បាល់ទាត់

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង បន្ទាប់ពីក្រុមមាន់គកបារាំង បានប្រកួតចាញ់ក្រុមអាហ្សង់ទីន ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២។

នៅក្រោយការលួងលោម-លើកទឹកចិត្តនោះ លោកប្រធានាធិបតី​បានថ្លែងទៅកាន់​អ្នកសារព័ត៌មានថា៖

«អឹមបាពេ ជាកីឡាករដ៏ចំណានអស្ចារ្យម្នាក់ និងមានវ័យក្មេងនៅឡើយ។ ខ្ញុំបាននិយាយជាមួយ អឹមបាពេ ថា អ្នកទើបតែមានអាយុ២៤ឆ្នាំ (តាមពិត ២៣ឆ្នាំ) ប៉ុណ្ណោះ តែអ្នកឯងបានក្លាយ ជាកីឡាករទាត់បាល់​បញ្ចូលទី បានច្រើនជាងគេបង្អស់ នៅក្នុងព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​លើកនេះ។ អ្នកបានឈ្នះពានរង្វាន់ម្ដងហើយ (នៅឆ្នាំ២០១៨) ហើយនៅឆ្នាំនេះ អ្នកបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ។»

លោក ម៉ាក្រុង បន្តថា៖

«ខ្ញុំក៏មានការខកចិត្ត ដូចគ្នាអញ្ចឹងដែរ។ ខ្ញុំបាននិយាយទៀតថា អ្នកឯងបានផ្ដល់មោទនភាពខ្លាំងក្លាណាស់ សម្រាប់យើង (ប្រទេសបារាំង) ហើយនៅចុងក្រោយ អ្នកឯងគ្រាន់តែចាញ់ការប្រកួតបាល់ទាត់ មួយប្រកួតប៉ុណ្ណោះ។ អញ្ចឹង វាមិនមានអ្វីជាធំដុំទេ តែវាជាកីឡា ដែលតម្រូវឲ្យមានការចាញ់ និងឈ្នះ។»  

ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ កីឡាករល្បឿនផ្លេកបន្ទោរ ឬហៅថា«អណ្ដើកទេព» រកបានគ្រាប់បាល់៨គ្រាប់ លើសកីឡាករម្ចាស់បាល់មាស៧ជំនាន់ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលរកបានត្រឹមតែ៧គ្រាប់។ ជាពិសេស កីឡាករ អឹមបាពេ ថែមទាំងបំបាក់ឯកត្តកម្ម នៃកីឡាករដែលរកគ្រាប់បាល់ បានច្រើនជាងគេ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដោយរកបានគ្រាប់បាល់លើកនេះ បានដល់ទៅ៣គ្រាប់តែឯង ខណៈកីឡាករ ម៉េស៊ី រកបាន២គ្រាប់៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។