប់ក្រុម ប៉ារីស ដែលបានទិញខ្លួនពីក្រុម បាសឺឡូន អស់ថ្លៃ២២២លានអ៊ឺរ៉ូ កាលពីឆ្នាំ២០១៧ អំពីបំណងចាកចេញពីក្រុម និងចង់ត្រឡប់ទៅលេង ក្នុងប្រទេស អេស្ប៉ាញ វិញ។

ប៉ុន្តែតម្លៃខ្លួនដ៏ខ្ពស់ របស់កីឡាករ មិនអនុញ្ញាតឱ្យក្រុម បាសឺឡូន ឬក្រុមណាមួយផ្សេង អាចមានលទ្ធភាពចំណាយ ក្នុងមួយពព្រិចភ្នែក ដើម្បីទិញយកកីឡាករឡើយ។ ហើយការចរចា ដើម្បីឲ្យមានការដោះដូរ ជាមួយកីឡាករផ្សេងទៀត (បូកបន្ថែមដោយប្រាក់រាប់លាន) គឺជាចំណោទដ៏ចាក់ស្រេះ រកការសម្រុះសម្រួល ពីគ្រប់ភាគីមិនបាន ខណៈកាលកំណត់ នៃការផ្ទេរកីឡាករ នឹងត្រូវបិទទ្វារជាផ្លូវការ នៅថ្ងៃទី៣ ខែកញ្ញា ខានស្អែកនេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។