ប្រណាំងយាន

កាំជ្រួច​លើ​វាលរាប ៖ កីឡាករ​បារាំង​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ដ៏រន្ធត់

រូបភាពមានលក្ខណៈ គួរឲ្យព្រឺព្រួចណាស់! ហេតុការណ៍បានកើតឡើង នារសៀលថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងការប្រណាំង«កាំជ្រួច​លើ​វាលរាប F2» ដើម្បីដណ្ដើមពានរង្វាន់ នៃប្រទេសប៊ែលហ្សិក។

ការប្រកួតក្នុងជុំនោះ ត្រូវបានផ្អាក បន្ទាប់ពីយានប្រណាំងចំនួន៣ បានប៉ះនិងបុកគ្នា ជាបន្តបន្ទាប់ ជាមួយនឹងល្បឿនលឿន ដូចកាំជ្រួចហោះ (មើលក្នុងរូបភាពខាងក្រោម)។ កីឡាករបីនាក់ ដែលជាអ្នកកាន់ចង្កូត បានរងគ្រោះថ្នាក់ ក្នុងនោះកីឡាករពីរនាក់ (អាមេរិកកាំង និងបារាំង) បានរងរបួសធ្ងន់ (បាក់ជើង) តែបានរួចរស់ជីវិត ខណៈកីឡាករបារាំងម្នាក់ទៀត បានទទួលមរណភាព។

កីឡាករបារាំង ដែលបានស្លាប់ ឈ្មោះ «Anthoine Hubert» អាយុ២២ឆ្នាំ និងធ្លាប់លើកពានរង្វាន់ នៃការប្រកួតធំៗ បានពីរដង៖ ម្ដងនៅក្នុងប្រទេសម៉ូណាកូ និងម្ដងទៀត នៅក្នុងប្រទេសបារាំង។

នៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់ យានកាំជ្រួច «F2» របស់កីឡាករ «Anthoine Hubert» ត្រូវបានបំបាក់ ជាច្រើនបំណែក។ ក្រុមអ្នកជួយសង្គ្រោះ បានធ្វើអន្តរាគមន៍ភ្លាមៗ តែមិនអាចជួយជីវិត របស់កីឡាករខាងលើបានទេ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។