បារាំង

ចាក់មនុស្សនៅលីយ៉ុង៖ ជនសង្ស័យ​ថាបាន​ទទួល​បញ្ជា​ពី​«សម្លេងអរូបី»

ជនសង្ស័យកាន់កាំបិត ដើរចាក់មនុស្ស ក្នុងក្រុង វីឡឺបាន (Villeurbanne – ជាយក្រុង លីយ៉ុង ភាគខាងត្បូងបារាំង) បានឆ្លើយប្រាប់អ្នកស៊ើបអង្កេត ថានៅពេលកើតហេតុនោះ ខ្លួនបានស្ដាប់ឮ«សម្លេងអរូបី» ដែលបញ្ជាឲ្យសម្លាប់មនុស្ស។

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហាម្សិលមិញ វេលារសៀល ម៉ោងប្រមាណជាង១៦។ ប្រដាប់ដោយកាំបិតមួយ នៅក្នុងដៃ ជនសង្ស័យបានធ្វើសកម្មភាព ដើរចាក់មនុស្ស ពីម្នាក់បន្តទៅម្នាក់ នៅខាងមុខស្ថានីយរថភ្លើង «Laurent Bonnevay»។ ជនរងគ្រោះម្នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀត បានរងរបួស (ក្នុងនោះ បីនាក់របួសធ្ងន់)។

លោក «Nicolas Jacquet» រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំនៅក្រុង លីយ៉ុង បានលើកយកចម្លើយសារភាព របស់ជនសង្ស័យ មកបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១ ខែកញ្ញានេះ ដោយអះអាងថា ជនសង្ស័យកំពុងស្ថិត ក្រោមការត្រួតពិនិត្យ ផ្នែករោគចិត្ត ពីសំណាក់អ្នកជំនាញ។

លោករដ្ឋអាជ្ញាថា ជនសង្ស័យដែលគេស្គាល់ថា ជាជនជាតិអាហ្វហ្គានីស្តង់ អាយុជាង៣០ឆ្នាំ បានទទួលស្គាល់ទង្វើខ្លួនមួយភាគ និងបានថ្លែងទម្លាក់កំហុស ទៅលើ«សម្លេងអរូបី» ដែលបុរសរូបនេះអះអាងថា បានស្ដាប់ឮ។

លោក «Nicolas Jacquet» ថ្លែងថា៖

«ការលើកឡើង របស់ជនសង្ស័យ មានលក្ខណៈមិនគួរឲ្យជឿ និងមិនទំនង ដោយអះអាងថា ខ្លួនបានស្ដាប់ឮសម្លេងអរូបិ ដែលជេរប្រមាថ ដល់ព្រះជាម្ចាស់ និងបញ្ជាឲ្យខ្លួន ត្រូវសម្លាប់មនុស្ស។»

លោករដ្ឋអាជ្ញាបន្តថា អ្នកស៊ើបអង្កេតបានរកឃើញថា នៅមុនធ្វើសកម្មភាព ជនសង្ស័យបានស្ថិតក្រោមឥទ្ធិពល នៃសារធាតុញៀនស្រវឹង​យ៉ាងក្រាស់ក្រែល (ជក់កញ្ឆា)។ លោកបានស្រងសំដីជនសង្ស័យ មកបញ្ជាក់បន្តថា៖

«ជននេះបានគិតទៀតថា ខ្លួនបានស្គាល់ជនរងគ្រោះដំបូងគេម្នាក់ ដែលជនសង្ស័យថា ធ្លាប់មានរឿងរ៉ាវជាមួយ កាលពីពេលខ្លួនរស់នៅ ក្នុងប្រទេសអង់គ្លេស ពីប៉ុន្មានឆ្នាំមុន។»

អាជ្ញាធរបានរកឃើញថា ជនសង្ស័យមានអត្តសញ្ញាណចំនួនពីរ និងមានថ្ងៃខែឆ្នាំកំណើតចំនួន៣ ដែលធ្វើឲ្យជននេះមានអាយុ ៣៣ឆ្នាំ​ ៣១ឆ្នាំ និង២៧ឆ្នាំ។ បុរសជាតិអាហ្វហ្គានីស្ដង់ បានចូលមកប្រទេសបារាំង កាលពីវ័យជំទង់ម្ដងហើយ និងបានត្រឡប់ចូលមករស់នៅ សារជាថ្មី ចាប់ពីខែមិថុនា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។