បាល់ទាត់

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២

នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ រយៈពេល៩០នាទីដំបូង ក្រុមបារាំងត្រូវបានក្រុមជម្រើសជាតិអាហ្សង់ទីន នាំមុខ២គ្រាប់ តាំងពីពាក់កណ្ដាលម៉ោងដំបូង តែក្រុមមាន់គករកបានគ្រាប់បាល់ស្មើមកវិញ នៅរវាង១០នាទីចុងក្រោយ (២-២)។

ពីរគ្រាប់របស់ក្រុមអាហ្សង់ទីន ឬហៅថា ក្រុម«La Albiceleste» រកបានដំបូង ដោយកីឡាករ​ម្ចាស់បាល់មាស៧ជំនាន់ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នៅនាទីទី២៣ (គ្រាប់បាល់ពិន័យ១១ម៉ែត្រ) និងមួយគ្រាប់ទៀត ដោយកីឡាករ អង់ហែល ឌីម៉ារីយ៉ា (Angel Di Maria) នៅនាទីទី៣៦។

ខណៈគ្រាប់ស្មើរបស់ក្រុមបារាំង រកបានទាំងពីរគ្រាប់ ដោយកីឡាករល្បឿនផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អឹមបាពេ (Kylian Mbappé) នៅនាទីទី៨០ និងទី៨១។

ឈានមកដល់វគ្គបន្ថែមម៉ោង ១៥+១៥នាទី កីឡាករ ម៉េស៊ី រកគ្រាប់បាល់ឲ្យប្រទេសអាហ្សង់ទីនជាថ្មីទៀត នៅនាទីទី១០៩ (៩០+១៥+៤៩នាទី) តែត្រូវខ្សែប្រយុទ្ធបារាំងដដែល កីឡាករ អឹមបាពេ រកបានស្មើមកវិញ (៣-៣) នៅនាទីទី១១៨ (៩០+១៥+១៣នាទី)។

ភាពមិនឈ្នះមិនចាញ់ (៣-៣) តម្រូវឲ្យការប្រកួត ត្រូវឈានដល់វគ្គទាត់បាល់កាត់សេចក្ដី ដោយក្រុមម្ខាងៗត្រូវទាត់បាល់ចំនួន៥គ្រាប់។ ក្នុងវគ្គនេះ គ្រាប់បាល់មួយគ្រាប់ របស់កីឡាករបារាំង ត្រូវអ្នកចាំទីអាហ្សង់ទីន កីឡាករ អេមីលីយ៉ាណូ ម៉ាទីណេស (Emiliano Martínez) ទះចេញ និងមួយគ្រាប់ទៀត របស់កីឡាករបារាំង ត្រូវបានទាត់ខុសប្រអប់ទី។ ផ្ទុយទៅវិញ ៤គ្រាប់បាល់ របស់ក្រុមអាហ្សង់ទីន ត្រូវបានទាត់ចូលទី របស់ក្រុមបារាំងទាំងអស់។

លទ្ធផលនៃការទាត់បាល់កាត់សេចក្ដី ៤-២ បានធ្វើឲ្យក្រុមអាហ្សង់ទីន ឈ្នះការប្រកួតផ្ដាច់ព្រ័ត្រ និងសម្រេច លើកពាន​ជាលើកទី៣ បន្ទាប់ពីឈ្នះពានពីរដងមុន ក្នុងឆ្នាំ១៩៧៨ និងក្នុងឆ្នាំ១៩៨៦។

ជ័យជំនះរបស់ក្រុម «La Albiceleste» ក៏ជាលទ្ធផលដ៏អន្ទះសារ របស់កីឡាករអាយុ៣៥ឆ្នាំ និងជាម្ចាស់បាល់មាស៧ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី ដែរ។ ក្នុងនាមជាកីឡាករបាល់ទាត់ ដ៏កំពូលរបស់ពិភពលោក នាសម័យកាលនេះ កីឡាករ ម៉េស៊ី មានបំណងយ៉ាងខ្លាំងក្លា ក្នុងការលើកពានពិភពលោក យ៉ាងហោចមួយដង សម្រាប់មាតុប្រទេសរបស់ខ្លួន (អាហ្សង់ទីន)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។